ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​ជំរុញ​ឲ្យ​មន្ត្រី​គយ​រឹត​បន្តឹង​ការ​នាំចូល​ទំនិញ​ឬ​ទូរសព្ទ​គ្មាន​ពន្ធ​តាម​ច្រក​ព្រំដែន


រូបឯកសារ៖ ប៉ូលិស​ចរាចរណ៍​​​ ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រីករាតដ្បាត​នៃ​ជំងឺ​កូវីដ១៩​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)
រូបឯកសារ៖ ប៉ូលិស​ចរាចរណ៍​​​ ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រីករាតដ្បាត​នៃ​ជំងឺ​កូវីដ១៩​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)

ខណៈ​ពលរដ្ឋរិះគន់ ​និង​ងឿង​ឆ្ងល់​ចំពោះ​សកម្មភាព​មន្ត្រី​គយដែល​ចុះរឹបអូស​ទូរសព្ទ​តាមហាង​មួយចំនួន​ក្នុងខេត្ត​ត្បូងឃ្មុំ​ ​អ្នក​តាម​ដានជំរុញ​ឲ្យ​មន្ត្រី​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យទំនិញនានា​ដែល​នាំចូល​តាម​ច្រក​ព្រំដែន​ ជា​ជាងប្រើ​វិធាន​ការ​ចុះបង្ក្រាប​ ​ដែល​បានបង្ក​ការរំខាន​ខ្លាំង​ដល់​អាជីវករ ក៏​ដូចជាប៉ះពាល់​សតិ​អារម្មណ៍​ពលរដ្ឋ និង​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុងស្រុក។

កាល​ពី​ពេល​ថ្មី​ៗ​នេះ មន្ត្រីគយ​តំបន់​៦​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចុះ ​ឆែកឆេរ​ ​និង​ចាប់​យក​ទូរសព្ទ​ជាង ​១.០០០​គឿង ពីហាង​ទូរសព្ទមួយ​ចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​សកម្មភាព​កម្រ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​

សហ​ស្ថាបនិក​គណ​បក្ស​កែ​ទម្រង់​កម្ពុជា​ និង​ជាអតីត​តំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ូ ច័ន្ទរ័ត្ន យល់​ឃើញ​ថា ​ការ​រឹប​អូស​ទូរសព្ទ​ពី​ហាង​ទូរសព្ទ​មួយ​ចំនួន​នៅ​ខេត្ត​ត្បូងឃ្មុំ​នោះ​ ហាក់​ធ្វើ​បាប​អាជីវក​រតូច​តាច ​ដោយ​សារ​មន្ត្រី​ មិន​បានជូនដំណឹង​អំពី​ការ​អនុវត្ត​ការងារ ឬ​ណែនាំ​ឲ្យអាជីវករ​ចូល​រួម​សហការ​បង់​ពន្ធ​បែប​ណា​នោះទេ។

បើ​តាមអតីត​តំណាង​រាស្ត្រ​រូប​នេះ​ មន្ត្រីគយ ​ត្រូវ​តែត្រួត​ពិនិត្យ​ទំនិញ​ខុស​ច្បាប់ ​ឬ​ទំនិញ​គេច​ពន្ធ​ដែលនាំ​ចូល​តាម​ច្រក​ព្រំដែន​ ដែល​នៅ​ជាប់ប្រទេស​ជិត​ខាង​ឲ្យ​បាន​តឹងរ៉ឹង​ ហើយ​មន្ត្រី​មិនគួរ​ចុះចាប់​ ​ដក​ហូត​ទូរសព្ទ ​ឬ​ទំនិញ​ផ្សេង​ៗ​តាម​តូប ​ឬ​តាម​ផ្សារ​ រួច​តម្រូវ​ឲ្យ​អាជីវករ​ ​ជាអ្នក​ទទួល​បន្ទុក​បង់​ពន្ធ​នោះ​ឡើយ​។

លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទនេះ​ថា​៖ ​«​ជាទូទៅ​មុន​នាំ​ចូល​ដល់ប្រទេស​កម្ពុជា វា​ត្រូវ​ចូល​តាម​ច្រក​ណាមួយ​ ហេតុអ្វី​បានជា​គយ​ទាំងអស់​នោះ ​មិន​មាន​វិធាន​ការ​ ​មិន​ពិនិត្យ​មើល​ច្រក​ចូល​មួយ​ណា អាច​នាំចូល​បាន​នោះ​។ ​ហើយ​គេច​ពន្ធ​មក​ [បែរ​]មក​ជាប់​អ្នក​លក់​ដូរ​តាម​តូប ​តាម​ផ្សារ​នេះ ត្រូវ​ទទួល​កាតព្វ​កិច្ច​ជាអ្នក​បង់​ពន្ធ​វិញ ខ្ញុំ​មើល​ទៅ​វា​ហាក់បី​ដូចជា​មិនត្រឹមត្រូវ ​សោះ​ហ្មង»​។

ទោះជា​យ៉ាងណា​លោក​ថា ប្រសិន​បើស្ថាប័ន​គយ ​ចង់អនុវត្ត​ការ​ប្រមូល​ពន្ធ​គយ​ ​ក៏​ត្រូវ​ទុករ​យៈ​ពេលយ៉ាង​ហោច​ណាស់​១​ឆ្នាំ ​ក្នុងការ​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ ​និង​អាជីវករ​បាន​ដឹង ​និង​ត្រៀម​ខ្លួន​ជាមុន​ ដើម្បី​កុំឲ្យប៉ះពាល់​សតិ​អារម្មណ៍​ និង​ប៉ះពាល់​សេដ្ឋកិច្ចគ្រួសារ​របស់​ពល​រដ្ឋ​ ដែល​ពិបាក​ទទួល​យក​បាន ​ដូច​ករណី​នេះ​។

លោក​បន្ថែម​ថា​៖ ​«ខ្ញុំគិតថា ​បើសិន​ជា​នៅ​មាន​បញ្ហា​បែបហ្នឹង​ វិធានការ​បែបហ្នឹង មិនមែនត្រឹមតែ​អ្នក​លក់​ដូរ​ទូរសព្ទ ធ្វើឲ្យ​អ្នកលក់​ដូរ​ទាំង​អស់​ មិនត្រឹម​តែ​ទូរសព្ទ​ទេ អាច​រឿង​ផ្សេងៗ​ទៀត មាន​ការ​ភ័យ​ខ្លាច»​។

ជុំវិញ​ការ​រឹប​អូស​ទូរសព្ទ​ដៃ​ក្នុង​ស្រុក​មេមត់ ​ខេត្ត​ត្បូង​ឃ្មុំ​នោះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បាន​ចេញ​សេច​ក្តី​បំភ្លឺ​ កាល​ពីថ្ងៃទី​ ៣១ ខែ​ឧសភា​ថា ​ក្នុង​ប្រតិបត្តិការ​នោះ ​កម្លាំង​ចម្រុះ ​ដែលរួមមាន​ការិយា​ល័យ​ស្រាវជ្រាវ​ និង​បង្ក្រាប​អំពើរត់ពន្ធតំបន់​៦ មន្ត្រី​កង​រាជអាវុធហត្ថ ​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរ​បាល ​និង​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ត្បួងឃ្មុំ ​បានចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ដ្ឋាន​ចំនួន​៥​ទីតាំង និង​ចាប់​ឃាត់​បាន​ទំនិញ​ល្មើស​ច្បាប់​គយ រួមមាន​ ទូរសព្ទ ​ប្រេងម៉ាស៊ីន និង​គ្រឿង​អគ្គីសនី​មួយ​ចំនួន​។

សេច​ក្តី​បំភ្លឺនោះបន្ថែមថា៖ ​«ជាក់​ស្តែង​ នាពេល​ចុះ​ធ្វើ​អនុ​លោម​ភាព​នៅតាម​ទីតាំង​អាជីវកម្ម​ដ្ឋាន​ខាងលើ​ មន្ត្រី​គយនិងរដ្ឋាករមាន​សមត្ថ​កិច្ច​ពិនិត្យ​ឃើញថា​ ទូរសព្ទ​ស្មាតហ្វូនថ្មីចំនួន​៣៥៦គ្រឿង ​និង​ទូរសព្ទ​ប្រើរួច​ចំនួន​ ៩៥៥​គ្រឿង ពុំ​មាន​បិទត្រា​ពន្ធ​គយ​ និង​ពុំមាន​ឯកសារ​បញ្ជាក់ពី​ប្រភព​ស្រប​ច្បាប់​»។

​បើតាម​សេចក្តី​បំភ្លឺ​ដដែល​នោះ ​ទូរសព្ទ​ទាំងនោះ ​ត្រូវ​បានរ​ក្សាទុក​ជាបណ្តោះ​អាសន្ន​នៅ​ទីតាំង​ឈរ​ជើង​របស់​ការិយាល័យ​ស្រាវជ្រាវ និងបង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៦។ ចំពោះ​ទូរសព្ទ​ប្រើរួច​ដែល​ត្រូវ​បាន​រកឃើញ​ថា​ជា​ទំនិញ​ទិញដូរ​ក្នុងស្រុក​នោះ​ អង្គភាព​គយ​ និង​រដ្ឋាករ​មាន​សមត្ថកិច្ច​នឹង​ប្រគល់​ជូន​ម្ចាស់​វិញ​។

​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លោក ​សន ជ័យ ​សង្កេត​ឃើញ​ថា ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សម្តែងមតិ​តាមបណ្តាញសង្គម​អំពី​កា​តព្វ​កិច្ច​បង់​ពន្ធ​ដោយ​ក្រុមហ៊ុន​នាំចូល​ទូរសព្ទ​ ដែល​មិនតម្រូវ​ឲ្យ​អាជីវករ​ដែលយក​ទៅ​លក់​បន្ត​ជា​អ្នក​បង់​ពន្ធ​នោះ​ទេ។ ​

លោក​ប្រាប់​វីអូអេ​ថា​៖​ «ហើយ​រឿង​ប្រហាក់​ប្រហែល​គ្នា ដូចជា​រឿងរថ​យន្ត​អ៊ីចឹង មកចាប់​រថយន្ត​អត់​បង់​ពន្ធ​នៅ​កណ្តាល​ប្រទេស ​ធ្វើមើល​តែ​រថយន្ត ឬ​ទូរសព្ទ​ហ្នឹង​ចេះ​ឈ្មុល​ដី ​មុជ​ទឹក​ចូល​ក្នុង​ប្រទេស​អ៊ីចឹង​»។

លោកបន្ថែមថា៖ ​«​ខ្ញុំចង់​ឃើញ​ការ​ប្រមូល​ពន្ធ​នៅក្នុងស្រុក គឺ​ជាការ​ងារមួយ ​ដែល​ទទួល​ខុស​ត្រូវរបស់ពន្ធដារ​ឲ្យ​បាន​ច្រើន​ ជាជាង​គយ​ចុះ​ទៅ​បង្ក្រាប ​ឲ្យ​មើល​ទៅ​ជាទម្រង់​បទល្មើស​ជាក់ស្តែង​អីជា​ដើម​អ៊ីចឹង​។ ​ខ្ញុំគិត​ថា​វា​មិនល្អ​មើល​ ហើយ​ក៏គេ​អាច​វាយ​តម្លៃទៅ​លើ​ចំណុច​ខ្វះខាត ចំណុច​ខ្សោយ​របស់​សមត្ថ​កិច្ច​គយ​នៅ​តាម​ព្រំដែន​ទាំង​ទឹក ​ទាំង​អាកាស និង​[ផ្លូវ]​គោកហ្នឹង​ដែរ»។ ​

អ្ន​ក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​លោក ​មាស សុខសេនសាន​ មិន​បាន​ឆ្លើយ​តប​ ទៅនឹង​សំនួរ​របស់​អ្នកសារព័ត៌មានសំឡេង​សហរដ្ឋអាមេរិក(វីអូអេ)​ ដោយ​លោក​គ្រាន់​តែ​ផ្ញើ​សេចក្តី​បំភ្លឺ​របស់​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជាដែល​ចុះថ្ងៃទី​៣១ ខែ​ឧសភា​នោះ មក​ឲ្យ​អ្នក​សារ​ព័ត៌​មាន។

ក្រោយ​មន្ត្រីគយ ​ចាប់​យក​ទូរសព្ទទាំង​នោះ ពលរដ្ឋ​បានវែកញែក​ច្រើននៅតាម​បណ្តាញ​សង្គម ដោយ​អ្នក​ខ្លះ​ចោទសួរ​អំពី​ការ​យក​ពន្ធ​ច្រើន​លើ​ទូរសព្ទ​ម៉ាក ​Nokia​ ចុច​ពិល​ ដែល​ស្ទើរ​តែ​ហួស​សម័យ​ទៅ​ហើយ។

រហូតមកដល់​ពេលនេះ គេមិន​ទាន់​ដឹង​នៅ​ឡើយទេ​ថា ​ទូរសព្ទ​Nokia​ចុចពិល​ ​ទូរ​សព្ទ​ស្មាត​ហ្វូន​ថ្មី​តម្លៃ​ក្រោម​៥០​ដុល្លារ​អាមេរិក​ និង​ទូរសព្ទ​ទិញដូរ​ក្នុង​ស្រុក ​តម្រូវ​ឲ្យបង់​ពន្ធ​ឬ​យ៉ាង​ណា​នោះ​ទេ​ ខណៈ​ក្រសួង​សេដ្ឋកិច្ច បាន​ចេញតារាង​សង្ខេប​ទំនិញ​ដែល​ត្រូវ​បិទត្រា​ពន្ធ​គយ​ រួម​មាន​«ទូរសព្ទ​ស្មាត​ហ្វូន​ថ្មី​តម្លៃពី​៥០ដុល្លារ​ឡើង» និង​ទំនិញ​ផ្សេង​ទៀត ដូចជា​ស្រាបៀរ ​ភេសជ្ជៈ​ជាដើម។​

ម្ចាស់​ហាង​ទូរសព្ទ​ម្នាក់នៅ​ស្រុក​មេមត់ ​ដែល​ទូរសព្ទ​ចម្រុះ​ចំនួន​៦៤២​គ្រឿង ​ត្រូវបាន​មន្រ្តី​គយ​តំបន់៦​ ចុះ​ចាប់យក​កាលពីថ្ងៃទី​៣០​ខែឧសភា លោក ​ធី វុត្ថា ​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ​ថា ​រហូត​មក​ដល់​ថ្ងៃចន្ទ​នេះ ​លោក​មិនទាន់​ទទួល​បាន​ទូរសព្ទ​ ដែល​គយ​បាន​រឹបអូស​យក​ទៅនោះ​ទេ។​

បើតាម​លោក​លោក ​ធី វុត្ថា ទូរ​សព្ទ​ជាង​៦០០​គ្រឿងនោះ គឺ​មាន​ទាំង​ទូរសព្ទ​ដែល​លោក​ទិញ​ពី​ក្រុមហ៊ុន​ទូរសព្ទ ​ទិញ​ពី​រាជធានី​ភ្នំពេញ​យក​ទៅលក់បន្ត​ និង​ទិញពីប្រជា​ពលរដ្ឋ​ក្នុងស្រុក​ដែល​ដោះដូរ​សេរ៊ី​ទូរសព្ទ​ជាដើម​។

អាជីវករ​រូបនេះ​បានបន្ថែមថា​ ​ក្នុង​រយៈ​ពេល ​១០ឆ្នាំ ដែល​លោក​ប្រកប​របរលក់ទូរសព្ទនេះ ​លោក​មិនធ្លាប់​ដឹងថា អាជីវករលក់​ដូរ​ទូរសព្ទតម្រូវ​ឲ្យ​បង់ពន្ធគយ​នោះទេ ដោយ​សារសមត្ថកិច្ចមិនបាន​ផ្សព្វផ្សាយ​ឲ្យលោក និង​ពលរដ្ឋ​ផ្សេង​ទៀត​បាន​ដឹង​ ហើយ​ថា ​នេះ​ជាលើក​ទី១ដែល​លោក​បាន​ឃើញ​មន្ត្រី​គយ​ចុះមក​ចាប់​យក​ទូរសព្ទ​ដាក់​តាំង​លក់​តាម​ហាង​លក់ទូរសព្ទ​។

លោកប្រាប់វីអូអេថា៖ ​«យើងជាអាជីវករលក់ដូរតូចតាច​ក្នុងស្រុកអ៊ីចឹង​ទៅ យើង​ទិញ​ពីក្រុមហ៊ុន​ អ៊ីចឹង​ក្រុមហ៊ុន​គាត់អ្នកផ្ញើ​អ៊ីវ៉ាន់​មកហើយ យើង​អ៊ីចឹង​ត្រង់ពន្ធបង់មិនបង់​ យើងមិនដឹងទេបង​»។

លោកស្នើ​ឲ្យ​មន្ត្រី​គយ ប្រគល់​ទូរសព្ទ​ឲ្យ​លោកវិញ​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ខាង​ហិរញ្ញវត្ថុ ព្រោះ​លោក​ត្រូវ​បើក​ប្រាក់​ខែ​បុគ្គល​ចំនួន​២នាក់ ​បង់​ថ្លៃជួល​ផ្ទះ​ដែល​បើក​លក់​ទូរសព្ទ និង​បង់​ធនាគារ​ជាដើម។ ​លោក​បន្ថែមថា​ប្រសិន​បើរដ្ឋ​ប្រកាស​ឲ្យ​អាជីវករ​លក់​ទូរសព្ទ​នៅ​ទូទាំង​ប្រទេស ​បង់​ពន្ធគយបែប​នេះ លោកមិន​ស្ទាក់​ស្ទើរ​ក្នុងការ​អនុវត្ត​តាម​នោះទេ​។

ជុំវិញ​បញ្ហានេះ​ សារព័ត៌​មាន​ក្នុងស្រុក​មួយ​ចំនួន​ បាន​រាយ​ការណ៍​ថា ​ហាង​ទូរសព្ទ​មួយ​ចំនួនបន្ត​បិទ​ទ្វារ​ ​ឬ​ផ្អាក​រក​ស៊ី​ជា​បណ្តោះ​អាសន្ន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG