ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាល​កម្ពុជា​បង្កើន​ការ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នៅ​ទូទាំង​ប្រទេស


នគរបាលជាតិ​កំពុង​ចុះបង្ក្រាបសកម្មភាពក្មេងទំនើងនៅទូទាំងប្រទេសកម្ពុជា ខណៈអំពើហិង្សាក្នុង​ចំណោម​យុវជន​កំពុង​ក្លាយជាក្តីព្រួយបារម្ភដល់សន្តិសុខ​សង្គម។ (Courtesy photo of General Commissariat National Police)
នគរបាលជាតិ​កំពុង​ចុះបង្ក្រាបសកម្មភាពក្មេងទំនើងនៅទូទាំងប្រទេសកម្ពុជា ខណៈអំពើហិង្សាក្នុង​ចំណោម​យុវជន​កំពុង​ក្លាយជាក្តីព្រួយបារម្ភដល់សន្តិសុខ​សង្គម។ (Courtesy photo of General Commissariat National Police)

អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ គ្រប់​រាជធានី​ខេត្ត​ក្រុង​បាន​ចាប់​ផ្តើម​បង្កើន​ការ​ចុះបង្រ្កាប​ក្រុម​ក្មេង​ទំនើង​ជា​បន្តបន្ទាប់ ក្រោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ចេញ​បញ្ជា​ឱ្យពិនិត្យ​មើល​ក្រុម​ក្មេង​ទំនើង ដោយ​មិន​មាន​ការ​លើក​លែង​ឡើយ។

កាល​ពី​ថ្ងៃទី​ ២៣ ខែ​ឧសភា​ ឆ្នាំ​ ២០២៤ លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យអភិបាល​ខេត្ត​ទូទាំង​ប្រទេស​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​រឹត​បន្តឹង​វិធាន​ការ​ចំពោះ​ក្រុម​ក្មេង​ទំនើង​ដែល​ធ្វើ​សកម្មភាព​ខុស​ប្រក្រតី។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «ត្រូវ​ធ្វើ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ចំពោះ​ក្រុម​ក្មេង​ទំនើង​ទាំង​វិធាន​ការ​រដ្ឋបាល​នៅ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ ទាំង​វិធាន​ការ​អនុវត្តច្បាប់​ដោយ​គ្មាន​ការ​បន្ធូរ​បន្ថយ​ ដោយ​គ្មាន​ការ​លើក​លែង ដើម្បី​ការពារ​សណ្តាប់​ធ្នាប់​សាធារណៈ​ សន្តិសុខ​សង្គម»។

លោក ហ៊ុន ម៉ាណែត បន្ត​ថា ​ក្រុម​ក្មេង​ទំនើង​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​កើន​ឡើង ជា​ពិសេស​គឺ​ការ​ប្រើ​ប្រាស់​ដាវ​កាប់​ចាក់ និង​គ្រឿង​ញៀន​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សង្គម និង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ។

លោក ទូច សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​វិធាន​ការ​ចុះ​បង្រ្កាប និង​បង្ការ​ក្រុម​ក្មេង​ទំនើង​នេះ កម្លាំង​នគរបាល​បាន​អនុវត្ត​តាំង​ពី​ដើម​មក ប៉ុន្តែ​ក្រោយ​ពី​មាន​បទ​បញ្ជា​របស់​នាយក​រដ្ឋមន្រ្តី កម្លាំង​សមត្ថកិច្ច​នឹង​បន្ត​ពង្រឹង​ការ​ត្រួត​ពិនិត្យ និង​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង។

ក្នុង​រយៈ​ពេល ​ ៥​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី ២៣ ​ដល់​ថ្ងៃ​ទី​ ២៧ ឧសភា ឆ្នាំ ​២០២៤ អាជ្ញាធរ​នៅ​គ្រប់​រាជធានី​ខេត្ត​ក្រុង​បាន​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បាន​សរុប​ចំនួន​ ១៥៩ ​នាក់​នៅ​ក្នុង​ ៤៩ ករណី។ ក្នុង​នោះ កម្លាំង​រាជ​ធានី​ភ្នំពេញ​ចុះ​បង្រ្កាប​បាន​ច្រើន​ជាង​បណ្តា​ខេត្ត​ផ្សេង​ៗ ដែល​ភាគ​ច្រើន​ត្រូវ​បាន​រកឃើញ​ថា​ពួកគេពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន។ នេះ​បើ​តាម​លោក ទូច សុខៈ។

លោក​បញ្ជាក់​ថា៖ «បើ​យើង​ធៀប​ជាមួយ​នឹង​រាជ​ធានី​ខេត្ត គឺ​រាជ​ធានី​ភ្នំពេញ​ គឺ​ថា​ មាន​សកម្មភាព​អវិជ្ជ​មាន​ហ្នឹង​ច្រើន ដោយ​សារ​តែ​យើង​ដឹង​ទាំង​អស់​គ្នា​ថា​គឺ​ជា​បណ្តុំ​នៃ​ប្រជាពលរដ្ឋ​ផង ជា​បណ្តុំ​នៃ​គេ​ហៅ​ថា​ទី​ដ្ឋាន​សប្បាយ ឬ​ក៏​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​ផ្សេង​ៗ​ច្រើន វា​ចម្រុះ​គ្នា​ដូច្នេះ​សកម្ម​ភាព​ហ្នឹង​វា​ច្រើន[...] ក្នុង​ចំណោម​អ្នក​ដែល​ចាប់​ខ្លួន​ទាំង​នោះ គឺ​មាន​ជាង៥០​ភាគ​រយ​ដែល​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន»។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ចុះ​បង្រ្កាប កម្លាំង​សមត្ថកិច្ច​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ដោយ​គិត​ទៅ​តាម​កម្រិត​ទោស​ដែល​ក្រុម​ក្មេង​ទំនើង​បាន​ធ្វើ។

លោក ទូច សុខៈ បញ្ជាក់​ថា​ប្រសិន​បើ​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​មិន​បាន​ធ្វើ​សកម្មភាព​ប៉ះ​ពាល់​ដល់​សង្គម ឬ​ក្នុង​កម្រិត​ស្រាល សមត្ថកិច្ច​គ្រាន់​តែ​ពន្យល់​ណែនាំ និង​ដាក់​ពិន័យ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​ប្រព្រឹត្ត​ចូល​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ សមត្ថកិច្ច​នឹង​អនុវត្ត​តាម​ច្បាប់ ដោយ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

ចំណែក​អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់​វីអូអេ​ថា​ចាប់​ពី​ថ្ងៃ​ទី ២៣ ​ដល់​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ ​២០២៤ កម្លាំង​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ​បានបង្រ្កាប​ក្រុម​ក្មេង​ទំនើង​ចំនួន​ ១០ ​ករណី ដោយ​មាន​ក្មេង​ទំនើង​សរុប​ចំនួន​ ៤៥ ​នាក់។ លោក​បន្ថែម​ថា​សមត្ថកិច្ច​បាន​បញ្ជូន​សំណុំ​រឿងទាំង​នោះ​ទៅ​កាន់​តុលាការ ពាក់​ព័ន្ធ​នឹង​ករណី​ហិង្សា​និង​ការ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។

លោក​ថ្លែង​ថា៖ «អ្នក​ទាំង​ ៤៥ ​នាក់​នេះ ​គឺ​យើង​បាន​បញ្ជូន​គាត់​ទៅ​កាន់​តុលាការ អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​នោះ​ហើយ​ពាក់​ព័ន្ធ​នឹង​ករណី​ហិង្សា វាយ​កាប់​ចាក់​បង្ក​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ ការ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ជា​ដើម»។

បើ​យោង​តាម​គេហទំព័រ​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ សមត្ថកិច្ច​នៅ​តាម​បណ្តា​ខេត្ត​បាន​ចុះ​បង្រ្កាប​ករណី​ក្មេង​ទំនើង​ជា​បន្តបន្ទាប់។ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា នគរ​បាល​ខេត្ត​កោះកុង​បាន​បង្រ្កាប​ក្មេង​ទំនើង​ចំនួន​ ៣​ នាក់ ​ដែល​កាន់​កាំបិត​ផ្គាក់​ចំនួន ៣​ដើម ហើយ​បម្រុងនឹង​ធ្វើ​សកម្មភាព​ទៅ​លើ​ភាគី​ម្ខាង​ទៀត។ ចំណែក​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ កាល​ពី​ថ្ងៃ​ទី ​២៧ ខែ​ឧសភា បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​ចំនួន​ ១០ ​នាក់ ក្នុង​ស្រុក​មង្គល​បូរី ដោយ​ឃាត់​ខ្លួន​ក្មេង​ទំនើង​ ៤ ​នាក់ ប្រដាប់​ដោយ​ដំបង និង​កាំបិត​ចំនួន ​៥ ​ដើម។

អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង លោក អៀរ ប៊ុនធឿន ប្រាប់​វីអូអេថា​នគរបាល​បាន​ចាប់​ផ្តើម​ពង្រឹង​និង​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ក្មេង​ទំនើង ដោយ​ក្នុង​នោះ​កាល​ពី​យប់​ថ្ងៃ​ទី​ ២៥ ខែ​ឧសភា នគរ​បាល​បានឃាត់​ខ្លួនជន​សង្ស័យ​ចំនួន​ ៥ ​នាក់ នៅ​ក្នុងក្រុង​កំពង់​ឆ្នាំង។ លោក​បន្ថែម​ថា ​ក្រុម​ក្មេង​ទំនើងទាំង​នោះបាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ពាស​ពេញ​ផ្លូវ​ទាំង​កណ្តាល​យប់ ដោយ​ភ្ជាប់​ជាមួយ​ដាវ​វែង ១ ​និង​កណ្តៀវ​ ១។ លោក​បញ្ជាក់​ថា​ នគរបាល​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា​ក្រុម​ក្មេង​ទំនើង​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​កើន​ឡើង។ លោក​បន្ថែម​ថា​វា​ជា​រឿង​ល្អ​មួយ​ដែល​អាជ្ញាធររឹត​បន្តឹង និង​តាម​ដាន​ក្រុម​ក្មេង​ទំនើង ដើម្បី​ធានា​សណ្តាប់​ធ្នាប់​សង្គម និង​សុវត្ថិ​ភាព​របស់​ប្រជាពលរដ្ឋ។

ទោះជាយ៉ាងណា លោក​ថា​ការ​រឹតបន្តឹង​ការ​ចុះ​បង្រ្កាប​តែ​មួយ​មុខ​មិន​អាច​បោស​សម្អាត​ក្រុម​ក្មេង​ទំនើង​បាន​ ១០០​ភាគ​រយ​ឡើយ។ លោក​បញ្ជាក់​ថា ​ការ​រៀប​ចំ​បរិយា​កាស​សង្គម​ជា​ថ្មី និង​ការ​អប់រំ​ចេញ​ពី​ឪពុក​ម្តាយ​ជា​រឿង​សំខាន់​មួយ ដោយ​ក្នុង​នោះ​មាន​ការ​លុប​បំបាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង និង​ការ​បង្ហាត់​បង្រៀន​ណែនាំ​កូន​តាំង​ពី​កុមារ​កុំ​ឱ្យ​ប្រព្រឹត្តអំពើ​អបាយ​មុខ​ជាដើម។

លោក​ថ្លែង​ថា៖ «នាំ​គ្នា​ទៅ​មើល​តែ​លទ្ធផល​ចុង​ក្រោយ​ហើយ​ទៅ​បន្ទោស​គាត់​ហើយ​ទៅ​បង្រ្កាប​ ប៉ុន្តែ​វា​អត់​អាច​មាន​ប្រសិទ្ធភាព​បាន ​១០០​ភាគរយ​ទេ​បាទ។ លុះ​ត្រា​តែ​យើង​ចាប់​ផ្តើម​បង្ការ ការ​បង្ការ​ហ្នឹង គឺ​កុំ​ឱ្យ​វា​កើត​មាន​ដែរ​បាទ​ ការ​បង្ការ​ហ្នឹង​គឺ​យើង​ត្រូវ​តែ​រៀប​ចំ​បរិស្ថាន​សង្គម​ជុំវិញ​ហ្នឹង គឺ​ធ្វើ​ម៉េច​ឱ្យ​មនុស្ស​ហ្នឹង​ទៅ​រក​ផ្លូវ​ល្អ​ទៅ​រក​ផ្លូវ​ត្រឹម​ត្រូវ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG