ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​ដំណើរការ​រថភ្លើង​ល្បឿន​​លឿន​ទិញ​ពី​ជប៉ុន​ក្នុង​ពេល​ឆាប់ៗ


ទិដ្ឋភាព​នៃ​ការ​ដឹកជញ្ជូន​រថភ្លើងល្បឿនលឿនដែលក្រុមហ៊ុន Royal Railway Cambodia បានទិញពីប្រទេសជប៉ុន។ (Facebook / Royal Railway Cambodia)
ទិដ្ឋភាព​នៃ​ការ​ដឹកជញ្ជូន​រថភ្លើងល្បឿនលឿនដែលក្រុមហ៊ុន Royal Railway Cambodia បានទិញពីប្រទេសជប៉ុន។ (Facebook / Royal Railway Cambodia)

ក្រុម​ហ៊ុន ​Royal Railway Cambodia ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម័្ពន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ដែល​មាន​ឧកញ៉ា​ គិត ម៉េង ​ជា​ម្ចាស់ ​នឹង​ដាក់​ដំណើរ​ការ​រថភ្លើង​ដែល​ទិញ​ពី​ជប៉ុន​ ហើយ​មាន​ល្បឿន​លឿន​ជាង​មុន ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ​នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ​លោក ​ផន រឹម ​ដែល​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម នា​ថ្ងៃ​សុក្រ​នេះ។​

លោក ​ផន រឹម ​ថ្លែង​ថា​ នៅ​ពេល​រថភ្លើង​នេះ​ដំណើរ​ការ​ ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​តម្រូវ​ឱ្យ​រត់​ល្បឿន ​៨០ ​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ​ចំណែក​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​តម្រូវ​ឱ្យ​រត់​ល្បឿន​ចន្លោះ​ពី ​៣០ ​ទៅ ​៥០​គីឡូម៉ែត្រ ​ក្នុង​មួយ​ម៉ោង។​

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​បញ្ជាក់​ថា​ ក្រុម​ការងារ​បច្ចេកទេស​នាយក​ដ្ឋាន​ផ្លូវ​ដែក​នៃ​ក្រសួង​សាធារណការ​ និង​ក្រុមហ៊ុន ​Royal Railway Cambodia ​ព្រម​ទាំង​ក្រុម​ជាង​ជំនាញ​ពី​បរទេស ​បាន​ចុះ​ពិនិត្យ​រួមគ្នា​និង​កែ​តម្រូវ​កង់​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ទទឹង​ផ្លូវ​ដែក​ ១០៦៧ ​មីលីម៉ែត្រ​ (ស្តង់ដារ​ផ្លូវដែក​ជប៉ុន)​ មក​ទទឹង​ផ្លូវ​ដែក ​១០០០ ​មីលីម៉ែត្រ​ (សម្រាប់​ស្តង់ដារ​ផ្លូវ​ដែក​កម្ពុជា) ​និង​ប្រព័ន្ធ​ហ្រ្វាំង​រថភ្លើង​សម្រាប់​ប្រើប្រាស់ ​ដើម្បី​ធានា​សុវត្ថិភាព ​ប្រសិទ្ធ​ភាព​ និរន្តរ​ភាព។​

បើ​តាម​អ្នក​នាំពាក្យ ​បន្ទាប់​ពី​កែ​តម្រូវ​រួច ​ក្រុមហ៊ុន​ត្រូវ​សាក​ល្បង​រត់​លើ​ផ្លូវ​ដែក ​រហូត​ដល់​ប្រាកដ​ថា​ មាន​សុវត្ថិភាព​សម្រាប់​ដឹក​ជញ្ជូន​អ្នក​ដំណើរ​មុន​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ។​

លោក ​ផន រឹម ​ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា៖​ «វឌ្ឍនភាព​នៃ​ការ​កែ​សម្រួល​បច្ចេក​ទេស​ទូរថភ្លើង​នេះ​ កំពុង​បន្ត​និង​សម្រេច​លទ្ធផល​បាន​ច្រើន​ហើយ។ ​ចំពោះ​ការ​សម្រេច​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ពេល​ណា​នោះ ​ក្រុមហ៊ុន ​RRC​ (Royal Railway Cambodia)​ នឹង​ប្រកាស​ជា​សាធារណៈ ​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

លោក ​ផន រឹម ​បន្ថែម​ថា​ ក្រសួង​សាធារណការ​បាន​សង្កត់​ធ្ងន់​លើ​ការ​លើក​កម្ពស់​សុវត្ថិភាព​នៃ​ដំណើរ​ប្រតិបត្តិ​ការ​ប្រចាំ​ថ្ងៃ​របស់​ក្រុមហ៊ុន ​រាប់​ទាំង​ការ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​សាធារណ​ជន ​ការ​បណ្តុះ​បណ្តាល​អ្នក​បើកបរ ​ការ​បំពាក់​ស្លាក​សញ្ញា ​និង​របារ​សុវត្ថិភាព ​ជា​ពិសេស​នៅ​ត្រង់​ចំណុច​ប្រសព្វ​ជាមួយ​ផ្លូវ​ថ្នល់ ​និង​ទីប្រជុំជន​ដែល​មាន​ចរាចរណ៍​មមា​ញឹក ​ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ជាយថា​ហេតុ។​

លោក ​Jonh Guiry ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​Royal Railway Cambodia​ ប្រាប់​វីអូអេ​ថា ​ក្រុមហ៊ុន​នឹង​ប្រកាស​នៅ​ពេល​ជិត​ដល់​ថ្ងៃ​ដាក់​ដំណើរ​ការ​រថភ្លើង​ដែល​ទិញ​ពី​ជប៉ុន​នេះ។​

លោក​ថ្លែង​ថា៖​ «យើង​នៅ​តែ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​នៅ​ឡើយ។ ​នៅ​ពេល​រួចរាល់ ​យើង​នឹង​ប្រកាស​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន។ ​យើង​កំពុង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ចំនួន​នៅ​នឹង​កន្លែង​នា​ពេល​បច្ចុប្បន្ន​ ហើយ​ពេល​ធ្វើ​រួច​រាល់ ​ យើង​នឹង​ប្រកាស​ប្រាប់​អ្នក​សារ​ព័ត៌មាន​ផង​ដែរ»។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ លោក ​យង់ គិមអេង ​ថ្លែង​ថា​ ការ​ដាក់​ដំណើរ​ការ​រថភ្លើង​ល្បឿន​លឿន​ជាង​មុន​ពិត​ជា​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នក​ធ្វើ​ដំណើរ​ ព្រោះ​វា​ចំណាយ​ពេល​តិច​ជាង​មុន ​ហើយ​ក៏​ជួយ​កាត់​ការ​ប្រើ​ប្រាស់​យាន​ជំនិះ​នៅ​តាម​ដង​ផ្លូវ។​ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​គួរ​តែ​រៀប​ចំ​ផ្លូវ​រថភ្លើង​ឡើង​វិញ ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ ​និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​សង​ខាង​ផ្លូវ​ដែក។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«អ្នក​ដែល​ធ្វើ​ចរាចរណ៍​ដើម្បី​បិទ​ផ្លូវ​ហ្នឹង​បាទ​គឺ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​រួសរាន់​ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ថា​ កន្លែង​ចូល​ទី​ក្រុង​គួរ​តែ​ធ្វើ​ផ្លូវ​ខាង​លើ​ទៅ​បាទ។​ ធ្វើ​ផ្លូវ​ខាង​លើ​សម្រាប់​ឱ្យ​រថភ្លើង​បើក​ទៅ​បាទ។ ​កុំ​ឱ្យ​រថភ្លើង​នឹង​បើកបរ​ខាង​ក្រោម​ឬ​បើ​មិន​អ៊ីចឹង​ទេ​ដល់​កន្លែង​ណា​ត្រូវ​ឆ្លង​ផ្លូវ​អ៊ីចឹង​ទៅ គាត់​អាច​ឱ្យ​មាន​ទៅ​ក្រោម​ដី​អ៊ីចឹង​ទៅ​បាទ។ ​អា​នឹង​ប្រហែល​មាន​សុវត្ថិភាព​ជាង​បាទ»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០២៤ ​នេះ ​មាន​ករណី​រថភ្លើង​បុក​រថយន្ត​ក្រុង​ពេញ​ទំហឹង​នៅ​ភូមិ​សាស្រ្ត​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់​ បង្ក​ឱ្យ​មនុស្ស​ប្រមាណ​ ៤០ ​នាក់ ​រង​របួស។ ​អ្នក​តាម​ដាន​មើល​ឃើញ​ថា ​គ្រោះ​ថ្នាក់​នេះ​បង្ក​មក​ពី​មិន​មាន​ការ​ដាក់​របាំង ​និង​ស្លាក​សញ្ញា​ត្រឹមត្រូវ​នៅ​តំបន់​ក្បែរ​ផ្លូវ​ដែក៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG