ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ក្រសួង​ការងារ​ដាក់​ផែនការ​ធានា​សុវត្ថិភាព​និង​ផាសុកភាព​ដឹក​ជញ្ជូន​កម្មករ​នៅ​ឆ្នាំ​២០២៧


រូបឯកសារ៖ កម្មករ​រោងចក្រធ្វើដំណើរ​តាម​រថយន្ត​ដឹក​កម្មករ​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ កម្មករ​រោងចក្រធ្វើដំណើរ​តាម​រថយន្ត​ដឹក​កម្មករ​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្រ្តី​ក្រសួង​ការងារ លោក ហេង សួរ បាន​ប្រកាស​ថា​អាជ្ញាធរ​នឹង​រៀបចំ​មធ្យោ​បាយ​ដឹក​ជញ្ជូន​កម្មករ​រោងចក្រឱ្យ​មាន​សុវត្ថិ​ភាព ព្រម​ទាំង​មាន​ផាសុក​ភាព នៅ​ត្រឹម​ឆ្នាំ​ ២០​២៧ ខណៈ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ចំណោម​រថយន្ត​ដឹក​កម្មករ​នៅ​តែ​ជា​បញ្ហា​គួរឱ្យ​ព្រួយ​បារម្ភ​មួយ។

មេដឹកនាំ​សហជីព​បាន​ស្នើ​កុំ​ឱ្យ​យក​រថយន្ត​កែច្នៃ ឬ​រថយន្ត​ដឹក​ទំនិញ ដឹក​កម្មករ ដោយ​ហេតុថា​វា​ងាយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​។

លោក ហេង សួរ បាន​ថ្លែង​ក្នុង​សិក្ខា​សាលា​ស្តីពី ​«ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​រថយន្ត​ដឹក​កម្មករ​និយោជិត​ឱ្យ​ស្រប​តាម​បទ​ដ្ឋាន​បច្ចេក​ទេស ​និង​ផាសុក​ភាព» កាល​ពី​ថ្ងៃ​ពុធ​ ថា៖ «ដើម្បី​សម្រេច​បាន​នូវអ្វី​ដែល​ជា​អនុ​សាសន៍​មួយ ក្នុង​ចំណោម​អនុ​សាសន៍​ទាំ​ង១០​របស់​សម្តេច​ធិបតី ដែល​បាន​កំណត់​ថានៅ​ត្រឹម​ឆ្នាំ​ ២០២៧ មធ្យោ​បាយ​ដឹក​ជញ្ជូន​របស់​បងប្អូន​កម្មករ​និយោជិត គឺ​ត្រូវ​តែ​មាន​សុវត្ថិភាព ផាសុក​ភាព​ស្រប​តាម​បច្ចេកទេស​របស់​ខ្លួន។ ដូច្នេះ​ដើម្បី​ឱ្យ​ឆ្នាំ​ ២០២៧ អនុ​សាសន៍​របស់​សម្តេច​អាច​សម្រេច​បាន ហើយ​អាច​ទទួល​យកបាន ដោយ​គ្រប់​ភាគី គឺ​យើង​ត្រូវ​តែ​ជជែក​ ហើយ​ថ្លឹង​ថ្លែង ​ហើយ​ក៏​មិន​មែន​ជជែក​ម្តង​ចប់​នោះ​ទេ គឺ​ត្រូវ​ចុះទៅ​ដល់​តាម​ខេត្ត​ តាម​អី​ផង​ដែរ»។

លោក កត្តា អន អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ប្រាប់​វីអូអេ​ថា​ នេះ​ជា​សិក្ខា​សាលា​ទី ៦ ​ដែល​ក្រសួង​បាន​រៀប​ចំ​ឡើង ដើម្បី​អប់រំ ផ្សព្វផ្សាយ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ឱ្យ​យល់​អំពី​គោល​ការណ៍ ​និង​ការយក​ចិត្ត​ទុក​ដាក់​ចំពោះ​ម​ធ្យោ​បាយ​ដឹក​ជញ្ជូន​កម្មករ កម្មកា​រិនី ជា​ពិសេសការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់នានា​ដែល​កើត​ឡើង​តាម​រយៈ​មធ្យោ​បាយ​ដឹក​ជញ្ជូន​។

លោក​បន្ត​ថា ​ក្រសួង​ការងារ​ប្រឹង​ប្រែង​អប់រំ ​ផ្សព្វ​ផ្សាយ​អំពី​គោល​ការណ៍ និង​ការ​លើក​ទឹកចិត្តដល់​អ្នក​ប្រកប​របរ​ដឹក​ជញ្ជូន​កម្មករ​ ឱ្យ​ផ្លាស់ប្តូរ​មធ្យោបាយ​ដឹក​ជញ្ជូន​ពី​រថយន្ត​ដឹក​ទំនិញ​ឬរថយន្ត​កែច្នៃ មក​ជា​រថយន្ត​ទេស​ចរណ៍ ឬ​រថយន្តក្រុង​។ ប៉ុន្តែ​លោក​ថា​វា​នៅ​តែ​មាន​ឧបសគ្គ​មួយ​ចំនួន ​ដោយ​សារ​តែ​អ្នក​ប្រកប​របរ​ដឹក​កម្មករ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​រថយន្ត​។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា៖ «​ចំពោះ​អ្នក​បើកបរ​រកស៊ី​ដឹក​កម្មករ ដែល​គ្មាន​លទ្ធភាព​ក្នុង​ការ​ផ្លាស់​ប្តូរ នេះគឺ​ជា​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ​ លើក​ទឹក​ចិត្ត ធ្វើ​យ៉ាង​ណាឱ្យ​បង​ប្អូន​ទាំង​នោះ​អាច​ផ្លាស់​ប្តូរ​បាន។ ឧទា​ហរណ៍ យើង​គិត​ថា​យើង​ត្រូវ​មាន​កម្ចី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដែល​មាន​ការ​ប្រាក់​ទាបឬ​មួយ​យើង​មាន​ក្រុម​ហ៊ុន​នាំ​ឡាន​ចូល​ដែល​មាន​តម្លៃ​សមរម្យ ដែល​ពួក​គាត់​អា​ច​មាន​លទ្ធ​ភាព​ដែល​អាច​ទិញ​បាន ឬមួយ​ក៏​មាន​ការ​ពិនិត្យ​រថយន្ត​ក្នុង​ស្រុក​សម្រាប់​[ដឹក​]កម្មករ​ ឬមួយ​និយោជក​អាច​ផ្គត់​ផ្គង់​រថយន្ត​ ហើយ​ត្រូវ​ការ​អ្នក​បើក​បរ​ដឹក​កម្មករ​»។

អ្នកនាំពាក្យ​ក្រសួង​ការងារ​បន្ថែម​ថា​ក្នុង​សិក្ខា​សាលា​នោះ ​ភាគី​ពាក់​ព័ន្ធ​ក៏​បាន​ជជែក​រក​ដំណោះ​ស្រាយ​ទាក់​ទង​នឹង​បញ្ហា​សេដ្ឋកិច្ច​របស់​កម្មករ​ដែល​ត្រូវ​បង់​ថ្លៃ​ធ្វើ​ដំណើរ​និង​អ្នក​ប្រកប​របរ​ដឹក​កម្មករ​។

លោក អាត់ ធន់ ​អតីត​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​បច្ចុប្បន្ន​ជា​អនុ​ប្រធាន​សម្ព័ន្ធ​សហជីព ​C-CAWDU ​កត់​សម្គាល់ថា ​ការ​យក​រថយន្ដ​ដឹក​ទំនិញ​មក​កែ​ច្នៃ​ដាក់​ទ្រុង​ដែក​សម្រាប់​ដឹក​កម្មករ​ ឬ​យក​រ៉ឺម៉ក់​មក​កែច្នៃ​សម្រាប់​ដឹក​កម្មករ នៅ​តែបង្ក​ហានិភ័យ​ខ្ពស់​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

លោក​ថ្លែង​ថា៖ «ហើយ​ជារួម​គេ​ថា​យ៉ាង​ហោច​ណាស់​ឱ្យ​ត្រឹម​[កម្មករ]​អង្គុយ​បាន​ កុំ​ឱ្យ​ឈរ​ដូច​ពេល​បច្ចុប្បន្ន​វា​គ្រោះ​ថ្នាក់​ខ្ពស់ ដោយសារកម្មករ​ក៏​ឈ​រច្រើន។ ឧទាហរណ៍​ឡាន​កូរ៉េ​មួយ​២​តោន​កន្លះ ​ឬមួយ​តោន​កន្លះ ដឹក​បាន​គ្នា​ ៤០​នាក់ ឬ ៣០​នាក់ ​នៅ​ពេល​រថយន្ត​ហ្នឹង ​គាត់ជាន់​ហ្វ្រាំង ឬ​ផ្លូវ​កោង​បន្តិច​បន្តួច គឺ​មនុស្ស​មួយ​ឡាន​ហ្នឹង វេរ​ទៅ​ទាំង​អស់ទៅ​អ៊ីចឹង។ ពេល​ខ្លះ​ទៅ​ក្រឡាប់​តែ​ម្តង វា​មាន​បញ្ហា​អ៊ីចឹង»។

បើ​តាម​លោក ​អាត់ ធន់ មូល​ហេតុ​ដែល​អ្នក​ប្រកប​របរ​ដឹក​ជញ្ជូន​ប្រើ​ប្រាស់​រថយន្ត​ដឹក​ទំនិញ​ ឬ​រថយន្ដ​កែច្នៃ ​ដោយ​សារ​រថយន្ត​ទាំង​នោះ​មាន​តម្លៃ​ធូរ​ថ្លៃ ​អាច​ដឹក​កម្មករ​បាន​ច្រើន ​និង​អាច​យក​ទៅ​ដឹក​ទំនិញ​ផ្សេង​នៅ​ម៉ោង​ទំនេរ​ បន្ទាប់​ពីដឹក​កម្មករ​រួច។

លោក​បន្ថែម​ថា៖ «ការ​កែច្នៃ​មិន​សំដៅ​តែ​ឡាន​ទេ សូម្បី​តែ​រម៉ក​ក៏​កែច្នៃ​ដែរ។ ហើយ​ដូចខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង​ទី១ ​ពហុ​បំណង​នៃ​ការ​ប្រើប្រាស់​របស់​គាត់ ​មួ​យទៀត​គាត់​ដឹក​បាន​មនុស្ស​ច្រើន ហើយ​កម្មករ​ជិះ យក​ថោក​ អ្នក​ខ្លះ​យក​១០​ទៅ​១៥​ដុល្លារ​ក្នុង​មួយ​ខែ​ហ្នឹង ហើយ​បើ​យើង​គិ​តមើល​មួយ​ខែ​ដឹក​ទៅ​មក​១០​ទៅ​១៥​ដុល្លារ​ តើ​វា​ចំណេញ​យ៉ាង​ម៉េច?»។

បើ​តាម​របាយ​ការណ៍​របស់​ក្រុម​ការងារ​សុវត្ថិភាព​ចរា​ចរណ៍​ផ្លូវ​គោក​សម្រាប់​គាំពារ​កម្មករនិយោជិត​នៃ​ក្រសួង​ការងារ ក្នុង​រយៈ​ពេល​ ១០​ ខែ ឆ្នាំ ២០២៣ ​កម្មករ​ប្រមាណ​ ៤៥០០​ នាក់​បាន​រង​របួស ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​មនុស្ស​១១២​នាក់​ស្លាប់​។ តួលេខ​នេះ​កើន​ឡើង បើ​ធៀប​នឹង​រយៈ​ពេល​ ១២ ​ខែ​ក្នុង​ឆ្នាំ​ ២០២២ ដែល​កាល​នោះ ​កម្មករ​ស្លាប់​មាន​ចំនួន​ ៦៣ ​នាក់ របួស​ធ្ងន់និង​ស្រាល​ប្រមាណ​ ៤០០០ ​នាក់។

កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​ឧសភា ឆ្នាំ​ ២០២៤ កម្មករ​កម្មការិនី​រោងចក្រ​ប្រមាណ ​៥០ ​នាក់បាន​រង​របួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុ​ការណ៍​រថយន្ត​កម្មករ​បុក​រថយន្ត​កម្មករ​ដូច​គ្នា នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ​ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ ​៤៧-៤៨ ​ស្ថិត​ក្នុង​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់​ឆ្នាំង​។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ កន្លង​ទៅ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សហជីពតែង​តែ​ស្នើ​សុំរដ្ឋា​ភិបាល​ឱ្យ​គិតគូរ​ពី​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករដែល​មាន​សុវត្ថិភាព។

អ្នកស្រី​បន្ថែម​ថា ​គួរ​តែ​បញ្ឈប់កុំឱ្យ​មាន​រថយន្ដ​កែច្នៃ ដឹក​កម្មករ​បន្ត​ទៀត បើ​ទោះ​រថយន្ត​កែ​ច្នៃ​អាច​ដឹក​មនុស្ស​បាន​ច្រើន ប៉ុន្តែ​វា​ងាយ​បង្កគ្រោះ​ថ្នាក់​ដល់​កម្មករ​។ អ្នកស្រី​កត់​សម្គាល់​ថា​កន្លង​ទៅ​ការ​ប្រើប្រាស់រថយន្ត​កែច្នៃដឹក​មនុស្ស​លើស​ចំណុះ​តែង​តែ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​បន្ត​បន្ទាប់ និង​ធ្វើ​ឱ្យ​កម្មករ​បាត់​បង់​ជីវិត និង​រង​របួស​រាប់​រយ​នាក់។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​មិន​គួរ​ឱ្យ​មាន​តែ​មង្ដ​ចំពោះ​ឡាន​កែ​ច្នៃ ពី​ព្រោះ​ឡាន​កែច្នៃ​វា​ខុស​ស្ដង់​ដារ បន្ទាប់​មក​ទំហំ​នៅ​ក្នុង​ការ​ដាក់​ក៏​អត់​ត្រឹម​ត្រូវ​ទៅ​ទៀត។ ​ប្រសិន​ណា​ឡាន​កែ​ច្នៃ​ឧទាហ​រណ៍​ថា​ឡាន​ខ្លះ​ជួន​កាល​ដាក់​មនុស្ស​បាន​តែ ​១០ ​នាក់ ២០ ​នាក់​ទេ ​ប៉ុន្ដែ​ឡាន​យក​ទៅ​កែច្នៃ​ដាក់​មនុស្ស​បាន ​៣០ ​នាក់ ៣៥ ​នាក់ ​៤០ ​នាក់​ សួរ​ថា​អាហ្នឹង​វា​មិន​ខុស​»។

អ្នក​ស្រី​យល់​ថា ​រដ្ឋា​ភិបាល​និង​អ្នក​ពាក់​ព័ន្ធ​គួរ​តែ​ពិនិត្យ​លើ​ការផ្ដល់​សោហ៊ុយ​ធ្វើ​ដំណើរ​សម្រាប់​កម្មករ​ឱ្យ​បា​ន​ខ្ពស់ជាង​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កម្មករ​មាន​លទ្ធភាព និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​មធ្យោ​បាយ​ធ្វើ​ដំណើរ​ដែល​មាន​សុវត្ថិ​ភាព​។អ្នកស្រី​ កម្មករ​ទទួល​បាន​ប្រាក់​ធ្វើ​ដំណើរ​ចន្លោះ​ ៧​ដុល្លារ​ ទៅ ​១០​ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុង​មួយ​ខែ អាស្រ័យ​ទៅ​តាម​រោង​ចក្រ​នីមួយ។

រយៈពេល​ប្រមាណ​ ៥ ខែ ក្នុងឆ្នាំ​ ២០២៤​ នេះ កម្មករ​និយោជិត​ជួបគ្រោះថ្នាក់​ចរា​ចរណ៍​មាន​ចំនួន​ ១.៧៧៦ ​ករណី រង​របួស​ចំនួន ​១.៨៩១ នាក់ និង​ស្លាប់​ចំនួន ​៦១ ​នាក់​។ នេះបើ​តាមលោក ​ហេង ​សុផាន់​ណារិទ្ធ អគ្គ​នាយក​រង​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស)​ និង​ជាអ្នកនាំពាក្យ​ក្រសួង​ការងារ​។ បើប្រៀប​ធៀប​ក្នុង​រយៈ​ពេល​ប្រមាណ ​៥ខែ ក្នុង​ឆ្នាំ​ ២០២៣ កម្មករ​និយោ​ជិត ជួបគ្រោះ​ថ្នាក់ចរាចរណ៍​នៅពេលធ្វើ​ដំណើរ​បាន​ថយ​ចុះ​ចំនួន ១១៦ ករណី៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG