ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំ​មើល៖ ទណ្ឌកម្ម​អាមេរិក​លើ​លោក លី យ៉ុងផាត់ អាច​បង្ក​ផល​វិបាក​ច្រើន​លើ​ជំនួញ​របស់​លោក


លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ត្រូវបាន​ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ (Facebook)
លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ត្រូវបាន​ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ (Facebook)

ក្រសួង​ហរិញ្ញ​វត្ថុ​របស់​សហ​រដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក​ឧកញ៉ា​ លី យ៉ុង​ផាត់​ ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​រូប​នេះ​ ក្រោយ​លោក​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ដែល​ផ្តើម​ចេញ​ពី​មុខ​ជំនួញ​របស់​លោក​ដូច​ជា​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រតិបត្តិ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ (Scam)​ និង​សកម្ម​ភាព​ឧក្រិដ្ឋ​ផ្សេង​ទៀត ​ដូច​ជា​ការ​វិនិយោគ​បោកប្រាស់​តាម​រូបិយបណ្ណ​គ្រីបតូ​ (cryptocurrency)​។

អ្នក​ឃ្លាំមើល​ការ​វិវឌ្ឍ​សង្គម​កម្ពុជា​ជឿថា​ ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​នឹង​បង្ក​ផល​វិបាក​ជា​ច្រើន​ដល់​ការ​រក​ស៊ី​របស់​លោក​ លី យ៉ុងផាត់​ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ផង​នោះ។​ ​លោក ​លី យ៉ុងផាត់​ ក៏ត្រូវ​គេ​ដឹង​ថា​ ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​អតីត​នាយក​រដ្ឋ​មន្ត្រី​របស់​កម្ពុជា​គឺ​លោក​ ហ៊ុន សែន​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា។​

លោក ​អំ សំអាត​ នាយក​ទទួល​បន្ទុក​គ្រប់គ្រង​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​វីអូអេ​ថា​ លោក​ លី យ៉ុងផាត់​ មិន​មែន​ជាបុគ្គល​ទី ១ ​ទេ ​ដែល​បាន​រង​ទណ្ឌ​កម្ម​ពី​ក្រសួង​ហិរញ្ញ​វត្ថុ​របស់​សហ​រដ្ឋ​អាមេរិក​តាម​រយៈច្បាប់​ Global Magnitsky ​ ពោល​គឺ​បុគ្គល​មួយ​ចំនួន​ដែល​មាន​ឥទ្ធិពល​នៅ​ប្រទេស​កម្ពុជា​ ធ្លាប់​រង​ទណ្ឌ​កម្ម​ស្រដៀង​គ្នា​នេះ ​ហើយ​ជា​ញឹក​ញាប់​បាន​អះ​អាង​ថា​ ទណ្ឌ​កម្ម​នោះ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ជា​ដុំ​កំភួន​នោះ​ឡើយ​លើ​ស្ថាន​ភាព​នៃ​ការ​ធ្វើ​ជំនួញ​ ឬ​ក៏​ការងារ​ផ្សេង​ទៀត​របស់​ពួក​គេ។​

លោក​បន្ថែម​ថា៖​ «កន្លង​មក​យើង​ឃើញ​ថា​ បុគ្គល​មួយ​ចំនួន​ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​ហ្នឹង​ តែង​តែ​លើក​ឡើង​ថា ​មិន​មាន​អ្វី​ដែល​ប៉ះពាល់​ទៅ​ដល់​មុខ​ជំនួញ​សេដ្ឋកិច្ច​ ឬ​ក៏​ពាណិជ្ជ​កម្ម​អី​នៅ​ក្រៅ​ប្រទេស​ និង​ក្នុង​ប្រទេស​នោះ​ទេ។​ ប៉ុន្តែ​បើ​ជា​ការ​កត់​សម្គាល់​នៅ​លើ​ពិភពលោក​ កាល​ណា​តែ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​អ៊ីចឹង​ វា​អាច​នឹង​ប៉ះពាល់​ ជះឥទ្ធិ​ពល​ ផល​ប៉ះពាល់​ជា​មិន​ខាន​ទេ​បាទ»។​

បើ​តាម​លោក ​អំ សំអាត​ ​ជា​ធម្មតា​ បុគ្គល​ល្បីៗ​មួយ​ចំនួន​នៅ​ក្នុង​ពិភពលោក​ ដែល​ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​ដោយ​ច្បាប់​ Global Magnitsky ​របស់​អាមេរិក​ បុគ្គល​ទាំង​នោះ​នឹង​ជួប​ផល​វិបាក​ក្នុង​ការ​ចាត់​ចែង​មុខ​ជំនួញ​នៅ​ខាង​ក្រៅ​ប្រទេស​ក៏​ដូចជា​បញ្ហា​នៃ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅ​ខាង​ក្រៅ​ប្រទេស។​

កាល​ពីថ្ងៃ​ទី ​១២​ ខែ​កញ្ញា​ ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ ហៅ​កាត់​ថា​ OFAC ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​ពី​ការ​ដាក់​ទណ្ឌ​កម្ម​លើ​លោក​លី យ៉ុងផាត់​ ដោយ​ផ្ទាល់​ និង​សាជីវ​កម្ម​ក្រុមហ៊ុន​ចម្រុះ​របស់​លោក​ដែល​មាន​ឈ្មោះ​ L.Y.P Group Co., Ltd (L.Y.P Group) ​និង​រមណីយ​ដ្ឋាន​អូរស្មាច់​ (O-Smach Resort) ​ចំពោះ​តួនាទី​របស់​ពួកគេ​ក្នុង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ដែល​ទាក់​ទង​នឹង​ឥរិយាបថ​ចំពោះ​កម្មករ​ដែល​ត្រូវ​បាន​ជួញដូរ ​និង​ត្រូវ​គេ​ចាប់​បង្ខំ​ឱ្យ​ធ្វើ​ការ​ក្នុង​មជ្ឈ​មណ្ឌល​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។​

ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ក៏​បាន​រាប់​បញ្ចូល​ផង​ដែរ​សណ្ឋាគារ​ Garden City Hotel​ រមណីយ​ដ្ឋាន​កោះកុង ​និង​សណ្ឋាគារ​ភ្នំពេញ​ថា​ ជា​កម្ម​សិទ្ធិ​ និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក​លី យ៉ុងផាត់។​

លោក​ Bradley T.Smith ​មន្ត្រី​ទទួល​បន្ទុក​ស៊ើប​ការណ៍​ហិរញ្ញ​វត្ថុ​ និង​ភេរវ​កម្ម​នៃ​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី ​១២​ ខែ​កញ្ញា​ថា៖​ «វិធាន​ការ​ថ្ងៃ​នេះ​បង្ហាញ​ពី​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​រំលោភ​បំពាន​ផ្សេង​ទៀត​ ខណៈ​វិធាន​ការ​នេះ​ក៏​បាន​បង្អាក់​លទ្ធភាព​របស់​ពួកគេ​ ដើម្បី​ដំណើរ​ការ​ផែន​ការ​វិនិយោគ​បោក​ប្រាស់​ដែល​ដាក់​គោល​ដៅ​លើ​បុគ្គល​រាប់​មិន​អស់​ដែល​មិន​ដឹង​ថា​ ខ្លួន​ជា​អ្នក​រង​គ្រោះ​ ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ»។​

លោក​បន្ថែម​ថា៖​ «ក្រសួង​ហិរញ្ញ​វត្ថុ​ សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​វែក​មុខ​បណ្តាញ​ឧក្រិដ្ឋ​ជន​ដែល​ធ្វើ​ប្រតិបត្តិ​ការ​ផែន​ការ​ខុស​ច្បាប់​ទាំង​នេះ​ និង​អ្នក​ទាំង​ឡាយ​ណា​ដែល​ចង់​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​ទាំង​នេះ»។​

ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ទៀត​ថា​ ជា​លទ្ធផល​នៃ​វិធានការ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រាល់​ទ្រព្យ​សម្បត្តិ​ ឬ​ផល​ប្រយោជន៍​នានា​របស់​បុគ្គល​ខាង​លើ​ ដែល​ស្ថិត​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ ឬ​ក៏​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​បុគ្គល​ដែល​ជា​ជនជាតិ​អាមេរិកាំង​ត្រូវ​បាន​រាំង​ខ្ទប់​ ហើយ​ត្រូវ​តែ​រាយ​ការណ៍​ទៅ​កាន់​ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក។​

ជាង​នេះ​ទៀត​ គ្រប់​អង្គភាព​ទាំង​ឡាយ​ដែល​កាន់​កាប់​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ ឬ​ជា​លក្ខណៈ​បុគ្គល​ ឬ​ទាំងស្រុង​តែម្តង​ ឬ​ក៏​ ៥០​ភាគ​រយ​ ឬ​ក៏​ច្រើន​ជាង​នេះ​តាម​រយៈ​មនុស្ស​ម្នាក់ ​ឬ​ច្រើន​ជាង​នេះ​ត្រូវ​បាន​រាំង​ខ្ទប់​ទាំង​អស់។​

បើ​តាម​បណ្តាញ​អនុវត្ត​ច្បាប់​លើ​ឧក្រិដ្ឋ​កម្ម​ហិរញ្ញ​វត្ថុ​នៃ​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ និង​ការ​ផ្តល់​សញ្ញា​ព្រមាន​របស់​ខ្លួន​កាល​ពីខែ​កញ្ញា ​ឆ្នាំ​ ២០២ ៣​ទៅ​ដល់​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ និង​មហា​ជន​ទូទៅ​នោះ​ អ្នក​បោក​បញ្ឆោត​បាន​ប្រើប្រាស់​អត្ត​សញ្ញាណ​ក្លែងក្លាយ​ និង​បង្កើត​រឿង​ផ្សេងៗ​ដើម្បី​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​គួរ​ឱ្យ​ទុកចិត្ត​ ហើយ​បោក​បញ្ឆោត​ជន​រងគ្រោះ។​

នៅក្នុង​ករណី​ជាច្រើន​ ការ​បោក​បញ្ឆោត​ទាំង​នោះ​ធ្វើ​ឡើង​តាម​ការ​បញ្ចុះ​បញ្ចូល​ឱ្យ​ជន​រង​គ្រោះ​ដាក់​ទុន​វិនិយោគ​ជា​លុយ​ស្តែងៗ​ ឬ​ក៏​ក្នុង​ករណី​ខ្លះ​ តាម​រយៈ​គម្រោងការ​ប្តូរ​រូបិយ​បណ្ណ​តាម​ទូបញ្ជា​ប្រាក់​ដែល​ទាំង​អស់​នេះ​សុទ្ធតែ​ជា​ការ​បន្លំ​លួច​យក​លុយ​ពី​ជន​រង​គ្រោះ។​

ការិយាល័យ​ស៊ើប​អង្កេត​ FBI ​ដែល​ទទួល​បណ្តឹង​ពី​បទ​ឧក្រិដ្ឋ​តាម​បណ្តាញ​អ៊ីនធឺណិត​បាន​ព្រមាន​ពី​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​គម្រោង​វិនិយោគ​រូបិយបណ្ណ​គ្រីបតូ​ (cryptocurrency)។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ដដែល​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ចុះ​ថ្ងៃ​ទី​ ១២​ ខែ​កញ្ញា។​

បើ​តាម​សេចក្តី​ប្រកាស​នោះ​ ការ​ខាត​បង់​ក្នុង​ការ​វិនិយោគ​ដែល​ជា​ការ​បោក​បញ្ឆោត​បាន​កើន​ពី​ចំនួន​ ៣,៣១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២២​ ទៅ​ដល់​ ៤,៤៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣​ គឺ​បាន​កើន​ឡើង​៣៨​ភាគ​រយ។​ នៅ​ក្នុង​តួលេខ​នេះ​ ការ​វិនិយោគ​បោក​ប្រាស់​តាម​រូបិយ​បណ្ណ​គ្រីបតូ​ បាន​កើនពី​ ២,៥៧​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០២២​ ដល់ ​៣,៩៦​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០២៣​ គឺ​មាន​កំណើន​ ៥៣​ភាគ​រយ។​

រូបិយ​បណ្ណ​គ្រីបតូ​គឺ​ជា​ប្រភេទ​រូបិយ​បណ្ណ​ដែល​ត្រូវ​បាន​ទូរទាត់​ ឬ​ផ្ទេរ​តាម​ប្រព័ន្ធ​ឌីជីថល​ ដោយ​ការ​ផ្ទៀង​ផ្ទាត់​ ឬ​រក្សា​កំណត់​ត្រា​ទុក​ដោយ​ប្រព័ន្ធ​មួយ​ដែល​ប្រើប្រាស់​ព័ត៌មាន​ជា​លេខ​កូដ​ ហើយ​មិន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ភាគី​ដែល​មាន​សិទ្ធិ​អំណាច​នៅ​កណ្តាល​ណា​មួយ។​

ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា ​លោ​ក អ៊ូ ច័ន្ទរ័ត្ន​ ជឿ​ថា​ ទណ្ឌ​កម្ម​របស់​អាមេរិក​មក​លើ​លោក ​លី យ៉ុងផាត់​ នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខមាត់​របស់​ប្រទេស​កម្ពុជា​ ព្រោះ​លោក​មិន​ត្រឹម​តែ​ជា​អ្នក​ជំនួញ​នោះ​ទេ​ តែ​ក៏​ជា​អ្នក​តាក់​តែង​ច្បាប់​របស់​កម្ពុជា​មួយ​រូប​ផង​ដែរ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ខ្ញុំ​ជឿ​ថា​ វា​ប៉ះ​ពាល់​ ​ប៉ះពាល់​ធ្ងន់​ធ្ងរ។ ​ទីមួយ​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​ហ្នឹង​តែ​ម្តង​ ព្រោះ​លោក​អ្នក​ឧកញ៉ា​ជា​មន្ត្រី​ជាន់​ខ្ពស់​ ជា​សមាជិក​ព្រឹទ្ធ​សភា​ទៅ​ទៀត​របស់​កម្ពុជា​ ហើយ​ពាក់​ព័ន្ធ​នឹង​រឿង​ល្បែង​អនឡាញ​ឆបោក​ជា​ដើម​នេះ​ បង្ហាញ​ថា​ កម្ពុជា​វា​មាន​បញ្ហា​អស់​ហ្នឹង​ ព្រោះ​វា​ពាក់​ព័ន្ធ​ទៅ​នឹង​មន្ត្រី​ធំៗ​នោះ»។​

បើតាម​លោក​ អ៊ូ ច័ន្ទរ័ត្ន​ ដែល​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ លោក​ឧកញ៉ា​ លី យ៉ុងផាត់ ​ក៏​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​វិនិយោគិន​ឯ​ទៀត​ ឬ​ក៏​ចល័ត​ទីតាំង​មុខ​ជំនួញ​របស់​លោក​ ហើយ​លោក​ក៏​មាន​បញ្ហា​ច្រើន​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​ដៃគូ​នៅ​សហ​រដ្ឋ​អាមេរិក។​

ក្រៅ​ពី​នេះ​ លោក​ថា​ ប្រទេស​ជា​មិត្ត​អាមេរិក​អាច​នឹង​អនុវត្ត​ទៅ​តាម​ទណ្ឌ​កម្ម​ដែល​ត្រូវ​បាន​ដាក់​មក​លើ​លោក​ លី យ៉ុងផាត់។​

លោក​បន្ថែម​ថា​ ទណ្ឌកម្ម​បែប​នេះ​គឺ​មិន​ធ្វើ​ឡើង​តែ​សម្រាប់​កម្ពុជា​ទេ។ ពល​រដ្ឋ​នៅ​ប្រទេស​ដទៃ​ទៀត​ក៏​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ដូច​គ្នា​នេះ​ដែរ​ បើ​សិន​សហ​រដ្ឋ​អាមេរិក​រក​ឃើញ​ថា ​ពល​រដ្ឋ​ទាំង​នោះ​បង្ក​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។​

វីអូអេ​បាន​ព្យាយាម​ ទាក់ទង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ លី យ៉ុងផាត់ ​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​និង​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។ ​វីអូអេ​ក៏​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន​ ប៉ុន្តែក៏​មិន​អាច​ទាក់ទង​បាន​ដែរ។​

លោក​ឧកញ៉ា​ លី យ៉ុងផាត់ ​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល ​និង​អ្នក​មាន​ឥទ្ធិពល​មួយ​ចំនួន​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក។ ​កាល​ពីខែ​វិច្ឆិកា​ ឆ្នាំ ​២០២១​ មន្ត្រី​យោធា​ជាន់​ខ្ពស់​ពីរ​រូប​របស់​កម្ពុជា​គឺ​នាយ​ឧត្តម​សេនីយ៍​ ចៅ ភិរុណ ​អតីត​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​សម្ភារៈ​បច្ចេក​ទេស ​និង​បច្ចុប្បន្ន​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ ​និង​នាយ​ឧត្តម​នាវី ​ទៀ វិញ​ មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ត្រូវ​បាន​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​ដាក់​ឱ្យ​ចូល​ក្នុង​បញ្ជី​ខ្មៅ ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ​និង​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​កម្ពុជា​ដែរ។​

បន្ថែម​ពី​នោះ ​លោក​ឧកញ៉ា ​ទ្រី ភាព ​និង​លោក​នាយ​ឧត្តម​សេនីយ៍ ​គន់ គីម​ ទេស​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​អតីត​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​ប្រើប្រាស់​ឥទ្ធិពល ​និង​បណ្តាញ​របស់​ខ្លួន ​ដើម្បី​កេង​ប្រវ័ញ្ច​ពលរដ្ឋ​កម្ពុជា ​ហើយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន​ដែល​មក​រកស៊ី​នៅ​កម្ពុជា។​

បុគ្គល​ទាំង ​៥​នាក់​ខាង​លើ​សុទ្ធ​តែ​រង​ទណ្ឌកម្ម​តាម​ការ​អនុវត្ត​ច្បាប់ ​Global Magnitsky​ ដែល​ផ្តន្ទា​ទោស​លើ​ជន​រំលោភ​សិទ្ធិ​មនុស្ស ​និង​ប្រព្រឹត្ត​អំពី​ពុក​រលួយ​ធ្ងន់ធ្ងរ​ក្នុង​ពិភព​លោក។

ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​របស់​សហ​រដ្ឋ​អាមេរិក​លើ​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​កើត​ឡើង​ក្រោយ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ចេញ​របាយ​ការណ៍​ស្តីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​ ២០២៤​ ដែល​កត់​ត្រា​អំពី​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​កម្ពុជា​ខ្លះ​នៅ​ក្នុង​សកម្ម​ភាព​ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​ជំរុញ​ឱ្យ​មាន​ការ​ជួញ​ដូរ​មនុស្ស​ ក្នុង​អំពើ​ឧក្រិដ្ឋ​ឆបោក​តាម​បណ្តាញ​អ៊ីនធឺណិត ​ឬ​ហៅ​ថា​ online scam៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG