ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បរិស្ថាន​ផ្អាក​ដំណើរការ​ក្រុមហ៊ុន​វារីអគ្គិសនី​របស់​លោក លី យ៉ុងផាត់ ជា​បណ្តោះ​អាសន្ន


រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​សកម្ម​ភាព​ជា​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន​វារី​អគ្គិសនី ​ស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ​ (Stung Meteuk Hydropower)​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍សាត់​ ដែល​ជា​ក្រុមហ៊ុន​របស់​លោក ​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​លើក​ហេតុ​ផល​ថា​ ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​សកម្ម​ភាព​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ក្រម​បរិស្ថាន​ និង​ប្រមូល​ផល-អនុផល​ព្រៃ​ឈើ​ខុស​ពី​កិច្ច​សន្យា។ ​នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ចុះ​ថ្ងៃ​ទី ​២​ ខែ​កញ្ញា ​ដាក់​ទៅ​លោក​ លី យ៉ុងផាត់​ ដែល​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ស្ទឹងមេទឹក​ហាយដ្រូ​ផៅវ័រ។​

ចំណាត់​ការ​របស់​ក្រសួង​បរិស្ថាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​របាយ​ការណ៍​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់។​

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​លោក​ អ៊ាង សុផល្លែត ​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​ អ្នក​តំណាង​របស់​ក្រុមហ៊ុន​ពុំ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​លិខិត​បទដ្ឋាន​គតិយុត្ត ​ខ្លឹមសារ​ណែនាំ​នៃ​សៀវភៅ​បន្ទុក​ ប្រមូល​ផល-អនុផល​ព្រៃឈើ ​និង​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ​និង​សមត្ថកិច្ច​មន្ទីរ​បរិស្ថាន​ឡើយ។​

លិខិត​ដដែល​បញ្ជាក់​ថា​ ក្រុមហ៊ុន​ស្ទឹង​មេទឹក​ហាយដ្រូ​ផៅវ័រ​របស់​លោក ​លី យ៉ុងផាត់ ​បាន​ធ្វើ​សកម្ម​ភាព​ល្មើស​នឹង​បទប្បញ្ញត្តិ​នៃ​ក្រម​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ​រហូត​ដល់​បី​លើក​ ដោយ​លើក​ទី​ ១ ​ដឹក​ជញ្ជូន​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត ​លើក​ទី ២ ​កាប់​ប្រមូល​ឈើ​ក្រៅ​តំបន់​បាត​អាង​វារី​អគ្គិសនី​ និង​លើក​ទី ៣​ ដឹក​ជញ្ជូន​កែ​ច្នៃ​ឈើ​ដែល​មិន​ទាន់​បង់​ថ្លៃ​សួយ​សារអាករ។​

សកម្ម​ភាព​ល្មើស​ខាង​លើ​នេះ​ត្រូវ​បាន​មន្ត្រី​មាន​សមត្ថ​កិច្ច​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​ចាត់​វិធាន​ការ​ទប់​ស្កាត់ ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ ក្នុង​នោះ​ឃាត់​ខ្លួន​ជន​ល្មើស​ចំនួន ​១​រូប ​និង​ស្នើ​ចោទ​ប្រកាន់​បុគ្គល​ពាក់​ព័ន្ធ​ចំនួន ​៩​រូប។​ នេះ​បើ​តាម​លិខិត​របស់​ក្រសួង​បរិស្ថាន។​

ក្រសួង​បរិស្ថាន​បញ្ជាក់​បន្ថែម​ថា៖ ​«ហេតុ​ដូច្នេះ ​ក្នុង​គោល​បំណង​ទប់ស្កាត់​រាល់​សកម្ម​ភាព​ល្មើស​និង​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ផល ​អនុផល​ព្រៃ​ឈើ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ប្បញត្តិ​នៃ​លិខិត​បទដ្ឋាន​គតិយុត្ត ​ក្រសួង​បរិស្ថាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​សកម្ម​ភាព​ប្រមូល​ផល-អនុផល​ព្រៃឈើ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក ​និង​រោង​ម៉ាស៊ីន​អារ ​កែច្នៃ​ឈើ​ទាំង​អស់ ​ក្នុង​គម្រោង​វារី​អគ្គិសនី​ស្ទឹង​មេទឹក ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍សាត់ ​និង​ខេត្ត​កោះ​កុង​របស់​ក្រុមហ៊ុន​ស្ទឹង​មេទឹក​ ហាយដ្រូ​ផៅវ័រ​ ចាប់​ពី​ពេល​នេះ​ត​ទៅ​រហូត​ដល់​ក្រុមហ៊ុន​មាន​យន្តការ​គ្រប់គ្រង ​តាម​ដាន​ច្បាស់​លាស់​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ និង​ធានា​មិន​ឱ្យ​សកម្ម​ភាព​ល្មើស​ច្បាប់​កើត​ឡើង​ជា​ថ្មី»។​

លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ត្រូវបាន​ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ (Facebook)
លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ត្រូវបាន​ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ (Facebook)

លោក ​អេង រស្មី ​ប្រធាន​ស្តីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ចំពោះ​ករណី​នេះ ​ក្រសួង​បរិស្ថាន​កំពុង​ធ្វើ​កិច្ចការ​ជា​មួយ​ក្រុមហ៊ុន​ និង​ថា​ មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​មាន​សមត្ថកិច្ច​តែ​ក្នុង​ការ​អនុវត្ត​តាម​គោល​ការណ៍​ច្បាប់ ​និង​កិច្ចការ​ងារ​បន្ត​តាម​នីតិវិធី​តែ​ប៉ុណ្ណោះ។ ​លោក​ស្នើ​ឱ្យ​វីអូអេ​ទាក់​ទង​ទៅ​ក្រសួង​បរិស្ថាន​បន្ថែម​ជុំវិញ​ករណី​នេះ។​

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក​ ខ្វៃ អាទិត្យា ​ប្រាប់​ឱ្យ​វីអូអេ​មើល​ទៅ​តាម​លិខិត​ដែល​ក្រសួង​បាន​ដាក់​ទៅ​លោក ​ឧកញ៉ា ​លី យ៉ុងផាត់។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«មាន​ខ្លឹមសារ​នៅ​ក្នុង​លិខិត​ហ្នឹង!​ មាន​ខ្លឹមសារ​ហ្នឹង​ហើយ។​ ពូ​អត់​មាន​អី​ឆ្លើយ»។​

ចំណែក​លោក​ ជួប ប៉ារីស៍ ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ម្នាក់​ទៀត​បាន​ស្នើ​ឱ្យ​ទាក់ទង​សួរ​លោក​ ខ្វែ អាទិត្យា​វិញ។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

ក្នុង​ករណី​ផ្សេង​ទៀត​ លោក​ លី យ៉ុងផាត់​ និង​អាជីវ​កម្ម​របស់​លោក​ត្រូវ​បាន​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស ​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់ ​និង​ការ​បោក​ប្រាស់​តាម​អនឡាញ។​

គួរ​បញ្ជាក់​ថា​ គម្រោង​វារី​អគ្គិសនី​ស្ទឹង​មេទឹក​ ដែល​មាន​អានុភាព​ ១៥០​មេហ្គាវ៉ាត់​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ស្ទឹង​មេទឹក​ហាយដ្រូ​ផៅវ័រ ​ក្នុង​រយៈ​ពេល​ ៤៥​ឆ្នាំ ​ដោយ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​ដំបូង​ជា​ដំណាក់​កាល​ស្រាវជ្រាវ ​និង​សាង​សង់។​ អាង​ស្តុក​ទឹក​នៃ​គម្រោង​វារី​អគ្គិសនី​នេះ​ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ឃុំ​ថ្មដា ​ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់ ​និង​ឃុំ​ប៉ាក់ខ្លង ​ស្រុក​មណ្ឌល​សីមា ​ខេត្ត​កោះកុង។​ អាង​ស្តុក​ទឹក​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ​មាន​ផ្ទៃដី​អភិវឌ្ឍន៍​ចំនួន​ ២.៦៦០​ហិកតា ​និង​ខេត្ត​កោះកុង ​មាន​ផ្ទៃដី​ចំនួន​ ៩៩៤​ហិកតា។​ ផ្ទៃ​អាង​ស្តុក​ទឹក​ក្នុង​ខេត្ត​ពោធិ៍សាត់​ត្រូវ​ធ្វើ​ការ​សម្អាត​បាត​អាង​មុន​គេ​ ដែល​មាន​រយៈ​ពេល​៥​ឆ្នាំ ​ដោយ​គិត​ចាប់​ផ្តើម​ពី​ដើម​ខែ​មករា​ ឆ្នាំ​ ២០២៤ ​ត​ទៅ។ ​នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អាជ្ញាធរ​កម្ពុជា​កាល​ពី​កន្លង​ទៅ។​

លោក​ ហេង គឹមហុង ​ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​ជំរុញ​ឱ្យ​មាន​វិធាន​ការ​តឹងរ៉ឹង​លើ​សកម្ម​ភាព​ល្មើស​របស់​ក្រុម​ហ៊ុន​ឬ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ។​

លោក​ថ្លែង​ថា៖​ «ជុំវិញ​ករណី​នេះ​ ខ្ញុំ​យល់​ថា​ ក្រសួង​បរិស្ថាន​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ថា​ ហេតុ​អី​បាន​ក្រុម​ហ៊ុន​ហ៊ាន​ថ្លើម​ធំ​រហូត​ដល់​ប្រព្រឹត្ត​ លក់​យ៉ាង​គឃ្លើន​ខុស​ពីច្បាប់​ដោយ​មិន​ខ្លាច​ក្រសួង​បរិស្ថាន​ អាជ្ញាធរ​បែប​នេះ​បាទ។ ​បើ​សិន​រក​ឃើញ​មាន​ទំនាក់​ទំនង​ជា​មួយ​នរណា​ម្នាក់ ​ឬ​ក៏​អ្នក​ដែល​បញ្ជា​នៅ​ពី​ខាង​ក្រោយ​ខ្នង​ ជា​នរណា​ម្នាក់​ ទោះ​បី​ជា​ធំ​កម្រិត​ណា​ក៏​ដោយ​ ត្រូវ​តែ​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​ រដ្ឋ​ត្រូវ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជា​ទី​បំផុត​ទៅ​ដល់​សកម្ម​ភាព​ល្មើស​របស់​ក្រុម​ហ៊ុន​នេះ​ បើ​សិន​រក​ឃើញ​មាន​ចេតនា​ដោយ​ក្រុម​ហ៊ុន​ ឬ​ម្ចាស់​របស់​ក្រុម​ជា​អ្នក​មាន​ចេតនា»។​

លោក ​ហេង គឹមហុង ​ជំរុញ​ឱ្យ​ក្រសួង​បរិស្ថាន​ស៊ើប​អង្កេត​ទៅ​លើ​អាជ្ញាធរតាម​មូលដ្ឋាន​ផង​ដែរ​ ដើម្បី​ធានា​ថា​ មិន​មាន​ការ​បណ្តែត​បណ្តោយ​ឱ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​អភិរក្ស៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG