ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកម្ពុជាកាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ


លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ក្រុមអ្នកសារព័ត៌មាន ខណៈលោកចាកចេញពីគេហដ្ឋានរបស់លោក មុនសេចក្តីប្រកាសសាលក្រមកាត់ក្តីរូបលោកពីបទក្បត់ជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ក្រុមអ្នកសារព័ត៌មាន ខណៈលោកចាកចេញពីគេហដ្ឋានរបស់លោក មុនសេចក្តីប្រកាសសាលក្រមកាត់ក្តីរូបលោកពីបទក្បត់ជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​ផ្តន្ទា​ទោស​លោក កឹម សុខា អតីត​មេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ ឆ្នាំ ពី​បទ «ក្បត់​ជាតិ»។ ក៏ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ភ្លាមៗនោះទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវីការពារក្តីរបស់​លោក កឹម សុខា។

លោក អាង ឧត្តម មេធាវី​របស់​លោក កឹម សុខា ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក កឹម សុខា ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​ និង​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជួប​ជនបរទេស​ឡើយ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

លោក អាង ឧត្តម បានបញ្ជាក់​ថា៖ «តែ​យ៉ាងណា គេ​មិន​ឃុំ​ខ្លួន​ភ្លាមទេ។ ព្រោះ​ជាទូទៅ​សាល​ក្រម សេចក្តី​សម្រេចអាច​សម្រេច​ភ្លាម ឃុំខ្លួន​ភ្លាម។ ប៉ុន្តែ​យើង​ពិចារណា​ដូច​លក្ខណៈ​ឃុំ​ខ្លួន​ដែរ គឺការ​ឃុំខ្លួន​នៅផ្ទះ»។

លោក​មេធាវី​បានចាត់​ទុក​ការកាត់​ទោស​នេះ​មិន​ត្រឹម​ត្រូវ អយុត្តិធម៌ និង​មាន​លក្ខណៈ​នយោបាយ។

លោក កឹម សុខា ​បានរង​ការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស​ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ។ លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោយ​ជាប់​ពន្ធនាគារ​រយៈពេលជាងមួយ​ឆ្នាំ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ និង​រង​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​ដែរ។

សំណុំ​រឿង​របស់​លោក កឹម សុខា ត្រូវ​បាន​តំណាង​ទូត​បរទេស​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​ដាន​យ៉ាង​ដិត​ដល់។ លោក កឹម សុខា បាន​ជួប​ជាមួយ​តំណាង​អង្គទូតបរទេស​នានា​ជា​បន្ត​បន្ទាប់ ក្នុង​ពេល​លោក​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់៕

XS
SM
MD
LG