ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោស​ប្រមាថ​ព្រះចេស្ដា​បង្ក​ក្ដី​បារម្ភ​ដល់​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​កម្ពុជា


រូបឯកសារ៖ ព្រះឆាយាលក្ខណ៍​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​មុខ​ព្រះ​បរម​រាជវាំង​ ក្នុង​​ឱកាស​ខួប​ទី​១០​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​​គ្រង​រាជ​សម្បតិ្ត​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​តុលា​ ឆ្នាំ​២០១៤។ (រូបថត Reuters)
រូបឯកសារ៖ ព្រះឆាយាលក្ខណ៍​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​មុខ​ព្រះ​បរម​រាជវាំង​ ក្នុង​​ឱកាស​ខួប​ទី​១០​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​​គ្រង​រាជ​សម្បតិ្ត​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​តុលា​ ឆ្នាំ​២០១៤។ (រូបថត Reuters)

វិសោធនកម្ម​ច្បាប់ ​ដែល​​បន្ថែម​ទោសទណ្ឌ​អ្នក​ប្រមាថ​ព្រះ​មហា​ក្សត្រ​ ​បាន​បង្ក​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​និង​អ្នក​ច្បាប់​ដែល​យល់​ថា​ ការ​ដាក់​ទោស​ទណ្ឌថ្មី​នេះ​អាច​​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​​អនុវត្ត​យ៉ាង​បំពាន​ក្នុង​ការ​​គាប​សង្កត់​ក្រុម​ជំទាស់។

ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ​ ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​នឹងមាន​ករណី​កិច្ចក្នុង​ការ​ការពារ​និង​បម្រើ​ផល​ប្រយោជន៍​មាតុ​ប្រទេស​របស់​ខ្លួន​ ដោយ​មិនត្រូវ​និយាយ​ ​ឬ​ធ្វើ​សកម្ម​ភាព​ទាំងឡាយ​ណា​ប៉ះពាល់​ដល់​ព្រះចេស្ដា​អង្គ​ព្រះ​មហា​ក្សត្រ​ត​ទៅ​ទៀត​ទេ។ នេះ​បើ​យោង​តាម​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​ដែល​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​ដោយ​ឯកច្ឆន្ទ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​កន្លង​ទៅ។​

ការ​កែតម្រូវ​ ដោយ​បន្ថែម​បញ្ញត្តិ​ទោស​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​ ​នឹង​បើក​ផ្លូវ​ទៅ​ដល់​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំទៅ​ប្រាំ​ឆ្នាំ​ ​ដល់​រាល់​សកម្ម​ភាព​កាយ​វិការ​ចិត្ត​នានា​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះ​ចេស្ដា​ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​អង្គ​ព្រះ​មហា​ក្សត្រ​ដែល​ជា​ស្ថាប័ន​ថ្នាក់​ខ្ពស់​បង្អស់​របស់​ប្រទេស។​

ទោស​ប្រមាថ​ព្រះ​ចេស្ដា​នេះ​មាន​លក្ខណៈ​ស្រដៀង​នឹង​នីតិ​ន័យក្នុង​ប្រទេស​ថៃ​ដែល​ជានិច្ច​ជាកាល​ត្រូវ​បាន​ទទួល​ការ​រិះ​គន់​ថា ​ប្រើ​ប្រាស់​ទោសប្រមាថ​ព្រះ​ចេស្ដា​ដើម្បី​បំបិទ​មាត់មជ្ឈដ្ឋាននយោបាយ​ជំទាស់​ដែល​មាន​និន្នាការ​ផ្ទុយ​នឹង​វរជន​អភិរក្ស​និយម​ដែល​នៅ​តាំង​ទី​ចាក់​ ឫស​នៅ​ជុំវិញ​ព្រះ​រាជ​បល្ល័ង្ក។​

ក្រុម​ការងារ​អន្តរ​ក្រសួង​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​តាក់​តែង​សេចក្តីព្រៀង​ច្បាប់​នេះ​ឡើង​នៅ​ពេល​មាន​ការ​បង្ក្រាប​ខាងនយោបាយ​ទៅ​លើ​ក្រុម​នយោបាយ​ជំទាស់​ សង្គម​ស៊ីវិល ​និង​បណ្ដាញ​សារ​ព័ត៌មាន​ឯករាជ្យ។ ​ការណ៍​ដែល​សំណើ​វិសោ​ធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ​និង​ក្រម​ព្រហ្មទណ្ឌ​ទទួល​សំឡេងគាំទ្រ​១២៣​សំឡេង​ ​លើ​១២៣​សំឡេងក្នុង​រដ្ឋសភា​ ​មិន​មែន​ជា​រឿង​ចៃដន្យ​ ​និង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​អ្វី​ពេក​ទេ ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ខែ​វិច្ឆិកា។​

លោក ​ជិន ម៉ាលីន​ ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បាន​និយាយ​ប្រាប់ ​VOA ​ថា ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជា​កញ្ចប់​លើក​នេះ«មាន​ភាព​ចាំ​បាច់​ណាស់»​ ​ដើម្បី​ធានា​ឱ្យ​មានសណ្ដាប់​ធ្នាប់​ ​និង​របៀប​រៀបរយ​ក្នុង​ការ​អនុវត្ត​ភាព​ជា​ពលរដ្ឋ ​និង​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប។ ​លោក​ថា​ ​ទោស​ប្រមាថ​ព្រះ​ចេស្ដា​គួរ​ណា​តែ​មាន​ជា​យូរ​មក​ហើយ។​

«មូល​ហេតុ​ដែល​យើង​មិន​ធ្វើ​បញ្ញត្តិ​ច្បាប់​ពេល​នោះ ​ហើយ​ទើប​តែ​មក​ធ្វើ​ពេល​នេះ​ ដោយ​សារ​តែ​បរិបទ​បច្ចុប្បន្ន​នេះមាន​ភាព​ខុស​គ្នា ​ដោយ​មាន​មនុស្ស​មួយ​ចំនួន​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ហួស​ព្រំដែន​ រហូត​ទៅ​ដល់​ប៉ះ​ពាល់​សេចក្ដី​ថ្លៃថ្នូរ​របស់​អង្គ​ព្រះ​មហា​ក្សត្រ»។

លោក​ ​ជិន ម៉ាលីន​ ​បាន​បញ្ជាក់​ថា ​ទោស​ប្រមាថ​ព្រះ​ចេស្ដា​នេះ​នឹង​អនុវត្ត​តែ​លើ​រាល់​សកម្មភាព​ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​ព្រះកិត្តិនាមនៃ​អង្គ​ព្រះ​មហា​ក្សត្រ​តែ​មួយ​អង្គ​ឯង​តែ​ប៉ុណ្ណោះ​ ​ហើយ​មិន​គ្របដណ្ដប់​ដល់​សម្ដី ​និង​កាយ​វិការ​ដែល​ប៉ះ​ពាល់ដល់​ព្រះ​រាជ​វង្សានុវង្ស​ដទៃ​ទៀត ​ប្រមុខ​រដ្ឋ​ស្ដីទី ​ឬ​បុគ្គល​ដែល​ទទួល​គោរមងារ​ពី​ព្រះ​មហា​ក្សត្រឡើយ។​

វិសោធន​កម្ម​ច្បាប់​មួយ​កញ្ចប់​ក្នុង​ពេល​តែ​មួយ​នេះក៏​បាន​នាំ​ឱ្យមាន​ការ​កែ​ប្រែ​ខ្លឹម​សារ​មួយ​ចំនួន​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​ដែល​ជា​វិសោធន​កម្ម​លើក​ទី៩ ​ដែល​ក្នុង​នោះ​រួម​មាន​ការ​ចាប់​បង្គាប់​ខាឃាំង​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ​សមាគម​ឬ​គណបក្សនយោបាយ​ណា​មួយ​ធ្វើ​សកម្មភាព​ណា​ដែល​ប៉ះពាល់​ដល់​«ផល​ប្រយោជន៍»​ជាតិ​របស់​កម្ពុជា ​ហើយ​មួយ​ទៀត​ក៏​បានបើក​ផ្លូវ​ឱ្យ​ស្ថាប័ន​តុលាការ​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ដក​ហូត​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះឆ្នោត ​និង​សិទ្ធិឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត។ ​នេះ​បើ​យោង​តាម​លោក​ ជិន ​ម៉ាលីន។

លោក​ជិន ​ម៉ាលីន ​ដែល​ជា​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិធម៌​ ​បាន​ប្រាប់​ VOA​តាម​ខ្សែ​ទូរ​ស័ព្ទ​បន្ត​ទៀត​ថា៖

«អីចឹង​បាន​ន័យ​ថា​ ការ​ធ្វើ​ច្បាប់​នេះ​ ក្នុង​ន័យ​មួយ​ ដើម្បី​ការពារ​និង​ថែរក្សា​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល​ និង​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ គឺ​មិន​មែន​ក្នុង​គោលដៅ​គាប​សង្កត់​លើ​ក្រុម​ណា​មួយ​នោះ​ទេ។ ​ហើយ​មែន​ទែន​ បើសិន​ជា​គ្រប់​ក្រុមដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ទាំង​អស់ ​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​ជាតិ​ជា​រួម​ ដូច​មិន​មាន​អ្វី​ដែល​ត្រូវ​បារម្ភ​អំពី​បញ្ញតិ្ត​ច្បាប់​នេះ​នោះ​ទេ»។​

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​បង្ហើប​ប្រាប់​ទៀត​ថា​ ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​លើក​នេះ​នឹង​បើក​ផ្លូវ​ឱ្យ​មាន​ការ​តាក់​តែង​ច្បាប់ ​និង​វិសោធន​កម្ម​លើ​ច្បាប់​មុនៗ​បន្ត​ទៀត ​តែ​លោក​សុំ​មិនធ្វើ​អត្ថាធិប្បាយ​លម្អិត​ជាង​នេះ​នោះ​ទេ។​ ​កញ្ចប់​ច្បាប់​ស្ដីពី​វិសោធ​នកម្ម​រដ្ឋ​ធម្មនុញ្ញ​លើក​ទី៩​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធ​សភា​ ​ដែល​គេ​រំពឹង​ទុក​ថា​ នឹង​ប្រថាប់​ត្រា​យល់​ព្រម​ ​ផ្ញើ​ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​មុន​នឹង​ទទួល​បាន​ការ​ឡាយ​ព្រះ​ហស្ថ​លេខា​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវ​ការ​ពី​ព្រះ​បាទ​នរោត្តម​ ​សីហមុនី។​

លោក​ ​Kingsley ​Abbott​ ​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​នីតិ​អន្តរជាតិ​នៃ​គណៈ​កម្មការ​អន្តរ​ជាតិ​នៃ​ក្រុម​អ្នក​ច្បាប់​ ​(International ​Commission ​of​ Jurists)​ ​បាន​និយាយ​ថា​ ​បណ្ដា​រដ្ឋាភិបាល​នៃ​រដ្ឋ​នានា​នៅ​ក្នុង​តំបន់​ ​បាន​នឹង​កំពុងមើល​គ្នា​ទៅ​វិញ​មក ​និង​បញ្ជូន​មេរៀន​បណ្ដាក់​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ​ ក្នុង​ការ​«ធ្វើ​យ៉ាង​ណា​ប្រើ​ប្រាស់​ច្បាប់​ដោយ​មិន​ត្រឹមត្រូវដើម្បី​ដាក់​រនាំង​ ​បាំង​ការ​បញ្ចេញ​មតិ​ ដែល​ជា​សិទ្ធិ​មូល​ដ្ឋាន»​របស់​ពលរដ្ឋ។

អ្នក​ជំនាញ​ការ​ផ្នែក​ច្បាប់​រូប​នេះ​ ​បាន​ប្រាប់ ​VOA​ តាម​សារ​អេឡិច​ត្រូនិក​ ​ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖​

«គួរ​ឱ្យ​កត់​សម្គាល់​ ​កាតព្វកិច្ច​ទាំង​នេះ​ [ក្នុង​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​៩​របស់​កម្ពុជា]​បាន​ប្រើប្រាស់​ពាក្យ​ពេជន៍ក្នុងន័យ​យ៉ាង​ធូរ​ទូលាយ​ ​ដែល​ពួក​គេ​[របប​ដឹកនាំ​កម្ពុជា]​ អាច​បក​ស្រាយ​ទាញ​និយម​ន័យ​តាម​តែ​អំពើ​ចិត្ត ​ដើម្បី​រាប់​បញ្ចូល បើក​ផ្លូវ​ឱ្យ​មាន​សកម្មភាព​ជា​ច្រើន​សន្ធឹក​របស់​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​ធ្វើការ​គាប​សង្កត់»។​

លោក​ ​Kingsley ​Abbott​ ​បាន​ចារ​ជា​សំណេរ​បន្ត​ថា​ ​ការ​ធ្វើ​វិសោធន​កម្ម​មួយ​កញ្ចប់​ធំ​នេះ​ក៏​ប៉ះ​ពាល់​ដល់​ខ្លឹមសារ​នៃ​ការអនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា​ផង​ដែរ​ ​ជាមួយ​នឹង​«ភាព​ដែល​អាច​ព្យាករណ៍​បាន»​នៃ​ចរឹត ​និង​ចេតនា​នៃ​អ្នក​ធ្វើ​ច្បាប់​ក្នុង​ការតាក់តែង​ច្បាប់​អ្វី​មួយ។​

ការ​អនុវត្ត​ច្បាប់​ដាក់​ទោស​ទណ្ឌ​ស្ដី​ពី​ការ​ប្រមាថ​ព្រះចេស្ដា​ត្រូវ​បាន​អនុវត្ត​យ៉ាង​សកម្ម​នៅ​ប្រទេស​ថៃ ​តាម​រយៈ​មាត្រា​១១២​នៃ​ក្រម​ព្រហ្មទណ្ឌ​ថៃ ​តែ​ត្រូវ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​រិះ​គន់​យ៉ាង​ខ្លាំងក្លាថា ​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​រំលោភ​បំពាន​ខ្លាំង​ជាង​មុន ​តាំង​ពី​របប​អាជ្ញាសឹក​បាន​ចូលកាន់​អំណាច​តាំង​ពីរដ្ឋ​ប្រហារ​យោធា​ឆ្នាំ​២០១៤ ​ដើម្បីបិទ​មាត់​អ្នក​ជំទាស់ ​និង​ក្រុម​ប្រឆាំង​នឹង​ក្រុម​អ្នក​កាន់​អំណាច​យោធា។​

បញ្ញវ័ន្ត​សង្គម​ដ៏​ល្បី​ឈ្មោះ​ វ័យ​៨៥ឆ្នាំ​របស់​ថៃ​គឺ​លោក​ ​សុល័ក្ខ សិវរក្សា (Sulak​ Sivaraksa) ​ដែលបានចោទជាសំណួរលើសុក្រឹត្យភាព​នៃពង្សាវ​តារ​ថៃ ដែលនិយាយពីការប្រជល់ដំរីរបស់ព្រះ​រាជាក្រុងស្រី​អយុធ្យាកាល​ពី​ច្រើន​សតវត្សរ៍​មុន ​និងសកម្ម​ជន​ម្នាក់ដែលបាន​ចុច​បញ្ចេញ​សារ​ចែក​រំលែក​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​នូវ​ប្រវត្តិ​ព្រះ​បាទ ​រាមាទី​១០ ​មហា​វេជ្ជរា​ឡុងកន ​ដែល​តាក់តែង​ឡើង​ដោយ​សារ​ព័ត៌មាន​អង់គ្លេស ​BBC ​បាន​ក្លាយ​ជា​គោលដៅ​ថ្មី​បំផុត​នៃ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​ការ​ប្រមាថ​ព្រះចេស្ដា​នៅ​ប្រទេស​ជិត​ខាងកម្ពុជា​នេះ។​

នៅ​ឯ​ប្រទេស​កម្ពុជា​វិញ ​របប​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ត្រូវ​បាន​ក្រុម​អ្នក​រិះ​គន់ និង​អ្នក​ឃ្លាំ​មើល​មើលឃើញ​ថា​ ​បាន​នឹង​កំពុង​រន្ថើន​សន្ធឹក​នៃ​ការ​បង្ក្រាប​នយោបាយ ​និង​យក​អ្នក​ជំទាស់​នឹងរបប​ដឹកនាំ​របស់​លោក​ធ្វើ​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​ផ្នែក​ផ្លូវ​ច្បាប់។

បុរស​ម្នាក់​វ័យ​២៩ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​ប៉ោយ​ប៉ែត​ក្បែរ​បន្ទាត់​ព្រំដែន​ថៃ ​មិន​យូរ​ប៉ុន្មាន​មុនពិធី​មង្គលការ​របស់​លោក​ចាប់​ផ្ដើម ​ក្រោយ​ពី​លោក​បាន​ធ្វើការ​អំពាវ​នាវ​តាម​បណ្ដាញ​សង្គម ​ឱ្យ​មាន​ការ​ងើប​ឡើង​ប្រឆាំងនឹង​«របប​ផ្ដាច់​ការ»។​

មន្ត្រី​សហជីព​ម្នាក់​ទៀតឈ្មោះ ​សម សុខា​ក៏​ទើបត្រូវ​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ពី​ប្រទេស​ថៃ​មក​កម្ពុជា ​មក​ប្រឈម​នឹង​ការ​កាត់​ទោស ​បន្ទាប់​ពី​អ្នក​ស្រី​បាន​ដោះ​ស្បែក​ជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ ​នៅ​តាម​ផ្លូវ ​ដែល​មាន​រូបថតលោកហ៊ុន សែន​ ប្រធាន​គណបក្ស​ និង​លោក​ហេង សំរិន​ ប្រធាន​កិត្តិយស​គណបក្ស​កាន់​អំណាច​នេះ។

ដោយ​ឡែក​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​ ​កឹម សុខា​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​ទៅ​ ​ដាក់​បញ្ចូល​ក្នុង​ពន្ធនាគារ​ដោយ​ប្រឈម​មុខ​នឹង​បទ​ចោទ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ​ខណៈ​ដែលគណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកត្រូវ​បាន​តុលាការ​កំពូល​ ​ ដែល​មានចៅក្រម​មួយ​ចំនួន​ជា​សមាជិក​គណបក្ស​កាន់​អំណាច​ ធ្វើ​ការ​រំលាយ​ដាក់​ឱ្យ​នៅ​ក្រៅ​ច្បាប់​ ដែល​នាំ​ឱ្យគណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយ​នេះ​ ​មិន​គ្រប់​លក្ខណៈសម្បត្តិ​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោតរដ្ឋ​សភា​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​

អ្នក​កាសែត​ពីរ​រូប​ដែល​ធ្លាប់​ធ្វើការ​ឱ្យ​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេមរភាសា​ ​និង​អ្នក​កាសែត​អូស្ត្រាលី​ម្នាក់​កំពុង​ត្រូវ​បាន​ជាប់​ឃុំ​ផង​ដែរ ដោយ​ប្រឈម​មុខ​នឹង​បទ​ចោទ​នៃ​ការ​ធ្វើ​ចារ​កម្ម​ បញ្ជូន​ព័ត៌មាន​ដល់​រដ្ឋ​បរទេស។​

ព្រម​ពេល​ជាមួយ​គ្នានេះ​ គេ​អង្កេត​ឃើញ​មាន​តែ​មួយ​ករណី​ប៉ុណ្ណោះ​នា​ពេល​ថ្មីៗ​នេះ ​ដែល​មាន​ករណី​ទំនង​ជា​ការ​ប្រមាថដល់​ព្រះ​កិត្តិនាម​ ​និង​ព្រះ​កិត្តិយស​របស់​ព្រះបាទ​ ​នរោត្តម សីហមុនី​ ​ដែល​បាន​គ្រង​រាជ​សម្បត្តិ​តាំង​ពី​ឆ្នាំ​២០០៤​មក។

ក្នុង​កិច្ច​សន្ទនា​ឯកជន​មួយ​តាម​ទូរស័ព្ទ​ ដែល​ត្រូវ​បាន​គេ​ថត​ទុក ​និង​ផ្សព្វ​ផ្សាយ​លើ​បណ្ដាញសង្គម​គាំទ្រ​រដ្ឋាភិបាល ​បាន​បង្ហាញ​នូវការ​ប្រើ​ពាក្យ​ពេជន៍មិន​សម​រម្យ​ទាក់​ទង​នឹង​ព្រះ​ករុណា​ព្រះ​មហា​ក្សត្រ​កម្ពុជា ​ដោយ​លោក​អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី ​លឺ ឡាយស្រេង។ ​លោក​បាន​រត់​ភៀស​ខ្លួន​ ក្រោយ​ពី​ខ្សែ​អាត់​សំឡេងត្រូវ​បាន​បង្ហោះ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​មុន ​តែ​លោក​ក្រោយ​មក​ត្រូវ​បាន​កាត់​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ ​ដ្បិត​អី​មិន​ទាន់​មាន​បញ្ញតិ្ត​ទោស​ប្រមាថ​ព្រះ​ចេស្ដា​នៅ​ឡើយក្នុង​កម្រង​ច្បាប់​នានា​របស់​កម្ពុជា។​

លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែនផ្ទាល់ ​ដែល​នា​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ​បាន​នាំ​គណបក្ស​កាន់​អំណាច​ទាំង​មូល​បង្ហាញ​ភាព​ស្មោះ​ស្ម័គ្រ​នឹង​ព្រះ​រាជ​បល្ល័ង្ក ​និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​នោះ​ ​ក៏​ធ្លាប់​មាន​ប្រវត្តិ​ចម្រូង​ចម្រាស់​ជាមួយ​អតីត​ព្រះ​មហាក្សត្រ ​និង​អង្គ​ព្រះ​មហា​ក្សត្រ​បច្ចុប្បន្ន​ផង​ដែរ។​

កាលពី​ឆ្នាំ​២០០៥ ​នៅ​ចំ​ពេល​មាន​ការ​បង្អែ​បង្អង់​ក្នុង​ការ​ឡាយ​ព្រះ​ហស្ថ​លេខា​លើ​សន្ធិ​សញ្ញា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន ​បាន​ព្រមាន​ថា លោក​នឹង​ពិចារណា​បង្កើត​សាធារណរដ្ឋ ​បើ​សិន​ជា​មាន​ការលំបាក​ក្នុង​ការ​ទទួល​ព្រះ​ហស្ថលេខា​ពី​ព្រះ​មហា​ក្សត្រ​លើ​ស​ន្ធិសញ្ញា​ដ៏​ចម្រូង​ចម្រាស​នា​គ្រា​នោះ។​

លោក​ ​ហ៊ុន សែន​ ​ក៏​ធ្លាប់​បញ្ចេញ​ប្រតិកម្ម​តប​ខ្លាំងៗ​ទៅ​នឹង​ ​ស្មេរ​ដែល​មាន​នាម​ស្លាប​ប៉ាកា​ថា ​«រួម រឹត» ​ដែល​ជា​រឿយ​ធ្លាប់​បានបង្ហាញ​វត្តមាន​យ៉ាង​ចម្លែក​តាម​រយៈ​សំណេរ​នានា​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ព្រឹត្តិប័ត្រប្រចាំ​ខែ​របស់​អតីត​ព្រះ​មហា​ក្សត្រ ​ព្រះបាទ​ ​នរោត្តម ​សីហនុ ​រិះគន់​ជំហរ​ និង​សកម្មភាព​នៃ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន។​

ក៏​ធ្លាប់​មាន​ផង​ដែរ​នូវ​ការ​សង្ស័យ​ថា ​អតីត​ព្រះ​មហា​ក្សត្រ ​នរោត្តម ​សីហនុ ​ផ្ទាល់​ជា​អ្នក​សរសេរ​សំណេរ​របស់​លោក«រួម រឹត»​ ដែល​ត្រូវ​បាន​ទ្រង់​បង្ហើប​ថា​ ជា​មិត្ត​ពី​កុមារ​ភាព​របស់​ទ្រង់ ​តែ​មិន​មាន​ការ​បញ្ជាក់​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត ​និង​ឯករាជ្យណា​មួយ​ ដើម្បី​ចង្អុរ​ឱ្យ​ចំ​ជា​ផ្លូវ​ការ​ថា​«រួម រឹត»​ជា​នរណា​ឱ្យ​ពិត​ប្រាកដនៅ​ឡើយ​ទេ។​

នៅ​ឆ្នាំ​២០០៨​ ព្រះបាទ​សម្ដេច ​ព្រះ​នរោត្តម ​សីហនុ ​ក៏​ធ្លាប់​ព្រមាន​បញ្ជូន​ព្រះ​រាជ​វង្សា​នុវង្ស​ទាំង​មូល រួម​ទាំង​អង្គ​ព្រះ​មហា​ក្សត្រ​ ​នរោត្តម សីហមុនី ​ផង​ទៅ​គង់​ព្រះ​កាយ​នីរទេស​ខ្លួន​នៅ​បរទេស ​ក្រោយ​ពី​មាន​ការ​ថ្លែង​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​ ​ទៅ​លើ​ព្រឹត្តិ​ការណ៍​នៃ​ការ​រំលាយ​របប​រាជា​និយម​នៅ​ប្រទេស​នេប៉ាល់ ​នា​គ្រា​នោះ។

យ៉ាងណាក្ដី ​អ្វី​ ដែល​គេ​ហៅ​ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​នោះ​ មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ការ​រិះគន់​ពី​សហគមន៍អន្តរជាតិ​នោះ​ទេ។ ​បន្ទាប់​ពី​មាន​ការ​ចាត់​វិធាន​ការ​មួយ​ចំនួន​ ដែលនាំ​ឱ្យ​បិទ​ជំនួយ​សម្រាប់​ការបោះឆ្នោត​ ​និងនាំ​ឲ្យ​មានការ​រឹត​បន្តឹង​ទិដ្ឋាការ​ចូល​ទៅសហ​រដ្ឋ​អាមេរិក​នោះ​ ​សហភាព​អឺរ៉ុបត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចេញ​សេចក្ដី​សម្រេច​មួយ​នៅ​ថ្ងៃទី​២៦​ខែ​កុម្ភៈ​ខាង​មុខដោយ​និយាយ​លម្អិត​អំពី​គោល​នយោបាយ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។​

លោក​ ​Phil​ Robertson​ ​នាយក​រង​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch ​បាន​និយាយ​ថា​ ​លោក​មើល​មិន​ឃើញ​ថា ​មាន​សញ្ញាណ​ណា​មួយ​បង្ហាញ​ពី​កំណើន​នៃ​ការ​បញ្ចេញ​មតិ​ប៉ះពាល់​ស្ថាប័ន​ព្រះ​មហា​ក្សត្រ​កម្ពុជា​បច្ចុប្បន្ន​នោះ​ទេ ​ហើយ​ថា​ ​ការ​តាក់​តែង​ទោស​បញ្ញត្តិ​ប្រមាថ​ព្រះចេស្ដា​នេះ​គ្រាន់​តែ​ជា​ជំហាន​ថ្មីមួយទៀត​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​ដើរ​ឆ្លង​ផុត​«បន្ទាត់​ក្រហម»នៃ​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​និយាយទៀត​ថា ​ការ​ចេញ​សេចក្ដី​សម្រេច​របស់​សហ​ភាព​អឺរ៉ុប​នាថ្ងៃ​ទី​២៦ ​ខែកុម្ភៈ​ខាង​មុខ​ នឹង​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​តាម​ដាន ​ដែល​អាច​បញ្ជាក់​ប្រាប់​អំពី​ថាមភាព​នៃ​ការ​ឆ្លើយ​តប​របស់​សហភាពអឺរ៉ុប​ទៅ​នឹង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។​

«ហើយ​ខ្ញុំ​គិត​ថា ​ការ​លើក​ឡើង​នូវ​បញ្ហា​ទាំង​ឡាយ​ទាំង​ពួង​នេះ ​មិន​មែន​ទាក់​ទិន​តែ​នឹង​ស្ថិរ​ភាព​សម្រាប់​វិនិយោគិនក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ តែ​ខ្ញុំ​គិត​ថា​ ​វា​ថែម​ទាំង​គ្រប​ដណ្ដប់​លើ​រាល់​ក្ដី​បារម្ភ​នៅ​សហភាព​អឺរ៉ុប​ឯណោះ ចំពោះ​ការណ៍​ដែលពួកគេ​កំពុង​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម​ទៅ​ឱ្យ​រដ្ឋាភិបាល​មួយ​ដែល​វាយ​បំបែក​ជា​ប្រព័ន្ធ​នូវ​ផែន​គោល​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​របស់​ខ្លួន»។​

VOA​ ​មិន​អាច​ទាក់​ទង​លោក​ ​អ៊ុំ ដារ៉ាវុធ​ ​មន្ត្រី​ជាន់​ខ្ពស់​ព្រះ​បរម​រាជវាំង​ ​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​ ​នៅ​សប្ដាហ៍​នេះ។ ​តាំង​ពី​ឆ្នាំ​២០០៤​មក​ ​ព្រះ​មហា​ក្សត្រ​ ​ព្រះបាទ​ នរោត្តម ​សីហមុនី ​ក្នុង​ករណី​ភាគ​ច្រើន​ ទ្រង់​បាន​អនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​នូវ​ព្រះ​រាជ​តួនាទី​ តម្រូវ​ដោយ​រដ្ឋ​ធម្មនុញ្ញ ​ខណៈ​ព្រះ​វររាជ​បិតា​របស់​ទ្រង់​ ​ជា​រឿយៗ​ធ្លាប់​បាន​យាង​ធ្វើ​អន្តរាគមន៍​លើ​រាល់​ជម្លោះ​នយោបាយ​នានា៕

XS
SM
MD
LG