ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ដោះ​លែង​ឱ្យ​លោក ​Devillers ​ទៅ​ចិន​តាម​បំណង​


ទិដ្ឋភាព​ពី​ខាងក្រៅ​គេហដ្ឋាន​របស់​ស្ថាបត្យករបារាំង Patrick Henri Devillers ក្នុង​ក្រុង​ភ្នំពេញ កម្ពុជា ថ្ងៃទី២១ ឧសភា ២០១២។
ទិដ្ឋភាព​ពី​ខាងក្រៅ​គេហដ្ឋាន​របស់​ស្ថាបត្យករបារាំង Patrick Henri Devillers ក្នុង​ក្រុង​ភ្នំពេញ កម្ពុជា ថ្ងៃទី២១ ឧសភា ២០១២។
ភ្នំពេញ៖ មន្រ្តី​ផ្លូវការ​របស់​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ជនជាតិ​បារាំង​លោក Patrick Devillers ដែល​ត្រូវ​សង្ស័យ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿង​អាស្រូវ​របស់​អ្នក​នយោបាយ​ជាន់ខ្ពស់​ចិន​លោកBo Xilai ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ។

លោក​កុយ គួង ​អនុ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​មាន​ប្រសាសន៍​ថ្ងៃ​ពុធ​នេះ​ថា​លោក Devillers ​បាន​ចាក​ចេញ​ដោយ​ស្ម័គ្រចិត្ត​ពី​ប្រទេស​កម្ពុជា​កាល​ពី​យប់​ម្សិលម៉ិញ​នេះ​ឆ្ពោះ​ទៅ​កាន់ក្រុង​ប៉េកាំង។

«កម្ពុជា​យើង​បាន​សម្រេច​ដោះលែង​លោក Patrick Devillers ​តាម​សំណើ​របស់​ភាគី​ចិន។​ តាម​ព័ត៌មាន​គាត់​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ស្ម័គ្រ​ចិត្ត​ខ្លួន​ឯង​ គ្មាន​អ្នកណា​បង្ខិត​បងំ្ខ​ទេ។ ដោយ​មាន​ការ​យល់ព្រម​ពី​ភាគី​បារាំង​តាមរយៈ​ស្ថានទូត​បារាំង​ក្នុង​ទីក្រុង​ភ្នំពេញ»

លោកPatrick Devillers ​អាយុ​៥២​ឆ្នាំ ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៣​ ខែ​មិថុនា ​ក្រោម​ការចង្អុល​បង្ហាញ​របស់​ប្រទេស​ចិន។ ជនជាតិ​បារាំង​រូប​នេះ​ត្រូវ​សង្ស័យ​ថា​មាន​ជាប់​ពាក់ពន្ធ័​នឹង​ការធ្វើឃាត​អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស​ និង​ជាប់​ពាក់ព័ន្ធ​នឹង​ភរិយា​លោក Bo Xilai ​អ្នក​នយោបាយ​ជាន់ខ្ពស់​នៅ​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ពី​ការ​ចាកចេញ​របស់​បុរស​ជនជាតិ​បារាំង​ជាប់​សង្ស័យ​ទៅ​កាន់​ប្រទេស​ចិន​ដែរ​ថា គឺ​ជា​ការដោះលែង​តាម​សំណើ​របស់​ប្រទេស​ចិន​ហើយ​លោកDevillers មាន​សិទ្ធិ​ទៅ​ប្រទេស​ណា​ដែល​ខ្លួន​ចង់ទៅ។
«រដ្ឋាភិបាល​កម្ពុជា​អត់មាន​ពាក់ព័ន្ធ​នឹង​លោក Devillers ​អី​ទៀត​ទេ។ ទោះ​គាត់​ទៅ​ទីណា​ក៏ដោយ។ យើង​សម្រេច​ដោះលែង​និង​ប្រគល់​លិខិត​ឆ្លងដែន​ឲ្យ​គាត់អស់​ហើយ»។
លោក​ឧត្តមសេនីយ៍ឯក​ខៀវ សុភ័គ


ក្រុង​ប៉េកាំង​បានទាមទារ​ឲ្យ​បញ្ជូន​ជន​សង្ស័យ​ទៅ​ឲ្យ​ខ្លួន​ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង​បាន​លើក​ឡើង​ថា ​ការបញ្ជូន​ជនជាតិ​របស់​ខ្លួន​បាន​ល្គឹកណា​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។

នៅ​ថ្ងៃ​នេះ​លោកស្រី​ឡូរ៉ង់ ប៊ែណាឌី (Laurence Bernardi) អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​ក្នុង​ទីក្រុង​ភ្នំពេញ​មិន​ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​ទេ ​ទាក់ទង​នឹង​ការចេញ​ដំណើរ​របស់​លោក Devillers ​ទៅកាន់​ប្រទេស​ចិន​នោះ​ទេ៕
XS
SM
MD
LG