មេដឹកនាំស.រ.អា.និងបារាំងប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការថ្មីដើម្បីយកជ័យជម្នះលើពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម នៅក្រោយការវាយប្រហារដ៏ប្រល័យដោយពួកជីហាដ នៅក្នុងប៉ារីស។
លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ប្រាប់លោកប្រធានាធិបតីបារាំង Francois Hollande នៅក្រោយមេដឹកនាំទាំងពីរនាក់នេះជួបគ្នាកាលពីថ្ងៃអង្គារនៅឯសេតវិមានថា៖ «យើងត្រូវចាត់វិធានការជាមួយគ្នាថែមទៀត»។
មេដឹកនាំអាមេរិករូបនេះបានហៅពួករដ្ឋឥស្លាមថាជា «ពួកជនដែលគំរាមកំហែងយើងទាំងអស់គ្នា»។ ក៏ប៉ុន្តែ លោក អូបាម៉ា បានមានប្រសាសន៍ថា៖ «យើងនឹងមិនបង្អោនតាមការភ័យខ្លាចទេ។ សូមកុំយល់ច្រឡំ យើងនឹងឈ្នះហើយក្រុមនានាដូចជាក្រុមឥស្លាមជាដើមនឹងចាញ់»។
លោក Hollande ដែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងទីដៅពួករដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីចាប់តាំងពីការវាយប្រហារក្នុងក្រុងប៉ារីសមកនោះ បានមានប្រសាសន៍ថា៖ «យើងនឹងមិនចុះញ៉មទេ» ហើយលោកបានអំពាវនាវឱ្យមាន«ការឆ្លើយតបរួមគ្នាជាមួយស.រ.អា.ដែលមិនអាចឈប់បានឡើយ»។
លោកបានអំពាវនាវឱ្យមានការវាយប្រហារខ្លាំងជាងមុនលើទីតាំងរបស់ពួករដ្ឋឥស្លាមដោយ តាមប្រមាញពួកមេដឹកនាំនៃក្រុមភេរវជននេះនិងវាយយកមកវិញនូវទីកដីដែលពួកបះបោរបានយកបាននៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរ។
លោក អូបាម៉ា បានសន្យាថា៖ «ប្រជារាស្ត្រអាមេរិកាំងនឹងមិនភ័យស្លន់ស្លោទេ»។ ក៏ប៉ុន្តែ លោកបានអំពាវនាវដល់ជនរួមជាតិរបស់លោកឱ្យប្រព្រឹត្តតាមឧត្តមគតិស.រ.អា.នៃសេរីភាពខាងសាសនានិងសមភាពនៅចំពោះមុខច្បាប់នៅពេលកំពុងមានការជជែកដេញដោលគ្នានៅក្នុងប្រទេសអំពី ថាតើត្រូវអនុញ្ញាតឱ្យពួកជនភៀសខ្លួនស៊ីរីចូលមកក្នុងស.រ.អ.ឬទេ៕