ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ី លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងទី១ក្នុងប្រវត្តិសាស្ត្រ ដែលធ្វើដំណើរទៅកាន់តំបន់ហ៊ីរ៉ូស៊ីម៉ា ដែលជាតំបន់រងការទម្លាក់គ្រាប់បែកបរមាណូពីសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាម។ សូម្បីតែមុនពេលលោកប្រធានាធិបតីឈានជើងចូលទៅកាន់តំបន់ដែលមនុស្សភាគច្រើនហៅថាទីសក្ការៈផងនោះ ការប្រកាសស្ដីពីដំណើរទស្សនកិច្ចនេះបានបង្កឲ្យមានការជជែកគ្នាថ្មីមួយជុំវិញការសម្រេចចិត្តនេះ ថាតើសហរដ្ឋអាមេរិកគួរសុំទោសជប៉ុនឬអត់ ហើយថាតើលោកប្រធានាធិបតីគួរតែទៅទស្សនកិច្ចនៅទីនោះឬយ៉ាងណា។ លោកប្រធានាធិបតី អូបាម៉ា ត្រូវគេរំពឹងថានឹងធ្វើសេចក្តីថ្លែងការណ៍មួយពីទីក្រុង ហ៊ីរ៉ូស៊ីម៉ា។
វាគឺជាពេលវេលាមួយដែលបានផ្លាស់ប្ដូរពិភពលោកទាំងមូល។ មានមនុស្សប្រមាណ ១៤០.០០០នាក់បានស្លាប់ក្នុងរយៈពេលត្រឹមតែ១ឆ្នាំ ហើយអ្នកដែលរួចផុតជីវិត និងកូនៗរបស់ពួកគេត្រូវទទួលរងទុក្ខវេទនាដែលគ្មានអ្នកណាដឹងដោយសារតែធាតុពុលវិទ្យុសកម្ម។ ហេតុផលដែលធ្វើឲ្យអាមេរិកសម្រេចចិត្តទម្លាក់គ្រាប់បែកបរមាណូក្នុងតំបន់ហ៊ីរ៉ូស៊ីម៉ា និង ណាកាសាគី គឺក្នុងគោលបំណងបញ្ចប់ភាពគឃ្លើនរបស់ប្រទេសជប៉ុនដែលកើតមានជាច្រើនឆ្នាំកន្លងទៅនោះឲ្យបានឆាប់ចប់ ម៉្យាងទៀតអាមេរិកគិតថា ការទម្លាក់គ្រាប់បែកនោះអាចជួយសង្គ្រោះជីវិតមនុស្សបានច្រើនជាង ការឈ្លានពានដោយប្រើកងទ័ពអាមេរិក។ ប៉ុន្តែប្រជាជនជប៉ុនភាគច្រើនយល់ឃើញខុសពីនេះ ដោយយល់ថាប្រជាជនស្លូតត្រង់គឺជាគោលដៅនៃការវាយប្រហារនោះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក John Kerry បានធ្វើទស្សនកិច្ចទៅកាន់តំបន់ហ៊ីរ៉ូស៊ីម៉ា កាលពីខែមុន។ លោកថា វាគឺកន្លែងដ៏តក់ស្លុតមួយ ហើយមនុស្សគ្រប់គ្នាគួរតែទៅតំបន់នោះ។ អ្នកជំនាញមួយចំនួន រួមទាំងលោកសាស្ត្រាចារ្យ Chris Appy បានប្រាប់ VOA តាមប្រព័ន្ធ Skypeថា សូម្បីតែលោកប្រធានាធិបតីអាមេរិកក៏គួរតែទៅមើលតំបន់នោះដែរ។
«ខ្ញុំសប្បាយចិត្តណាស់ដែលលោកប្រធានាធិបតីសម្រេចចិត្តទៅធ្វើទស្សនកិច្ចនៅទីនោះ។ ខ្ញុំគិតថា ការទៅនេះគឺជានិមិត្តរូបមួយដ៏សំខាន់ដែលប្រជាជនជប៉ុនជាច្រើនចង់បានជាយូរណាស់មកហើយ»។
ប៉ុន្តែលោក Appy គិតថា សហរដ្ឋអាមេរិកគួរតែសុំទោសអំពីការទម្លាក់គ្រាប់បែកបរមាណូ។
«ខ្ញុំមានការសោកស្ដាយណាស់ដែលលោកប្រធានាធិបតីហាក់ដូចជាមិនចង់សុំទោសអំពីរឿងនេះ។ ខ្ញុំគិតថានៅក្នុងជីវិតប្រចាំថ្ងៃ យើងគិតអំពីកម្រិតនៃភាពចាស់ទុំនៅពេលដែលមនុស្សពេញវ័យម្នាក់មានការទទួលខុសត្រូវ និងចេះទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ ជាពិសេស រាល់សកម្មភាពណាដែលបង្កទុក្ខលំបាកដល់ជនរងគ្រោះស្លូតត្រង់»។
ប៉ុន្តែអ្នកផ្សេងទៀតមិនយល់ដូចលោកទេ ដូចលោក Brian Harding ជាដើម។
«លោកប្រធានាធិបតីនឹងមិនធ្វើការសុំទោស ហើយរដ្ឋាភិបាលជប៉ុនក៏មិនបានសុំឲ្យមានការសុំទោសនេះដែរ»។
លោក John McCain ដែលជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក និងជាអតីតយុទ្ធជនសង្គ្រាមវៀតណាមគិតថា ដំណើរទស្សនកិច្ចនេះគឺមិនចាំបាច់។
«ខ្ញុំគ្មានសិទ្ធិអ្វីទៅប្រាប់លោកប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យទៅណានោះទេ។ ប៉ុន្តែ តើទៅហ្នឹងក្នុងគោលបំណងអ្វី? មើលទៅម៉្យាង វាហាក់បីដូចជាជីកកកាយរឿងជូរចត់ពីអតីតកាលមកវិញ។ ប៉ុន្តែបើនេះជាកន្លែងដែលលោកប្រធានាធិបតីចង់ទៅ លោកអាចទៅបាន»។
ដំណើរទៅកាន់សួនអនុស្សាវរីយ៍សន្តិភាព Peace Memorial Park របស់លោកប្រធានាធិបតីនឹងរួមដំណើរដោយលោកនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ មន្ត្រីសេតវិមានថ្លែងថា ថ្នាក់ដឹកនាំទាំងពីររូប នឹងលើកអំពីសោកនាដកម្មនៃសង្គ្រាម និងភាពចាំបាច់នៃការសហការណ៏គ្នាដើម្បីឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួលដោយ ហឿន សុភ័ក្ត្រ