លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នឹងចេញដំណើរនៅថ្ងៃសៅរ៍នេះ ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ពេញ ទៅកាន់ប្រទេសនៅអាស៊ីចំនួនពីរ ព្រមទាំងចុះចតទៅទីក្រុង ហីុរ៉ូសីុម៉ា (Hiroshima) ប្រទេសជប៉ុន ដែលជាកន្លែងរងការវាយប្រហារនុយក្លេអ៊ែរដំបូងបំផុតនៅក្នុងពិភពលោក។
លោក អូបាម៉ា នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងប្រទេសជប៉ុន ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ដែលដំណើរទស្សនកិច្ចនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកទី១០របស់លោកទៅកាន់តំបន់អាស៊ី។
នៅក្នុងលិខិតមួយរបស់សេតវិមានបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងផ្តោតសំខាន់ទៅលើការប្តេជ្ញារបស់លោកប្រធានាធិបតី អូបាម៉ា ក្នុងការធ្វើឲ្យសហរដ្ឋអាមេរិកមានតុល្យភាពក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកឡើងវិញ ហើយដំណើរទស្សនកិច្ចនេះក៏ធ្វើឡើងដើម្បីបង្កើនទំនាក់ទំនងការទូត សេដ្ឋកិច្ច និងសន្តិសុខរវាងសហរដ្ឋអាមេរិកជាមួយនឹងបណ្តាប្រទេសនិងប្រជាជននៅក្នុងតំបន់នេះផងដែរ។
នៅរសៀលថ្ងៃសៅរ៍ទី២១ខែឧសភា លោក អូបាម៉ា នឹងចាកចេញពីរដ្ឋធានី វ៉ាសីុនតោន ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក។
នៅថ្ងៃច័ន្ទទី២៣ លោកនឹងទៅដល់ទីក្រុង ហាណូយដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងថ្នាក់ដឹកនាំនៃប្រទេសវៀតណាម។ គេរំពឹងថា បញ្ហាសេដ្ឋកិច្ចនិងសន្តិសុខនឹងក្លាយជារបៀបវារៈកំពូលនៃកិច្ចប្រជុំនេះ។ នៅក្នុងទីក្រុង ហាណូយ លោក អូបាម៉ា នឹងថ្លែងសុន្ទរកថាអំពីចំណងទាក់ទងរវាងសហរដ្ឋអាមេរិកនិងវៀតណាម។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនិងកម្មវិធីនានាក្នុងទីក្រុងហាណូយនិងទីក្រុងហូជីមិញ លោកប្រធានាធិបតីនឹងពិភាក្សាអំពីសារៈសំខាន់នៃការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ។
នៅថ្ងៃទី២៥ លោក អូបាម៉ា នឹងចាកចេញពីប្រទេសវៀតណាមទៅកាន់ប្រទេសជប៉ុន។
នៅថ្ងៃទី២៦និង២៧ លោក អូបាម៉ា នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលG-7 នៅជ្រោយ Ise-Shima នៃប្រទេសជប៉ុន ដែលនេះគឺជាកិច្ចប្រជុំចុងក្រោយបំផុតរបស់លោកសម្រាប់អាណត្តិជាប្រធានាធិបតី។
នៅថ្ងៃទី២៧ខែឧសភា លោក អូបាម៉ា នឹងធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ទីក្រុង Hiroshima ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe៕