ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី អូបាម៉ា ធ្វើ​ទស្សនកិច្ច​នៅ​ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា ​ជា​ទី​​កន្លែង​ដែល​អាមេរិក​ទម្លាក់​គ្រាប់​បែកបរមាណូ


រូបឯកសារ៖ ទិដ្ឋភាពនៃ​ការ​លែង​សត្វព្រាប ដើម្បី​ឧទ្ទិស​ដល់​ជន​រងគ្រោះ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ នៅ​បូជនីយដ្ឋាន​សន្តិភាព Hiroshima កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣។
រូបឯកសារ៖ ទិដ្ឋភាពនៃ​ការ​លែង​សត្វព្រាប ដើម្បី​ឧទ្ទិស​ដល់​ជន​រងគ្រោះ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ នៅ​បូជនីយដ្ឋាន​សន្តិភាព Hiroshima កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣។

លោក​ប្រធានា​ធិបតី អូបាម៉ា ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ​ចាប់​ពី​ថ្ងៃ​ទី២១​ដល់​ថ្ងៃ​ទី២៨ ខែឧសភា ដើម្បី​ចូលរួម​ជំនួប​មួយ​ជាមួយ​ពួក​មេដឹកនាំ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាងគេ​លើ​ពិភពលោក​ហៅ​ថា G7។

លោក​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក​នឹង​បំពេញ​ទស្សនកិច្ច​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​នៅ​ចុង​ខែ​នេះ ដែល​លោក​នឹង​ក្លាយ​ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​លើក​ដំបូង​ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​របស់​ជប៉ុន​ដែល​នៅ​ទី​នោះ​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក ​បាន​ទម្លាក់​គ្រាប់​បែក​បរមាណូ​លើក​ដំបូង​របស់​ពិភពលោក​នៅ​ឆ្នាំ១៩៤៥ នៅពេល​ជិត​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២​ដោយ​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺននាក់។

កាល​ពី​៧​ទសវត្សរ៍​មុន ​អស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បាន​បញ្ចៀស​មិន​បំពេញ​ទស្សនកិច្ច​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​ទំនង​ដើម្បី​បញ្ចៀស​ការ​ចាប់​អារម្មណ៍​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​បែបនេះ ​នឹង​ត្រូវបាន​គេ​មើលឃើញ​ថា ជា​ការ​សុំ​ទោស​ចំពោះ​ការ​បំផ្លិចបំផ្លាញ​ដែល​បណ្តាល​មក​ពីការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​នៅ​ទី​នោះ​ ហើយ​នឹង​ទី​ក្រុង​ណាហ្គាស៊ីគី​ ដែល​នៅ​ទី​នោះ​គ្រាប់​បរមាណូទី២ ​បាន​ត្រូវ​ទម្លាក់​៣ថ្ងៃ​ក្រោយ​មក។

លោក​ប្រធានា​ធិបតី អូបាម៉ា ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ​ចាប់​ពី​ថ្ងៃ​ទី២១​ដល់​ថ្ងៃ​ទី២៨ ខែឧសភា ដើម្បី​ចូលរួម​ជំនួប​មួយ​ជាមួយ​ពួក​មេដឹកនាំ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាងគេ​លើ​ពិភពលោក​ហៅ​ថា G7។ សេតវិមាន ​បាន​ប្រាប់​ឲ្យ​ដឹងថា ​លោក​ប្រធានា​ធិបតី ​នឹង​បំពេញ​ទស្សនកិច្ច​ទីក្រុងហ៊ីរ៉ូស៊ីម៉ា ​នៅជិត​បញ្ចប់​ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​លោក​ រួម​ដំណើរ​ដោយ​នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក Shinzo Abe ដើម្បី​សង្កត់​ពី​ការ​បន្ត​ការ​តាំង​ចិត្ត​របស់​លោក​ ដើម្បី​ស្វែងរក​សន្តិភាព​ និង​សន្តិសុខ​របស់​ពិភពលោក​ដោយ​គ្មាន​អាវុធ​នុយក្លេអ៊ែ។

សេចក្តីរាយការណ៍​ជា​វីដេអូជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី អូបាម៉ា

Obama to Visit Hiroshima
សូម​រង់ចាំ

No media source currently available

0:00 0:01:05 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​បំពេញ​ទស្សនកិច្ច​ទីក្រុង​ហ៊ី​រ៉ូស៊ីម៉ា កាល​ពី​ខែ​មុន ​ហើយ​បាន​មាន​ប្រសាសន៍​ថា «បូជនីយដ្ឋាន​នៅទី​នេះ​ជា​ការ​រំឭក​ឡើង​វិញ មិនត្រឹម​តែ​កាតព្វកិច្ច​របស់​យើង​ដើម្បី​បញ្ចប់​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែ​ទេ ​ក៏ប៉ុន្តែ​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​របស់​យើង​ជា​ថ្មី​ដើម្បី​បញ្ចៀស​សង្គ្រាម‍»។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ត្រា​រំឭក​វិញ្ញាណខណ្ឌ​នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ថា «សង្គ្រាម​ត្រូវតែ​ជា​ជម្រើស​ចុង​ក្រោយ​បង្អស់។ វា​មិនមែន​ជា​ជម្រើស​ទី​មួយ​ទេ។បូជនីយដ្ឋាន​នេះ​ជំរុញ​ឲ្យ​យើង​បង្កើន​ការ​ខំ​ប្រឹងប្រែង​របស់​យើង​ទ្វេដង​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពិភពលោក ​ដើម្បី​ស្វែងរក​សន្តិភាព ​ហើយ​នឹង​ស្ថាបនា​អនាគត​សម្រាប់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទី​កន្លែង‍»។

គ្រាប់បែក​បរមាណូ​២គ្រាប់​របស់​សហរដ្ឋ​អាមេរិក​ បាន​ទម្លាក់​ទៅ​ទីក្រុង​របស់​ជប៉ុន​ដោយ​បង្ខំ​ ដើម្បី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ ​ចាប់​តាំង​ពី​អធិរាជ​ជប៉ុន Hirohito ​បាន​ប្រកាស​ថា ​ប្រទេស​របស់​ព្រះ​អង្គ​បាន​ចុះ​ចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​នៅថ្ងៃ​ទី១៥ ​ខែ​សីហា ​ឆ្នាំ​១៩៤៥ ៩​ថ្ងៃ​បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា។

លោក John Kerry រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក អម​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ក្រុម​មេដឹកនាំ​ពិភពលោក​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់ G7 ចូលរួម​រំឭក​វិញ្ញាណខណ្ឌ​របស់​ជនរងគ្រោះ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​របស់​អាមេរិក​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា។
លោក John Kerry រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក អម​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ក្រុម​មេដឹកនាំ​ពិភពលោក​ដែល​មាន​សេដ្ឋកិច្ច​ខ្ពស់ G7 ចូលរួម​រំឭក​វិញ្ញាណខណ្ឌ​របស់​ជនរងគ្រោះ​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​របស់​អាមេរិក​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា។

គ្មាន​គ្រាប់​បែក​បរមាណូណា ​បាន​ត្រូវ​គេ​ទម្លាក់​ក្នុង​ពេល​មាន​ជម្លោះ​ទេ ​ហើយ​ពិភព​លោក​បាន​ធ្វើ​ការ​ជជែក​ដេញដោល​យ៉ាងយូរ​ពី​ទំហំ​នៃ​ការ​ឃ្លាំង​ស្តុក​អាវុធ​នុយក្លេអ៊ែ​ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ប្រទេស​១០​មក​ពី​ជុំវិញ​ពិភពលោក។

ដោយ​មាន​បញ្ជា​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Harry Truman យន្តហោះ​ទម្លាក់​គ្រាប់​បែក​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​ធុន B-29 ​បាន​ទម្លាក់​គ្រាប់​បែក​បរមាណូ​មួយ​គ្រាប់​ដែល​គេ​ស្គាល់​ថា ​ក្មេងប្រុស​តូច‍ ឬ “Little Boy” លើ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា។ ភ្លាមៗ​នោះ ​ គ្រាប់​បែក​នោះ​បាន​កម្ទេច​ទីក្រុង​ចំនួន​៩០​ភាគរយ ហើយ​បាន​សម្លាប់​មនុស្ស​៨ម៉ឺន នាក់។ មនុស្ស​រាប់​ម៉ឺននាក់​ទៀត​ក្រោយ​មក ​បាន​ស្លាប់​ដោយ​សា​រការ​សាយភាយ​នៃ​ជាតិ​វិទ្យុ​សកម្ម។

ការ​ទម្លាក់​គ្រាប់​បែក​នៅ​លើ​ទីក្រុង​ណាហ្គាសាគី ​ដែល​បាន​ត្រូវគេ​ហៅ​ថា «បុរស​ធាត់‍»ឬ “Fat Man” ភ្លាមៗ ​បាន​សម្លាប់​មនុស្ស​ប្រហែល​៤ម៉ឺននាក់ ​ហើយ​មនុស្ស​ពី ២ម៉ឺន​ទៅ​៤​ម៉ឺននាក់​ទៀត​បាន​ស្លាប់​ប៉ុន្មាន​ខែ​ក្រោយ​មក៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG