ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ចពិភាក្សា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចូល​​ដំណាក់កាល​ចុង​ក្រោយ​ ៤៨​ម៉ោង​រហូត​ដល់​កាលបិរច្ឆេទ​កំណត់


តំណាង​ស.រ.អា​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ការបរទេស​លោក​ John Kerry (ខាងឆ្វេងទីពីរ) និង​រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif (ខាងស្តាំទីពីរ) នៅសណ្ឋាគារ​មួយ​នៅ​ក្រុងវីយ៉េន​នា​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។

ទីភ្នាក់ងារ​ព័ត៌មាន AP ​បាន​រាយការណ៍​ពី​ក្រុង​វីយ៉េន​ថា​ កិច្ចចរចាអំពី​កម្មវិធី​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​កំពុង​ចូល​ក្នុង​ដំណាក់ការ​ចុង​ក្រោយ​បង្អស់ ​ហើយ​ដោយ​នៅ​សល់ពេល​តែ​៤៨​ម៉ោង​ប៉ុណ្ណោះ​នឹង​ដល់​ពេល​កំណត់​ចុង​ក្រោយ​បង្អស់​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ក្រុង​តេរ៉ង់ ​និង​បណ្តា​ប្រទេស​មហាអំណាច​ពិភព​លោក​ទាំង​ប្រាំមួយ​ធ្វើ​ឲ្យ​សម្រេច​កិច្ច​ព្រម​ព្រៀង​គ្នា​មួយ។​

នៅ​ពេល​ដែល​ថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់គឺ​ថ្ងៃ​ទី​៣០ខែ​មិថុនា​ជិតមក​ដល់​ហើយ​នោះ​ លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា John Kerry ​នឹង​ធ្វើ​ជំនួប​នៅ​ថ្ងៃ​អាទិត្យនេះ​នៅ​ក្នុង​ក្រុង​វីយ៉េន ​ជា​មួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ Mohammad Javad Zarif ដែល​ជា​ជំនួប​លើក​ទី​បី​របស់​អស់​លោក​ចាប់តាំង​ពី​ថ្ងៃ​សៅរ៍​មក។ ​គេ​រំពឹង​ថា​ អស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ឯទៀតៗក៏​នឹង​ចូល​រួម​ក្នុង​ការ​ប្រជុំ​គ្នានេះ​ដែរ។

គោល​ដៅ​នៃ​កិច្ច​ចរចា​គ្នា​នេះ ​ដែល​មាន​ទាក់ទិន​រវាងអ៊ីរ៉ង់​ ស.រ.អា ​អង់គ្លេស ចិន​ បារាំង អាល្លឺម៉ង់ និង​រុស្សី​គឺ​ ធ្វើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​គ្នា​មួយ​ដែល​នឹង​បង្អាក់​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្រុងតេរ៉ង់​ក្នុង​ការ​ផលិតអាវុធ​បរមាណូ​ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម។​

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​អ្នកការទូត​បាន​និយាយ​ថា អ៊ីរ៉ង់​បាន​ពិចារណា​អំពីផែនការ​មួយ​គាំទ្រ​ដោយ​ស.រ.អា ដែល​អាច​ឲ្យ​អ៊ីរ៉ង់​បញ្ជូន​សារធាតុ​អ៊ុយរ៉ាញូម​ សម្រិតសម្រាំង​របស់​ខ្លួនទៅ​កាន់​ប្រទេស​មួយ​ទៀត​ ដើម្បី​លក់ជា​ប្រេង​រេអាក់ទ័រ​ដែល​នេះ​ជា​ជំហាន​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ក្នុង​បណ្តាបញ្ហា​ដែល​នៅ​សេសសល់​មួ​យ​ចំនួន៕

XS
SM
MD
LG