ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូបាម៉ា៖ ស.រ.អា.​និង​អារ៉ាប៊ី​សាអូឌីត​មាន​កង្វល់​ដូច​គ្នា​លើ​បញ្ហា​នៅ​យេម៉ែន​និង​ស៊ីរី


ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (រូប​ស្តាំ) ជួប​ជាមួយ​ព្រះ​ចៅ​ Salman របស់​អារ៉ាប៊ី​សាអូឌីត​ នៅ​ក្នុង​ Oval Office ក្នុង​សេតវិមាន​ កាលពី​ថ្ងៃទី៤ ខែកញ្ញា ខែ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​ស.រ.អា.​និង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​នឹង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​តទៅ​ទៀត​នៅ​ក្នុង​សកម្មភាព​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ក្នុង​ភូមិ​ភាគ​មជ្ឈឹម​បូព៌ា​ និង​នៅ​ទូទាំង​ពិភពលោក​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ផងដែរ។​

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ស.រ.អា.​មាន​កង្វល់​ដូច​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ដែរ​អំពី​បញ្ហា​ក្នុង​ប្រទេស​យេម៉ែន (Yemen) និង​អំពី​សេចក្តី​ត្រូវ​ការ​ឱ្យ​មាន​រដ្ឋាភិបាល​មួយ​មាន​ភាគី​ទាំង​អស់​ចូល​រួម និង​អាច​មាន​ដំណើរការ​បាន​នៅ​ទីនោះ ហើយ​សហរដ្ឋ​អាមេរិក​ក៏​មាន​កង្វល់​ដូច​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ដែរ​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោក​អូបាម៉ា​បាន​ធ្វើ​កំណត់​សម្គាល់​របស់​លោក​នៅ​មុន​ជំនួប​ជាមួយ​ព្រះចៅ Salman នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​នៅ​ឯសេតវិមាន​នៅ​ថ្ងៃ​សុក្រ​នៅ​ក្នុង​ព្រះរាជ​ទស្សនកិច្ច​លើកទី​មួយ​របស់​ព្រះចៅ​អារ៉ាប់​អង្គ​នេះ​ក្នុង​ស.រ.អា.​ចាប់​តាំង​ពី​ពេល​ដែល​ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​កាលពី​ខែ​មករា​នៅ​ក្រោយការ​ចូល​ទីវង្គត​នៃ​ព្រះ​ចៅ Abdullah។

លោក​ប្រធានាធិបតី​ស.រ.អា.​បាន​មាន​ប្រសាសន៍​ថា​ លោក​ និង​ព្រះចៅ​គ្រោង​នឹង​ពិភាក្សា​គ្នា​អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​បរមាណូ​ដែល​បាន​ត្រូវ​ធ្វើ​ការ​ចរចា​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​មាន​គោលដៅ​កាត់បន្ថយ​កម្មវិធី​បរ​មាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​សម្រាល​ការ​ដាក់​ទណ្ឌកម្ម។ ប្រទេស​អារ៉ាប៊ី​សាអូឌីត​មិន​គាំទ្រ​ទាំង​ស្រុង​ដល់​កិច្ច​ព្រមព្រៀង​នេះ​ទេ​ ហើយ​យល់​ឃើញ​ថា​ប្រទេស​អ៊ីរ៉ង់​ជា​គូ​បដិបក្ខ​នៅ​ក្នុង​តំបន់​ផង​ដែរ៕

XS
SM
MD
LG