ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​​អូបាម៉ា​​ថ្លែង​​ថា​​ស.រ.អា​​មាន​​សេចក្តី​​សន្យា​​ដ៏​​«ម៉ឺងម៉ាត់»​​ចំពោះ​​មេដឹក​នាំ​​សន្តិសុខ​​ក្នុង​​ឈូង​សមុទ្រ​​អំពី​កិច្ច​​ព្រម​ព្រៀង​​នុយ​ក្លេអ៊ែរ​​ជា​​មួយ​​អ៊ីរ៉ង់


លោក​​ប្រធានាធិបតី​​បារ៉ាក់ ​អូបាម៉ា​​បាន​​ស្ដាប់​​ក្នុង​​អំឡុង​​ពេល​ធ្វើ​​សន្និសីទ​​សារ​​ព័ត៌មាន​​មួយ បន្ទាប់​​ពី​​បាន​​ជួប​​ជា​​មួយ​​នឹង​មេដឹក​​នាំ​​នៃ​​ក្រុម​​ប្រឹក្សា​​សហ​ប្រតិបត្តិ​​ការ​​ឈូង​​សមុទ្រ ​និង​គណៈ​ប្រតិភូ​​នៅ​Camp David រដ្ឋ​​Maryland នា​​ថ្ងៃ​​ទី​​១៤ ខែ​​ឧសភា ឆ្នាំ​​២០១៥ ។

លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​ថា​ស.រ.អា​មាន​សេចក្តី​សន្យា​ដ៏​«ម៉ឺង​ម៉ាត់»​ចំពោះ​សន្តិសុខ​នៃ​ សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​ឈូង​សមុទ្រ​ពែកស៍​ ហើយ​នឹង​ពិចារណា​អំពី​ការ​ប្រើ​កម្លាំង​យោធា​ បើ​សិន​ជា​ប្រទេស​ទាំង​នេះ​មាន​ការ​គម្រាម​កំហែង។​

លោក​អូបាម៉ា​បាន​ទទួល​មេ​ដឹក​នាំ​ និង​មន្រ្តី​ជាន់​ខ្ពស់​ពី​ក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិ​ការ​ឈូង​សមុទ្រ​ពែកស៍​ ហៅ​កាត់​ថា​ GCC​ ដែល​មាន​ប្រទេស​ ៦​ ជា​សមាជិក​នៅ​ក្នុង​សន្និសីទ​កំពូល​មួយ​នៅ​ដំណាក់​ប្រធានាធិបតី​នៅ​ Camp​ David​ ស្ថិត​នៅ​ខាង​ជើង​ក្រុង​ វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​ មេ​ដឹកនាំ​ទាំង​នេះ​មាន​រួម​រាជទាយាទ​ និង​ រាជទាយាទ​រង​នៃ​ប្រទេស​អារ៉ាប៊ី​ សាអូឌីត​ អេមៀរ​នៃ​ប្រទេស​គុយវ៉ែត​ ប្រទេស​កាតា​ និង​មន្រ្តី​ជាន់​ខ្ពស់​ពី​ប្រទេស​បារ៉ែន​ អូម៉ង់​ និង​អារ៉ាប់​រួម​។​

លោក​ប្រធានាធិបតី​ថ្លែង​នៅ​ក្រោយ​កិច្ច​ប្រជុំ​ថា​ លោក​បាន​«បញ្ជាក់​យ៉ាង​ច្បាស់»​នៅ​ក្នុង​កិច្ច​ចរចា​ថា​ ស.រ.អា​នឹង​គាំទ្រ​ប្រទេស​ដៃគូ​នៃ​ក្រុម​ប្រឹក្សា​ GCC​ «ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ពី​ខាង​ក្រៅ»​ ហើយ​ពិចារណា​អំពី​ «ការ​ប្រើ​គ្រប់​មធ្យោបាយ​ដែល​ប្រទេស​ទាំង​អស់​មាន​រួម​ទាំង​កម្លាំង​យោធា»​ផង។​

មេ​ដឹកនាំ​នៃ​ប្រទេស​ឈូង​សមុទ្រ​ពែកស៍​ បាន​មក​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​ ដើម្បី​ចង់​បាន​ការ​ធានា​ពី​លោក​ប្រធានាធិបតី​ថា​ស.រ.អា​នឹង​មាន​សេចក្តី​សន្យា​ពេញ​លេញ​ចំពោះ​សន្តិសុខ​របស់​ពួក​គេ។​

ប្រទេស​ទាំង​នេះ​មាន​សេចក្តី​បារម្ភ​ថា​ កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​មួយ​រវាង​គូ​ប្រជែង​ធំ​របស់​ខ្លួន​គឺ​អ៊ីរ៉ង់​ ជា​មួយ​ប្រទេស​មហា​អំណាច​ពិភពលោក​ធំៗ​នឹង​បន្ធូរ​ទណ្ឌកម្ម​ពី​បស្ចឹម​ប្រទេស​ ហើយ​នឹង​ធ្វើ​ឲ្យ​ អ៊ីរ៉ង់​ក្លាយ​ទៅ​ជា​ប្រទេស​មាន​អំណាច​គឃ្លើន​ជាង​មុន​មួយ​នៅ​ក្នុង​តំបន់៕

XS
SM
MD
LG