លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា និងមន្រ្តីជាន់ខ្ពស់ពីប្រទេស ៦ ក្នុងឈូងសមុទ្រ ពែកស៍ កំពុងបន្តធ្វើសន្និសីទកំពូលនៅថ្ងៃព្រហស្បតិ៍នេះ អំពីបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ា រួមមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយដែលអាចសម្រេចឡើងជាមួយប្រទេសអ៊ីរ៉ង់ និងការវាយប្រយុទ្ធគ្នានៅក្នុងប្រទេស អ៊ីរ៉ាក់ ស៊ីរី យេម៉ែន និងលីប៊ី។
កិច្ចចរចាជាមួយសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែកស៍ បានចាប់ផ្តើមជាមួយនឹងពិធីលាងសាយភោជន៍មួយដើម្បីធ្វើការកាលពីយប់ថ្ងៃពុធនៅឯសេតវិមាន មុននឹងប្តូរនៅថ្ងៃព្រហស្បតិ៍នេះទៅដំណាក់ប្រធានាធិបតីនៅ Camp David នៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីរដ្ឋធានីវ៉ាស៊ីនតោន។
លោកអូបាម៉ាថ្លែងថា កិច្ចប្រជុំនេះបានប្រព្រឹត្តិធ្វើនៅពេលដែលលោកពោលថាជា «ពេលដែលមានបញ្ហាលំបាកច្រើន»នៅក្នុងតំបន់ឈូងសមុទ្រពែកស៍។
លោក Ben Rhodes ទីប្រឹក្សាសន្តិសុខជាតិរងរបស់លោក អូបាម៉ា ថ្លែងប្រាប់ទីភ្នាក់ងារ Alhurra កាលពីថ្ងៃពុធថា គោលដៅមួយនៃសន្និសីទនេះ គឺពិនិត្យមើលសមត្ថភាពយោធា និងមធ្យោបាយសម្រាប់ឲ្យប្រទេសក្នុងឈូងសមុទ្រធ្វើការជាមួយគ្នា និងជាមួយស.រ.អាដែរ។
ប្រទេសក្នុងឈូងសមុទ្រពែកស៍ បានសម្តែងការព្រួយបារម្ភចំពោះកិច្ចចរចានុយក្លេអ៊ែរដែលកំពុងធ្វើជាមួយប្រទេសអ៊ីរ៉ង់ ដែលជាគូប្រជែងក្នុងឈូងសមុទ្រនេះ ហើយចង់ពង្រឹងទំនាក់ទំនងសន្តិសុខរបស់ខ្លួនជាមួយស.រ.អា៕