ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រថភ្លើង​​អាមេរិក​​ដែល​​ធ្លាក់​​ចេញ​​ពី​ផ្លូវ​​ដែក អាច​​បើក​​ក្នុង​​ល្បឿន​លើស​​កំណត់​​ទ្វេ​ដង


បុគ្គលិក​សង្គ្រោះ​បន្ទាន់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ កន្លែង​កើត​ហេតុ រថភ្លើង​រត់​ធ្លាក់​ផ្លូវ​មួយ កាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០១៥ នៅទីក្រុង Philadelphia។
បុគ្គលិក​សង្គ្រោះ​បន្ទាន់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ កន្លែង​កើត​ហេតុ រថភ្លើង​រត់​ធ្លាក់​ផ្លូវ​មួយ កាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០១៥ នៅទីក្រុង Philadelphia។

អាជ្ញាធរ​ស.រ.អា​និយាយ​ថា អ្នក​បើក​រថភ្លើង Amtrak ​ដែល​ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក នៅ​ទីក្រុង Philidelphia កាល​ពី​ថ្ងៃ​ពុធ​នោះ បាន​ចាប់​ហ្រ្វាំង​អាសន្ន​យ៉ាង​ពេញ​ទំហឹង​មួយ​ភ្លែត​ នៅ​មុន​ពេល​ដែល​រទេះភ្លើង​នោះ​ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក។

ក្រុ​មប្រឹក្សាសុវត្ថិភាព​ដឹក​ជញ្ជូនជាតិ បាន​និយាយ​ថា រថភ្លើង​ដឹក​អ្នក​ដំណើរ​នោះ ប្រហែល​ជា​កំពុង​បើក​ដល់​ល្បឿន ១៦០ គីឡូម៉ែត្រ គឺ​លឿន​លើសល្បឿន​កំណត់ ដល់​ទៅ​ទ្វេដង នៅ​កន្លែង​ផ្លូវ​កោង​ដែល​មាន​គ្រោះ​ថ្នាក់ កាល​ពី​យប់​ថ្ងៃ​អង្គារ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ប្រាំពីរ​នាក់​ស្លាប់ និង ជាង​ពីរ​រយ​នាក់​ទៀត​រង​របួស​នោះ។

អ្នក​បើក​រថ​ភ្លើង Amtrak ដែល​មាន​៧​ទូ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ទៅ​កាន់​ទីក្រុង ញូយ៉ក​នោះ នៅ​រស់​រាន​មាន​ជីវិតពី​គ្រោះ​ថ្នាក់​នោះ ក៏​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​និយាយ​ជាមួយប៉ូលិស។ អភិបាល​ក្រុង Philadelphia ​លោក Michael Nutter បាន​ថ្លែង​ថា​ អ្នក​បើករថភ្លើង​នោះ​មាន​របួស​ខ្លះ ហើយ​ត្រូវ​បាន​ពេទ្យ​ព្យាបាល​ហើយ។

ក្រុម​មន្ត្រី​និយាយ​ថា នៅ​មាន​មនុស្ស​ខ្លះ​ក្នុង​ចំណោម​អ្នក​ដំណើរ​ និង​បុគ្គលិក​រថភ្លើង​ចំនួន​២៤៣​នាក់ នៅលើ​រថ​ភ្លើង​នោះ​នៅ​បាត់​ខ្លួន​នៅ​ឡើយ ទោះ​ជា​មាន​អ្នកខ្លះ ប្រហែល​ជា​បាន​ដើរ​ចេញ​ពី​កន្លែង​កើត​ហេតុ​ដោយ​គ្មាន​របួស។

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ថ្លែង​ថា​លោក​ និងភរិយា​របស់​លោក​គឺ​លោកស្រី Michelle​Obama ​ មាន​ការ​ «តក់​ស្លុត និង ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង‍» ចំពោះ​គ្រោះ​ថ្នាក់​នេះ៕

XS
SM
MD
LG