ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូបាម៉ា៖ សហរដ្ឋអាមេរិក​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​កម្ចាត់​ភាព​ក្រីក្រ


លោក​ប្រធានាធិបតី​ បារ៉ាក់​អូបាម៉ា​ ថ្លែង​នៅ​ឯ​ជំនួបកំពូល Catholic-Evangelical Leadership​ ស្តីពីការ​ជម្នះ​លើ​ភាព​ក្រី​ក្រ​ ធ្វើឡើង​នៅឯសាកលវិទ្យាល័យ​ Georgetown ក្នុង​រដ្ឋធានីវាស៊ីនតោន កាលពីថ្ងៃទី១២ ខែឧសាភា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​បាន​មាន​ប្រសាសន៍​ប្រាប់​ប្រជារាស្ត្រ​អាមេរិកាំង​ឱ្យ​ចាត់​វិធានការ​ថែម​ទៀត​ដើម្បី​បន្ថយ​ភាព​ទីទាល់​ក្រ​នៅ​ក្នុង​ស.រ.អា.​និង​ធ្វើ​ឱ្យ​តូច​ជាង​មុន​នូ​វភាព​ឃ្លាត​ពី​គ្នា​ដ៏​ធំធេង​នៃប្រាក់​ចំណូល​រវាងពួក​អ្នក​មាន​ស្តុកស្ដម្ភ​ ពួក​ជន​ថ្នាក់​កណ្តាល​និង​ក្រុម​ជន​ក្រីក្រ​របស់​ប្រទេស​នេះ។

ក្នុង​រយៈពេល​ជាង​មួយ​ម៉ោង​ លោក​អូបាម៉ា​បាន​អង្គុយ​នៅ​លើ​វេទិកា​មួយ​នៅ​ឯ​សាកលវិទ្យាល័យ Georgetown ក្នុង​រដ្ឋធានី​វាស៊ីនតោន​ ក្នុង​ការ​ប្រជុំ​សន្និសីទ​ស្តី​ពី​ភាព​ទីទាល់​ក្រ ​ហើយ​លោក​បាន​ចូល​រួម​ក្នុង​ការ​សន្ទនា​គ្នា​ដ៏​ទូលំ​ទូលាយ​មួយ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ គ្មាន​ហេតុ​ផល​ទេ​ដែល​ថា​ ប្រទេស​មួយ​ក្នុង​បណ្តា​ក្រុម​ប្រទេស​មាន​ធនធាន​ច្រើន​បំផុត​ក្នុង​ពិភព​លោក​មិនអាច​ចាត់​វិធានការ​ថែម​ទៀត​ដើម្បី​បង្កើត​សង្គម​មួយ​ដែល​មាន​សមភាព​ជាង​មុន។

លោក​បាន​ប្តូរ​ទស្សនៈ​របស់​លោក​ជាមួយ​អ្នក​សរសេរ​វិភាគក្នុង​កាសែត​ម្នាក់​ សាស្ត្រចារ្យ​ម្នាក់​ខាង​គោល​នយោបាយ​សាធារណៈ​មក​ពី​សាកលវិទ្យាល័យ​ Harvard​ និង​ប្រធាន​នៃ​អង្គការ​ជំនាញ​បញ្ចុះ​បញ្ចូល​ខាង​ជំនួញ​នាំមុខ​គេ​មួយ​ក្នុង​ប្រទេស​អាមេរិក។

លោក​ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា​ ស.រ.អា.​«អាច​បន្ថយ​ភាព​ទី​ទាល់​ក្រ​បាន​នៅ​ពេល​យើង​សម្រេច​ថាធ្វើ​អ្វី​មួយ​អំពី​បញ្ហា​នេះ» ក៏​ប៉ុន្តែ​ លោក​ប្រធានាធិបតី​បាន​និយាយ​បន្ថែម​ថា ​ប្រទេស​របស់​លោកប្រឈម​មុខ​នឹង​សំណួ​រ​ជា​មូលដ្ឋាន​ថា​តើ​ប្រទេស​អាមេរិក​នឹង​ត្រូវ​ចាត់​វិធានការ​ថែមទៀតច្រើន​ម្រិត​ណា៕

XS
SM
MD
LG