ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានធ្វើសុន្ទរកថាទៅកាន់ប្រទេសជាតិតាមទូរទស្សន៍ដ៏កម្រមួយនៅយប់ថ្ងៃអាទិត្យនេះ ដោយសង្ឃឹមថានឹងអាចបន្ធូរបន្ថយការភ័យខ្លាចរបស់ពលរដ្ឋអាមេរិកាំងអំពីការវាយប្រហារភេរវកម្ម ហើយនិងដាក់ចេញនូវយុទ្ធនាការរបស់សហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹង «ការគំរាមកំហែងភេរវកម្មកាន់តែខ្លាំងឡើងៗ»។
លោកប្រធានាធិបតីអូបាម៉ាក៏មានផែនការក្នុងការផ្តល់ព័ត៌មានស្តីពីការស៊ើបអង្កេតថ្មីៗ នៅក្នុងការបាញ់ប្រហារកាលពីសប្តាហ៍មុននៅក្នុងរដ្ឋកាលីហ្វរញ៉ា ដែលនៅទីនោះជនសង្ស័យឈ្មោះ Syed Rizwan Farook កើតនៅអាមេរិក ហើយនិងប្រពន្ធជនជាតិប៉ាគីស្ថានឈ្មោះ Tashfeen Malik បានសម្លាប់មនុស្ស១៤នាក់ និងធ្វើឲ្យមនុស្ស២១នាក់ទៀតរងរបួសនៅការបាញ់ប្រហារនៅក្នុងការជួបជុំថ្ងៃឈប់សម្រាករបស់បុគ្គលិករដ្ឋាភិបាលមូលដ្ឋាននៅក្នុងទីក្រុង San Bernardino។
លោកស្រីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក Loretta Lynch បានប្រាប់បណ្តាញទូរទស្សន៍ NBC ក្នុងកម្មវិធី Meet the Press ថា លោកប្រធានាធិបតី អូបាម៉ា នឹងអំពាវនាវឲ្យពលរដ្ឋអាមេរិកាំងតាំងស្មារតីឲ្យបានមុតមាំ និងមិនត្រូវចុះចាញ់នឹងភាពភ័យខ្លាចនោះទេ។
មុនពេលថ្លែងសុន្ទរកថា សេតវិមានបានប្រាប់ឲ្យដឹងថាលោក អូបាម៉ា នឹងពិភាក្សាអំពីការគំរាមកំហែងភេរវកម្មថា «តើវាមានការវិវត្តយ៉ាងដូចម្តេច ហើយថាតើយើងនឹងត្រូវប្រយុទ្ធប្រឆាំងដោយរបៀបណា?»។
លោកប្រធានាធិបតី អូបាម៉ា នឹងបញ្ជាក់ជាថ្មីម្តងទៀតអំពីឆន្ទៈដ៏មុតមាំរបស់លោកថា៖ «ក្រុមបះបោររដ្ឋឥស្លាមនឹងត្រូវបានកម្ទេច ហើយសហរដ្ឋអាមេរិកត្រូវតែខិតខំរក្សាតម្លៃរបស់យើងឲ្យអស់ពីសមត្ថភាព និងតាំងចិត្តក្នុងការផ្តល់យុត្តិធម៌ សមភាព និងសេរីភាព ដើម្បីយកជ័យជម្នះលើក្រុមភេរវកម្មដែលប្រើអំពើហិង្សាដើម្បីធ្វើឲ្យមានការរីកចម្រើនមនោគមវិជ្ជាបំផ្លិចបំផ្លាញរបស់ខ្លួន»៕