ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ស្វាគមន៍​លោក​អាបេ​នៅ​សេតវិមាន


លោក​ប្រធានាធិបតី​អាមេរិក​ អូបាម៉ា​ និង​លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន​ អាបេ​ ធ្វើ​ទស្សនកិច្ច​នៅ​វិមាន​រំឭក​ដល់​លោក​ប្រធានាធិបតី​ Lincoln នៅ​ក្នុង​ទីក្រុង​ Washington ដោយ​មាន​រូប​សារៈមន្ទីរ​ Washington នៅ​ពី​ក្រោយ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា​ ឆ្នាំ​២០១៥។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ​នៅ​សេតវិមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ ​នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តោត​លើ​ការ​ពង្រីក​ចំណង​ទាក់​ទង​ខាងការពារ​ប្រទេស​និង​សេដ្ឋកិច្ច​ទ្វេ​ភាគី។

មុន​ពេល​ដំណើរ​បំពេញ​ទស្សន​កិច្ច ​លោក​អាបេ​ហើយ​និង​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ទៀត​របស់​ជប៉ុន ​បាន​ជួប​សមភាគី​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ទីក្រុង​ញូយ៉កកាល​ពី​ថ្ងៃ​ច័ន្ទ​ហើយ ​បាន​ព្រម​ព្រៀង​គ្នាពង្រឹង​សម្ព័ន្ធភាព​ខាង​វិស័យ​ការពារ​ប្រទេស ​ជា​ចំណាត់​ការ​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយថា ​ជាការ​ឆ្លើយ​តប​ដល់​អំណាច​ដែល​រីក​កាន់​តែ​ធំ​ឡើងរបស់​ចិន។

​គោល​នយោបាយ​ដែល​ត្រូវ​សើ​រើ​ពិនិត្យ​មើល​ឡើង​វិញ ​ជួយ​ជប៉ុន​ឲ្យ​ដើរ​តួនាទី​កាន់​តែ​ធំ​ឡើង​នៅ​ក្នុង​ជម្លោះ​អន្តរជាតិ ​ដែល​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​អាច​ជួយ​ការពារ​ប្រទេស​ទី​៣​ ហើយ​និង​ពង្រឹង​តួនាទី​ការពារ​កាំជ្រួច​ផ្លោង​មីស៊ីល​ ​ការ​បោស​សម្អាត​គ្រាប់​មីន ​ហើយ​និង​ការត្រួត​ពិនិត្យ​កប៉ាល់។

នេះ​ជា​លើក​ទី​មួយនៅ​ក្នុង​រយៈ​ពេល​១៨​ឆ្នាំ​ ដែល​សហរដ្ឋ​អាមេរិក​និង​ជប៉ុន ​បាន​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោល​នយោបាយ​ការ​ពារ​ប្រទេស។​ ចំណាត់​ការ​នោះ​ ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​សម្រេច​របស់​ជប៉ុន​កាល​ពី​ឆ្នាំ​ទៅ​ ដើម្បី​បកស្រាយឡើង​វិញ​នូវ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម​ ​អនុញ្ញាតិ​ឲ្យ​មាន​ការការពារ​ប្រទេស​រួម​គ្នា។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ John Kerry ​បាន​មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​កាសែត​ថា ​ថ្ងៃ​នេះ​យើង​ប្រារព្ធ​ការ​បង្កើត​សមត្ថភាព​របស់​ជប៉ុន​ដើម្បី​ការពារ ​មិនមែន​ត្រឹម​តែទឹកដី​របស់​ខ្លួន​ទេ ​ក៏​ប៉ុន្តែ​ក៏​នៅ​សហរដ្ឋ​អាមេរិក​និង​ដៃ​គូ​ផ្សេង​ទៀត​ដែរ​ដែល​ជា​ការ​ចាំបាច់។

លោក​រដ្ឋ​មន្រ្តី​ Kerryក៏​បាន​ផ្តល់​ការធានា​ថ្មី​ៗថា ​ប្រជុំ​កោះ​ដែល​ទាម​ទារ​ដោយ​ចិន​និង​ជប៉ុន​បាន​ស្ថិត​នៅ​ក្រោម​សន្ធិសញ្ញា​ការពារ​ប្រទេស​រួមគ្នា ​ដែល​មាន​ន័យ​ថា​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​មាន​កាតព្វកិច្ច​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​ទីក្រុង​តូក្យូ នៅ​ពេល​ដែល​កោះទាំង​នោះ​រង​ការ​វាយ​ប្រហារ៕

XS
SM
MD
LG