ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន​គ្រោង​សុន្ទរកថា​នៅសភា​អាមេរិក


Livan
Livan

នៅ​ពេល​ដែល​នាយក​រដ្ឋ​មន្រ្តី ​Shinzo Abe​ នៃ​ប្រទេស​ជប៉ុន​ថ្លែង​សុន្ទរកថាទៅ​កាន់​ការប្រជុំ​រួម​គ្នា​របស់​សភា​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី២៩ ​ខែ​មេសា​នេះ​ មាន​ការ​រំពឹង​ថា ​លោក​នាយករដ្ឋ​មន្រ្តី​នឹង​ប្រើ​ប្រាស់​ឱកាស​នេះ​ដើម្បីឆ្លើយ​តប​នឹងការ​ទាមទារ​នៅ​ក្នុង​តំបន់​ឲ្យ​មាន​ការ​សុំ​អភ័យ​ទោសជា​សាធារណៈ​ចំពោះភាព​ព្រៃ​ផ្សៃ​របស់​ជប៉ុន​ក្នុង​សង្គ្រាមកាល​ពី​អតីត​កាល។​

ក៏ប៉ុន្តែ សេចក្តី​ថ្លែង​ការណ៍ពី​ការ​សោក​ស្តាយ​កាល​ពី​ពេល​ថ្មីៗ​បំផុត​នេះ​របស់​លោក​ Abe ​បាន​ទទួល​ការ​ស្វាគមន៍​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ក៏ដោយ​ តែ​ប្រហែល​ជា​គ្មាន​អ្វី​ដែល​លោក​អាច​និយាយ​ដែល​ធ្វើ​ឲ្យ​ពេញ​ចិត្ត​អ្នក​ដែល​មាន​ការ​មន្ទិល​សង្ស័យ​នៅ​ក្នុង​តំបន់​ទេ។​

មុនដំណើរ​បំពេញ​ទស្សន​កិច្ចរបស់​លោក​ទៅ​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ លោក​នាយក​រដ្ឋ​មន្ត្រី Abe ​បាន​ឆ្លើយ​តប​ដល់​បញ្ហា​ស្រ្តី​បម្រើ​ផ្លូវ​ភេទ​ជាង​២​សែន​នាក់​នៅ​ក្នុង​តំបន់​អាស៊ី​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​សម្រាប់​ទាហាន​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កាសែត​វ៉ាស៊ីនតោនប៉ុស្តិ៍ ​ លោក​ Abe ​បាន​មាន​ប្រសាសន៍​ថា បេះ​ដូង​របស់​លោក​ឈឺ​ចាប់​ នៅពេល​ដែល​លោក​គិត​អំពី​ការ​ឈឺចាប់ និង​ទុក្ខ​វេទនា​របស់​អ្នក​ដែលបានរងគ្រោះដោយ​ការ​ជួញ​ដូរ​មនុស្ស។​

ទោះ​ជាយ៉ាង​ណាក៏ដោយ ​ពាក្យ​សម្តី​របស់​លោក​បាន​បន្ធូរ​ចិត្ត​បន្តិច​បន្តួច​ដល់​អ្នកស្រី​ Ahn Seon-mi ​ធ្វើ​ការ​នៅ​ក្រុម​ប្រឹក្សា​កូរ៉េ​សម្រាប់​ស្រ្តី ​ដែល​ត្រូវ​កេណ្ឌ​ធ្វើ​ជា​ទាសភាព​ផ្លូវ​ភេទសម្រាប់​កងទ័ព​ជប៉ុន។ ក្រុម​នេះ ​តំណាង​ឲ្យ​ពួក​ស្រ្តី​បម្រើ​ផ្លូវ​ភេទ​ដែល​នៅ​រស់​រាន​មាន​ជី​វិត ​ដែលឥឡូវនេះ ​ពួក​គាត់​ទាំង​អស់​មាន​អាយុ​ជាង​៩០​ឆ្នាំ​ប្លាយ។​

«អ្នកស្រី​និយាយ​ថា ​ពួកគេ​គិត​ថា ​មាន​គោល​បំណង​លាក់​កំបាំង​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យ​ជួញ​ដូរ​មនុស្សនៅ​ក្នុង​ការអត្ថាធិប្បាយ​ភ្លាមៗ​របស់​លោក Abe ​ដែល​មាន​ន័យ​ថា ​និយាយ​សម្រួលបញ្ហា​នេះ​ដោយបិទ​បាំង​លក្ខណៈ​នៃ​ទាស​ភាព​ផ្លូវ​ភេទ‍»។​

លោក ​Abe ​បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​ស្នេហា​ជាតិ​និង​ក្រុម​អ្នក​ជាតិ​និយម​បង្កើន​ការ​គាំទ្រ​ខាង​នយោបាយ​ដល់​របៀប​វារ:​នយោបាយ​របស់​លោក​ដែល​រួមមាន​ការ​បកស្រាយ​ឡើង​វិញ​នូវ​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​របស់​ជប៉ុន​ដើម្បី​ចាប់​ផ្តើម​ឲ្យ​មានតួនាទី​យោធា​កាន់​តែ​សកម្ម​ឡើងនៅ​ក្នុង​តំបន់​ ហើយ​នឹង​គោល​នយោបាយ​ពាណិជ្ជ​កម្ម​សេដ្ឋ​កិច្ច​សេរីកាន់​តែ​ខ្លាំង​ឡើង។​

ក៏​ប៉ុន្តែ ​លោក​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បារ​ជា​សាធារណៈ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ និង​ចិន នៅ​ពេល​ដែល​លោក​ទៅ​បំពេញទស្សន​កិច្ចនៅ​កន្លែង​ទី​សក្ការៈ​សង្គ្រាម​លោក​លើក​ទី​២​ដ៏​ចម្រូង​ចម្រាស់ដែល​រួមមាន​ឧក្រិដ្ឋ​ជន​សង្គ្រាម​ជប៉ុន​ខ្លះ​ផង។​

អត្ថាធិប្បាយ​ដោយ​ពួក​ជាតិ​និយម​ជប៉ុន​និយាយ​ថា ​ស្រ្តី​បម្រើ​ផ្លូវ​ភេទ​នេះ​មិន​ត្រូវ​បាន​គេ​បង្ខំ​ទេ​ ក៏​ប៉ុន្តែ​បាន​ចូលរួម​ក្នុង​ពេស្យាកម្ម​ដោយ​ការ​ស្ម័គ្រ​ចិត្ត ​ហើយ​មន្រ្តី​ម្នាក់​របស់​គណៈ​រដ្ឋ​មន្រ្តី​និ​យាយ​ថា ​រដ្ឋាភិបាល​អាច​ធ្វើ​ការ​កែប្រែ​សេចក្តី​ថ្លែង​ការណ៍​កូណូ​ឆ្នាំ​១៩៩៣​ ដែល​បាន​សុំ​អភ័យ​ទោស​ និង​បង្ហាញ​វិប្បដិសារីដល់​ស្រ្តី​បម្រើ​ផ្លូវ​ភេទ។ ​អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង។

លោក ​Tsuneo Watanabe ​អ្នក​វិភាគ​គោល​នយោបាយ​ការ​បរទេស​នៅមូលនិធិ​តូក្យូ ​និយាយ​ថា ​ការ​រឹះគន់​ភាគ​ច្រើន​ដោយ​ពួក​អ្នក​មិន​យល់​ស្រប​នឹង​នាយក​រដ្ឋ​មន្រ្តីខ្លះ ​ហើយ​នឹង​វោហាសាស្រ្ត​ខ្លះ​ដោយ​ពួក​អ្នក​គាំទ្រ​របស់​លោក​នោះ​ ​មិន​តំណាងឲ្យ​ទស្សនៈ​របស់​លោក Abe​ ទេ។​

«ពេល​ខ្លះ ​គេ​បាន​យល់​ច្រឡំ​ថា​ ​លោក​នាយករដ្ឋ​មន្រ្តី​ ​Abe​ ​ជា​អ្នក​សើរើ​ប្រវត្តិ​សាស្រ្ត។​ ខ្ញុំ​គិត​ថា ​នាយករដ្ឋ​មន្រ្តី​ ​Abe មិនមែន​ជា​អ្នក​សើរើ​ប្រវត្តិ​សាស្រ្ត​ទេ​ ហើយ​គោល​ជំ​ហរ​របស់​លោក​ច្បាស់​លាស់​ណាស់‍»។

លោក​នាយក​រដ្ឋ​មន្រ្តី​បាន​និយាយ​ថា ​លោក​នឹង​ធ្វើ​ទៅ​តាម​សេចក្តី​ថ្លែង​ការណ៍​កូណូ​ឆ្នាំ​១៩៩៣ ​និង​សេចក្តី​ថ្លែង​ការណ៍​មូរ៉ាយ៉ាម៉ា​ឆ្នាំ​១៩៩៥ ដែល​បាន​សុំ​អភ័យ​ទោស​ចំពោះ​ការខូច​ខាត​ និងការ​ឈឺ​ចាប់ដែល​បណ្តាល​មក​ពី​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើកទី២ ​ហើយ​នឹង​សេចក្តី​ថ្លែង​ការ​ណ៍ ​Koizumi ​ក្នុង​ឆ្នាំ​២០០៥​ដែល​បាន​ថ្លែង​ថា ​ជប៉ុន​មិន​ត្រូវ​ដើរតាម​មាគ៌ា​ឆ្ពោះ​ទៅកាន់​សង្គ្រាម​នេះ​ម្តងទៀត​ទេ។​

ពេល​ដែល​លោក​ធ្វើ​សុន្ទរកថា​ទៅ​កាន់​សភា​សហ​រដ្ឋ​អាមេរិក​ លោក Watanabe​ គិត​ថា ​លោក​នាយករដ្ឋ​មន្រ្តី​គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ជំហរ​របស់​លោក​ ហើយ​អាច​បញ្ចុះ​បញ្ចូល​ឲ្យ​សហ​រដ្ឋ​អាមេរិក​ជួយ​បន្ធូរ​បន្ថយ​ការ​តាន​តឹង​នៅ​ក្នុង​តំបន់ទាក់​ទង​នឹង​ប្រវត្តិ​សង្គ្រាម​កាល​ពី​អតីត​កាល​របស់​ជប៉ុន។​

«ពិភាក្សា​បញ្ហា​ទាំងអស់​នេះ​ជាមួយ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​សំខាន់​ណាស់។ ​ខ្ញុំ​គិត​ថា ​រឿង​នេះ​មាន​សារៈ​សំ​ខាន់​បំផុត ​ពីព្រោះ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​មាន​ឥទ្ធិពល​ខ្លាំងណាស់លើ​ប្រទេស​ជិត​ខាង​របស់​ជប៉ុនក្នុង​តំបន់‍»។

ក៏​ប៉ុន្តែ ​អ្នកស្រី ​Ahn Seon-mi​ និយាយ​ថា ​លោក Abe ​ឥឡូវ​នេះ​បាន​បាត់​បង់​ការ​ជឿទុក​ចិត្ត​ទាំង​អស់។​

អ្នកស្រី​និយាយ​ថា ​«នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ​ដែល​លោក ​Abe ​បាន​និយាយថា ​លោក​នឹង​ធ្វើ​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​ទាំង​នោះ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្នកស្រី​និយាយ​ថា ​«វាមិន​អាចធ្វើ​ឲ្យ​មាន​ការទុក​ចិត្ត​ទេ ពីព្រោះលោក​បាន​បង្ហាញ​ពី​សកម្ម​ភាពដែល​ផ្ទុយ​ទៅ​នឹងអ្វី​ដែលលោក​បាន​និយាយ‍»។​

ទោះ​ជាយ៉ាង​ណា​ក្តី ​មាន​ការ​ជឿនលឿន​ខាង​ការទូត​ខ្លះបាន​ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​ការ​ឈឺ​ចាប់​ទាំង​នេះ។ អស់​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​មក​ពី​ប្រទេស​ជប៉ុន ​ចិន​ និង​កូរ៉េខាង​ត្បូង​បាន​ជួប​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ​ជា​លើក​ទី​មួយ​នៅ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ដើម្បី​ពិភាក្សា​បញ្ហា​នេះ​ ហើយ​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ដែលពួក​អស់​លោក​មាន​ការ​ខ្វែង​គំនិត​គ្នា។​

លោកស្រី​ប្រធានាធិបតី ​Park Geun-hye ​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​ ​ក៏​បាន​ជួប​គ្នា​រយៈ​ពេល​ខ្លី​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ Shinzo Abe​ ដែរ​ ខណៈ​ដែល​ចូល​រួម​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​លោក​លី ក្វាន់យូ ​អតីត​មេដឹកនាំ​នៃ​ប្រទេស​សិង្ហបូរី។​

មាន​សេចក្តី​រាយ​ការណ៍​ថា ​ពួក​អស់​លោក​បាន​ពិភាក្សាពី​ការ​ចាត់​វិធានការ​បន្ថែម​ទៀតដើម្បី​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ប្រវត្តិ​សាស្រ្ត​ទាំង​នោះ៕

ប្រែសម្រួលដោយ លោក​ ជឹង ប៉ូជីន ​

XS
SM
MD
LG