ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ថ្លែង​សុន្ទរកថាទៅកាន់​ប្រជាជន​កេនយ៉ា​ មុន​ពេល​ចាកចេញ​ទៅ​អេត្យូពី​


លោក​អូបាម៉ា​គ្រវី​ដៃ​ទៅ​កា​ន់​ហ្វូង​មនុស្ស​ បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​​នៅ​ Safaricom Indoor Arena នៅ​ក្រុង​ណៃរ៉ូប៊ី។

លោក​ប្រធានា​ធិបតី​ស.រ.អា ​បារ៉ាក់ ​អូបាម៉ា​បាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សន​កិច្ចរយៈពេល​៣​ថ្ងៃ​ទៅ​កាន់​រដ្ឋ​ធានី​ណៃរ៉ូប៊ី​ ជាមួយ​នឹង​សុន្ទរកថា​ទៅ​កាន់​ប្រជាពលរដ្ឋ​កេនយ៉ា ដែល​ក្នុង​នោះ​លោក​បានផ្តោត​ទៅ​លើ​ដំណើរ​បំពេញ​ទស្សន​កិច្ច​ប្រកប​ដោយមនោសញ្ចេតនាទៅ​កាន់​មាតុភូមិ​ឪពុក​របស់​លោក។

​នៅ​ក្នុង​ការ​ថ្លែង​ត្រួសៗ​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​មុនពេលសុន្ទរកថា ​លោក Ben Rhodes ​អ្នកនាំ​ពាក្យ​ទី​ប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ប្រធានា​ធិបតី បាន​មាន​ប្រសាសន៍​ថា ​លោក​អូបាម៉ា​នឹង​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​ដើម្បី​ប្រយុទ្ធ​ភេរវកម្ម ដែល​មិន​អាច​នាំ​ឲ្យមាន​ស្នាម​ទុរយ៌ស​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់។

ពី​រដ្ឋ​ធានី​ណៃរ៉ូប៊ី ​លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​ធ្វើ​ដំណើរតាម​យន្តហោះ​ទៅ​កាន់​រដ្ឋធានី​អាឌីស អាបាបា ​ដែល​នេះ​នឹង​ធ្វើ​ឲ្យ​លោក​ក្លាយជា​ប្រធានា​ធិបតីស.រ.អាកំពុង​កាន់​កាន់​ដំណែង​ដំបូង​ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អេត្យូពី។

​លោក Rhodes ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​លោក​ប្រធានា​ធិបតី​ អូបាម៉ា​នឹង​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​អេត្យូពី ​ដូច​ដែល​លោក​ប្រធានា​ធិបតី​បានធ្វើ​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ដែរ។

​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​ប្រធានា​ធិបតី Uhuru Kenyatta ​នៃ​ប្រទេស​កេនយ៉ា ​លោក​ប្រធានា​ធិបតី​អូបាម៉ា​បាន​ថ្លែង​ថា ​លោក​មាន​ជំនឿថា ​រដ្ឋ​មិន​គួរ​រើសអើង​ប្រឆាំង​ពលរដ្ឋ​ដោយ​ផ្អែក​លើ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ។

លោក Rhodesមាន​ប្រសាសន៍​ទៀត​ថា ​លោក​ប្រធានា​ធិបតី​ក៏​នឹង​ធ្វើ​ការ​ប្រជុំ​ជាមួយ​ក្រុម​មេដឹកនាំ​នៅ​ក្នុង​តំបន់​ ដើម្បី​ផ្តោត​ទៅ​លើ​ស្ថាន​ភាព​សន្តិសុខ​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង​ៗ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង ​ក៏ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ​ប្រធានា​ធិបតី Robert Mugabeនៃ​ប្រទេស​ស៊ីម​បាវ​វ៉េ ​មិន​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូល​រួម​សន្និសីទ​នោះ​ទេ។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​បញ្ចប់ថ្ងៃ​ដ៏​មមារញឹកមួយ​រយៈនៅ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី​កាល​ពី​ថ្ងៃ​សៅរ៍​នៅឯ​ពីធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ដែល​រៀប​ចំ​ដោយ​ប្រធានា​ធិបតី Kenyatta នៃ​ប្រទេស​កេនយ៉ា។

លោក​ប្រធានាធិបតី​អូបាម៉ា​បានមាន​ប្រសាសន៍​ថា «ឪពុក​របស់​លោក​ដែលកើត​ក្នុង​ប្រទេសកេនយ៉ា ​និង​ឪពុក​របស់​ប្រធានា​ធិបតី Kenyatta បាន​ស្គាល់​គ្នា ​ហើយ​លោក​ប្រធានា​ធិបតី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​វា​ជា​ការ​ពិបាក​សម្រាប់​លោក​ឪពុកទាំង​ពីរ​ក្នុង​ការ​នឹក​ស្រម៉ៃ​ថា ​កូនប្រុស​របស់​ពួកគាត់​អាច​អង្គុយនៅ​ទី​នេះ​ជាមួយ​គ្នា​នៅ​ថ្ងៃ​នេះ‍»៕

XS
SM
MD
LG