ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធាន​សភា Paul Ryan នៅ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​គាំទ្រ​លោក Trump ​នោះ​ទេ


​លោក Paul Ryan ​ប្រធាន​សភា​ចូលរួម​ការ​ប្រមូល​ផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Burlington រដ្ឋ Wisconsin កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។
​លោក Paul Ryan ​ប្រធាន​សភា​ចូលរួម​ការ​ប្រមូល​ផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Burlington រដ្ឋ Wisconsin កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។

លោក​មហា​សេដ្ឋី​ចលនទ្រព្យ Donald Trump ​ប្រហែល​ជា​បាន​ទទួល​សន្លឹកឆ្នោត​គាំទ្រ​គ្រប់គ្រាន់នៅ​ក្នុង​ការបោះឆ្នោត​បឋម​នានា​ដើម្បីទទួល​បាន​ការជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ​ ប៉ុន្តែ​លោក​ទំនង​ជា​មិន​ទទួលបាន​ការគាំទ្រ​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​នោះ​ទេ។

លោក Paul Ryan ​ប្រធាន​សភា​ដែល​ជា​មុខ​តំណែង​ខ្ពស់​បំផុត​របស់​គណបក្ស​សាធារណរដ្ឋ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​គាំទ្រ​លោក Trump ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិកនៅ​ឡើយ​ទេ។ កាល​ពី​មុន លោក Ryan ​បាន​រិះគន់​លោក Trump ចំពោះ​ការ​ដែល​លោក Trump និយាយ​ថា ប្រសិន​បើ​លោកមិន​ទទួល​បាន​ការជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ទេ​នោះ អ្នក​គាំទ្រ​របស់​លោក​ប្រហែល​ជា​ធ្វើ​កុបកម្ម​នៅ​សមាជបក្ស​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​

លោក Ryan ​បាន​មាន​ប្រសាសន៍​លើ​កញ្ចក់​ទូរទស្សន៍ CNN​ ថា «ខ្ញុំ​សង្ឃឹម​ថា​នឹង​គាំទ្រ​ដល់​បេក្ខជន​ប្រធានាធិបតី​របស់​យើង។ ខ្ញុំ​សង្ឃឹម​ថា​នឹង​គាំទ្រ​បេក្ខភាព​របស់​លោក​ទាំង​ស្រុង។ ​ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​នៅ​មិន​ទាន់​គាំទ្រ​គាត់​ទាំង​ស្រុង​នៅ​ឡើយ​ទេ»។​

ហើយ​លោក Trump ​បាន​ឆ្លើយ​តប​ថា «ខ្ញុំ​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​គាំទ្រ​របៀបវារៈ​របស់​លោក​ប្រធាន​សភា Ryan នៅ​ឡើយ​ទេ។ ប្រហែល​ជា​នៅ​ពេល​អនាគត យើង​អាច​នឹង​សហការ​គ្នា​និង​ព្រមព្រៀង​គ្នា​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ប្រជាជន​អាមេរិក»។

យោង​តាម​កាសែត Wall Street Journal ​សមាជិកគណបក្ស​សាធារណរដ្ឋ​ចំនួន​តែ​១២​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​សមាជិក​ទាំងអស់​ចំនួន​៣០០​នាក់​ដែល​បម្រើការ​នៅ​ក្នុង​សភា​និង​ព្រឹទ្ធសភា ​និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំនួន​៣១​នាក់ទៀត​ដែលជា​អភិបាល​រដ្ឋ ​គាំទ្រ​មហាសេដ្ឋី​ចលនទ្រព្យ​នៅ​រដ្ឋ New York មួយ​នេះ។ ​

អតីត​ប្រធានាធិបតី​អាមេរិក​២​រូប​របស់​គណបក្សសាធារណរដ្ឋ គឺ​លោក George H.W. Bush ​និង​កូន​របស់​គាត់​គឺ​លោក George W. Bush ​បាន​និយាយ​ថា ពួកគេ​នឹងមិន​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៦​នេះ​ទេ ហើយ​ពួកគេ​ក៏​នឹង​មិន​ផ្តល់​មតិ​យោបល់អ្វី​នោះ​ដែរ៕

XS
SM
MD
LG