ដោយការតែងតាំងបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋជិតបានសម្រេច លោក Donald Trump កំពុងចាប់ផ្តើមស្វែងរកបេក្ខជនអនុប្រធានាធិបតីដើម្បីចូលរួមជាមួយលោកនៅក្នុងការប្រកួតប្រជែងការបោះឆ្នោតសាកល។
លោក Trump ដែលមិនដែលកាន់កាប់តំណែងតាមការបោះឆ្នោត បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោកកំពុងស្វះស្វែងរកបុគ្គលណាម្នាក់ដែលមានបទពិសោធន៍ខាងនយោបាយជាបេក្ខជនអនុប្រធានាធិបតីរបស់លោក។
អ្នកនយោបាយម្នាក់ដែលនឹងមិនស្ថិតនៅក្នុងបញ្ជីបេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋគឺលោកស្រី Nikki Haley អភិបាលរដ្ឋ South Carolina ។លោកស្រីបានចេញសេចក្តីថ្លែងការណ៍មួយសន្យាគាំទ្របេក្ខភាពប្រធានាធិបតីរបស់លោក Trump ក៏ប៉ុន្តែ គឺថា លោកស្រី ត្រូវផ្តោតលើការងារនៅពេលបច្ចុប្បន្ននេះរបស់លោកស្រី។
លោកស្រីមានប្រសាសន៍ថា «ខណៈដែលខ្ញុំ បានត្រូវគេសរសើរដោយលើកមកនិយាយ ហើយនិងមោទនភាពពីអ្វីដែលគេនិយាយពីការងារដ៏អស្ចារ្សដែលកំពុងកើតមានឡើងនៅក្នុងរដ្ឋ South Carolina នោះ ខ្ញុំមិនចាប់អារម្មណ៍នៅក្នុងការធ្វើការងារជាអនុប្រធានាធិបតីនោះទេ»។
លោក Trump កំពុងបង្កើតគណៈកម្មាធិការមួយដើម្បីជួយលោកធ្វើការជ្រើសរើសបេក្ខជនអនុប្រធានាធិបតី។ នៅពេលដែលគេសួរអំពីការពិចារណាលោក John Kasich អតីតគូប្រកួតប្រជែងរបស់លោក លោក Trump បាននិយាយថា លោកនឹងពិនិត្យឲ្យបានច្បាស់លាស់លោកអភិបាលរដ្ឋ Ohio។
លោក Kasich បានដកខ្លួនចេញពីការប្រកួតប្រជែងកាលពីថ្ងៃពុធ ដោយបានបោះបង់ចោលការស្វះស្វែងជាយូរយារណាស់មកហើយដើម្បីបង្ខំឲ្យមានការបោះឆ្នោតនៅឯ សន្និបាតរបស់គណបក្សសាធារណរដ្ឋនៅក្នុងខែកក្កដា ដែលនឹងធ្វើឲ្យលោក Trump ខកខានមិនបានទទួលប្រតិភូភាគច្រើនរបស់គណបក្ស។ ដោយមានជ័យជម្នះលាន់ខ្ទរកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ Indiana ផែនការនោះ នឹងមិនទំនងថានឹងកើតមានឡើងទាល់តែសោះ។
លោក Trump ទំនងប្រឈមមុខជាមួយលោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនៅក្នុងការបោះឆ្នោតសាកលខែវិច្ឆិកា ក៏ប៉ុន្តែ លោកស្រី Clinton មិនទាន់បានជិតទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅឡើយទេហើយលោកស្រី នៅមានគូប្រកួតប្រជែងម្នាក់ទៀត៕