នៅក្នុងការថ្លែងសុន្ទរកថាស្តីអំពីគោលនយោបាយការបរទេសរបស់អាមេរិកចំពោះមជ្ឈិមបូព៌ាប្រទេស លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានមានប្រសាសន៍ថា ជម្រើសដែលលោកប្រធានាធិបតីស៊ិរី បាស្ហា អាល់ អាសាដ (Bashar al-Assad) ត្រូវជ្រើសរើស គឺ លោកត្រូវដឹកនាំប្រទេសរបស់លោកឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យ ឬបើមិនអញ្ចឹងទេ លោកត្រូវចុះចេញពីតំណែង។ ការអធិប្បាយរបស់លោកអូបាម៉ានេះ បានធ្វើឡើងមួយថ្ងៃក្រោយពីរដ្ឋបាលរបស់លោក បានស្នើឲ្យដាក់ទណ្ឌកម្មលើមេដឹកនាំស៊ិរី និងជំនួយការសំខាន់ៗ។
ការថ្លែងសុន្ទរកថារបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មិនបានទាមទារដោយចំៗ ឲ្យលោកប្រធានាធិបតីស៊ិរីចុះចេញពីតំណែងទេ ក៏ប៉ុន្តែ ការអធិប្បាយរបស់លោកគឺជាការបង្ហាញថា ការអត់ធ្មត់របស់អាមេរិក គឺមានកាន់តែតិចទៅៗ ចំពោះលោកប្រធានាធិបតី បាស្ហា អាល់ អាសាដ ដែលបាន ធ្វើសកម្មភាពផ្ទុយពីការសន្យារបស់លោក ដែលថានឹងធ្វើកំណែទម្រង់ ហើយបែរទៅជាធ្វើការបង្ក្រាបយ៉ាងខ្លាំងទៅលើក្រុមបាតុករវិញនោះ។
«ប្រជាពលរដ្ឋស៊ិរីបានបង្ហាញសេចក្តីក្លាហានរបស់ពួកគេ នៅក្នុងការទាមទារឲ្យមានការផ្លាស់ប្តូរមួយ ដើម្បីឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យ។ ហើយឥឡូវនេះ ជម្រើសដែលលោកប្រធានាធិបតី អាសាដ ត្រូវជ្រើសរើស គឺលោកត្រូវដឹកនាំប្រទេសរបស់លោកឲ្យមានការផ្លាស់ប្តូរ ឬមួយលោកត្រូវចុះចេញពីតំណែង។ រដ្ឋាភិបាលស៊ិរី ត្រូវតែឈប់បាញ់បាតុករ ហើយអនុញ្ញាតឲ្យមានបាតុកម្មដោយសន្តិវិធី ដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការចាប់ខ្លួនដោយអយុត្តិធម៌។ រដ្ឋាភិបាលស៊ិរី ត្រូវតែអនុញ្ញាតិឲ្យអ្នកឃ្លាំមើលសិទ្ធិមនុស្ស អាចចូលទៅទីក្រុងមួយចំនួន ដូចជាទីក្រុង ដារ៉ា (Daraa) ជាដើម ហើយចាប់ផ្តើមកិច្ចសន្ទនាប្រាកដប្រជាមួយ ដើម្បីឲ្យការផ្លាស់ប្តូរឈានទៅរកលិទ្ធិប្រជាធិបតេយ្យ មានដំណើរការទៅមុខ»។
លោកអូបាម៉ា បានមានប្រសាសន៍ទៀតថា ប្រទេសស៊ិរី បានយកគំរូតាមឲ្យប្រទេសអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន និងស្វែងរកជំនួយពីរដ្ឋាភិបាលតេអេរ៉ង់ (Tehran) នៅក្នុងអ្វីដែលលោកបានហៅថា «កលល្បិចនៃការគាបសង្កត់»។ លោកអូបាម៉ា បានថ្លែងថា ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញពី«ការនិយាយខុសពីការប្រព្រឹត្ត»របស់របបគ្រប់គ្រងអ៊ីរ៉ង់ ដោយលោកអូបាម៉ានិយាយថា របបនេះ គាំទ្រដល់សិទ្ធិរបស់បាតុករនៅក្រៅប្រទេស តែគាបសង្កត់ប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន។
នៅល្ងាចមុនថ្ងៃដែលលោកប្រធានាធិបតីថ្លែងសុន្ទរកថានេះ រដ្ឋបាលរបស់លោកបានប្រកាស អំពីការដាក់ទណ្ឌកម្មថ្មីមួយទៅលើប្រទេសស៊ីរី ដែលនោះជាលើកទីមួយហើយ ដែលការដាក់ទណ្ឌកម្មនោះគឺសំដៅផ្ទាល់ទៅលើលោកប្រធានាធិបតីបាស្ហា អាល់ អាសាដ និងទីប្រឹក្សាសំខាន់ៗ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់