អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានត្រឡប់មកជួបសាធារណជនវិញកាលពីថ្ងៃចន្ទ ដោយជំរុញឲ្យយុវជននៅក្នុងទីក្រុង Chicago ដែលលោកចាត់ទុកដូចជាស្រុកកំណើតរបស់លោក ឲ្យក្លាយទៅជាសកម្មជននៅក្នុងសហគមន៍របស់ខ្លួន ដូចកាលពីពេលមុនលោកបានឈរឈ្មោះកាន់តំណែងនៅក្នុងឆាកនយោបាយដែរ។
លោក អូបាម៉ា បានមានប្រសាសន៍ថា ក្នុងនាមជាអ្នករៀបចំសហគមន៍ម្នាក់កាលពី៣ទសវត្សរ៍កន្លងទៅក្នុងទីក្រុង Chicago លោកបានរៀនសូត្រថា «មនុស្សសាមញ្ញ នៅពេលដែលធ្វើការជាមួយគ្នា អាចធ្វើរឿងអស្ចារ្យជាច្រើន» ដែលនេះជាមេរៀន«ដែលខ្ញុំនៅតែចងចាំ»។
ប្រធានាធិបតីទី៤៤របស់អាមេរិករូបនេះបាននិយាយថា លោកសង្ឃឹមថា «នឹងជួយដល់យុវជនជំនាន់ក្រោយឲ្យមានសមត្ថភាពនិងដឹកនាំពិភពលោក»។ លោកក៏បានលើកឡើងថា បញ្ហាដ៏មានសម្ពាធទាំងឡាយដូចជាប្រាក់ចំណូលមិនស្មើគ្នា ការប្រែប្រួលអាកាសធាតុ និងភាពអយុត្តិធម៌នៅក្នុងប្រព័ន្ធយុត្តិធម៌គឺជា«បញ្ហាធំ ដែលធ្វើឲ្យខ្លាច ប៉ុន្តែបញ្ហាទាំងនោះមិនមែនមិនអាចដោះស្រាយបាននោះទេ»។
លោក អូបាម៉ា បានគេចផុតពីក្រសែភ្នែកសាធារណជនចាប់តាំងពីលោកចប់អាណត្តិជាប្រធានាធិបតីអាមេរិកកាលពី៣ខែមុន ដោយលោកមិនបានអើពើនឹងបញ្ហានយោបាយដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នោះទេ។
លោក អូបាម៉ា ដែលជាសមាជិកខាងគណបក្សប្រជាធិបតេយ្យបានចំអកដល់អ្នកបន្តវេនរបស់លោក គឺលោកមហាសេដ្ឋីអចលនទ្រព្យ ដូណាល់ ត្រាំ ក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុនថា មិនសាកសមនឹងកាន់តំណែងជាប្រធានាធិបតី ប៉ុន្តែលោក អូបាម៉ា បានបដិសេធមិនព្រមផ្តល់អត្ថាធិប្បាយអ្វីទៅលើសមត្ថភាពការងាររបស់លោក ត្រាំ នោះទេ ចាប់តាំងពីលោកកាន់តំណែងនៅសេតវិមានមក៕