ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump សើរើ​ឡើង​វិញ​នូវ​ច្បាប់​បរិស្ថាន​សម័យ​លោក Barack Obama


រូបភាព​ឯកសារ៖ រោងចក្រថាមពល​ធ្យូង​នៅ​ខាងក្រៅ Helper រដ្ឋ Utah កាល​ពី​ថ្ងៃទី​០៣ សីហា ២០១៥។
រូបភាព​ឯកសារ៖ រោងចក្រថាមពល​ធ្យូង​នៅ​ខាងក្រៅ Helper រដ្ឋ Utah កាល​ពី​ថ្ងៃទី​០៣ សីហា ២០១៥។

មន្ត្រី​សេតវិមាន​បាន​និយាយ​ថា លោក​ប្រធានាធិបតី Donald Trump នឹង​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​បញ្ចប់​ច្បាប់​បរិស្ថាន​សម័យ​លោក Barack Obama ធ្វើ​ជា​ប្រធានាធិបតី។ ការ​ធ្វើ​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ធ្វើ​ការ​ពិចារណា​ឡើង​វិញ​អំពី​ការ​ពិភាក្សា​ដេញដោល​ដែល​ប្រកាន់​បក្ស​ពួក និង​ពោរពេញ​ដោយ​ភាព​ប្រទាំង​ប្រទើស អំពី​ការ​ប៉ះពាល់​ដែល​បណ្ដាល​មកពី​សកម្មភាព​របស់​មនុស្ស​ទៅ​លើ​ធាតុអាកាស​នៅ​លើ​ផែនដី និង​ដើម្បី​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ដែល​ថា ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​អាកាស​ធាតុ​សាកលលោក​រាប់​ទសវត្សរ៍​មក​នេះ ប្រហែល​ជា​អាច​ដោះ​ស្រាយ​បាន។

មន្ត្រី​សេតវិមាន​ជាន់​ខ្ពស់​មួយ​រូប បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក Trump ជឿជាក់​ថា លោក​អាច​ធ្វើ​ឲ្យ​មាន​សមតុល្យ​ចំពោះ​គោល​បំណង​ពីរ​ក្នុង​ពេល​តែ​មួយ ដែល​នោះ​គឺ​ការ​ការពារ​បរិស្ថាន និង​ការ​ជំរុញ​ឲ្យ​មាន​ផលិតកម្ម​ថាមពល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា កត្តា​សេដ្ឋកិច្ច​គឺ​ជា​កត្តា​សំខាន់​នៅ​ពី​ក្រោយ​បទ​បញ្ជា​ប្រធានាធិបតី​នេះ។

មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ពេល​ដែល​សេដ្ឋកិច្ច​ខ្លាំង និង​រីក​ចម្រើន យើង​នឹង​ទទួល​បាន​ភាព​រុងរឿង ដែល​នេះ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ការពារ​បរិស្ថាន»។

លោក Trump កំពុង​ដឹកនាំ​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ​នានា ដើម្បី​កំណត់​អំពី​ក្បួន​ច្បាប់​នានា ដែល​រដ្ឋបាល​របស់​លោក​បាន​បញ្ជាក់​ថា បាន​បង្អាក់​ដល់​ផលិតកម្ម​ថាមពល​នៅ​ក្នុង​ប្រទេស។ នេះ​ជា​ជំហាន​ដំបូង​បង្អស់​នៅ​ក្នុង​ដំណើរការ​រយៈពេល ៦ ខែ ដើម្បី​បង្កើត​គម្រោង​មួយ​សម្រាប់​គោល​នយោបាយ​ថាមពល​នៅ​ថ្ងៃ​អនាគត​របស់​រដ្ឋបាល​លោក Trump៕

XS
SM
MD
LG