ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកអូបាម៉ា​និង​លោក​ពូទីន​ប៉ះ​ពាក្យ​សម្តី​គ្នា​លើ​ដំណោះ​ស្រាយ​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (ស្តាំ) និង​លោកប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជួប​គ្នា​នៅ​ឯ​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក កាលពីថ្ងៃទី២៨ ខែកញ្ញា​​ ឆ្នាំ២០១៥។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា​ និង​ប្រធានា​ធិបតីរុស្ស៊ី Vladimir Putin ​បាន​ប៉ះ​ពាក្យ​សម្តី​គ្នា​ខ្លាំង​ៗ​កាល​ពី​ថ្ងៃ​ចន្ទ ​នៅឯ​មហាសន្និបាតប្រ​ចាំ​ឆ្នាំ​របស់អង្គការ​សហប្រជាជាតិ​ អំពី​វិធី​បញ្ចប់ការ​ប្រយុទ្ធ​អស់​រយៈ​ពេល៤​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

មុន​ពេល​ជំនួប​ទល់​មុខ​គ្នា​រវាង​មេដឹកនាំ​សាកលោក​ទាំងពីរ ​ដែល​គ្រោងនឹង​ធ្វើ​ឡើង​នៅ​រសៀល​នេះ លោក​ អូបាម៉ា ​បាន​ប្រាប់​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិថា​ បន្ទាប់​ពី​មាន​ការ​បង្ហូរ​ឈាម​យ៉ាង​ខ្លាំង ប្រ​ទេស​ស៊ីរី ​មិន​អាច​វិល​ត្រឡប់​ទៅ​កាន់​ស្ថានភាព​មុន​សង្គ្រាម​បាន​ទេ។ លោក​អូបាម៉ា​ ​បាន​អំពាវនាវ​ឲ្យ​មាន​អន្ត​រកាល​មួយ​ដើម្បី​បណ្តេញ​ប្រធានា​ធិបតី​ស៊ីរី ​Bashar al- Assad ​ចេញពី​ដំណែង។

​ក៏ប៉ុន្តែ ​លោក ពូទីន ​ដែល​បាន​ធ្វើ​សុន្ទរកថា​លើក​ទី​មួយ​នៅអង្គការ​សហប្រជា​ជាតិ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​នោះ​ បាន​ព្រ​មាន​ថា ​វា​នឹង​ក្លាយ​ជា​កំហុស​មួយ​យ៉ាង​ធំ​ចំពោះ​ការ​មិន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​អាសាដ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ពួក​បះបោរ​រដ្ឋ​ឥស្លាម​ដែល​កំពុង​ព្យាយាម​បណ្តេញ​មេដឹកនាំ​ស៊ីរី​ចេញ​ពី​ដំណែង។ លោក ​បាន​អំពាវនាវ​ឲ្យ​មាន​ក្រុម​ចម្រុះ​ដ៏​ធំ​មួយ​ដើម្បី​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម ​ដូច​គ្នា​នឹង​សម្ព័ន្ធ​មិត្ត​ប្រឆាំង​នឹង​អ៊ីត្លែដែល​បាន​ប្រយុទ្ធ​ជាមួយ​គ្នា​ក្នុង​សង្គ្រាម​លោកលើក​ទី២​ដែរ។

​លោក​ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​គ្មាន​ចម្លើយ​ងាយ​ស្រួល​សម្រាប់​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេសស៊ីរី​ទេ ក៏បុន្តែ ​វិស័យ​ការទូត​ត្រូវ​តែ​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ស៊ីរី ដើម្បី​រស់​នៅ​ជាមួយ​គ្នា​ដោយ​សុខ​សន្តិភាព។​លោក​ប្រធានា​ធិបតី ​បាន​ប្រកាស​ប្រឆាំង​លោក​ អាសាដ​ ថា​ជា​មេដឹកនាំ​ដែល​បាន​ទម្លាក់​គ្រាប់​បែក​លើ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន ​វាយ​ប្រហារ​ទៅ​លើ​មនុស្ស​ជាតិ​ទាំង​អស់​របស់​យើង៕

XS
SM
MD
LG