ទោះបីជាលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានឈានដល់ការដោះស្រាយបញ្ហាការទូតសំខាន់ៗជាមួយនឹងគូបដិបក្ខរយៈពេលយូរខ្លះរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏វានៅតែមិនទំនងថាលោកនឹងអាចសម្រេចបាននូវការជឿនលឿនទៅមុខណាមួយ ដើម្បីដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើងឡើយ។
នៅឆ្នាំនេះ ការឈោងដៃខាងវិស័យការទូតយ៉ាងឥតស្រាកស្រាន្តរបស់រដ្ឋបាលលោកអូបាម៉ា បានត្រួសត្រាយផ្លូវឲ្យមានការដាក់ទំនាក់ទំនងឡើងវិញ ជាមួយប្រទេសកុម្មុយនីស្តគុយបា និងឲ្យមានកិច្ចព្រមព្រៀងដើម្បីដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់។
ប៉ុន្តែនៅប្រទេសកូរ៉េខាងជើង ការប្រឈមមុខដាក់គ្នានៅមានជាបន្ត។
បច្ចុប្បន្ន នៅពេលដែលស.រ.អា ផ្តោតលើការគំរាមកំហែងពីជនសកម្មប្រយុទ្ធឥស្លាមនៅមជ្ឈឹមបូព៌ា អ្នកវិភាគដូចជាសាស្រ្តចារ្យ John Delury នៅសាកលវិទ្យាល័យ Yonsei នៃទីក្រុងសេអ៊ូល និយាយថា មានឆន្ទៈនយោបាយតិចតួចណាស់ក្នុងការព្យាយាមផ្សះផ្សារជាមួយកូរ៉េខាងជើង។
«ដោយសារមានការចោទសួរជាថ្មីឡើងវិញអំពីវិធីដោះស្រាយបញ្ហាភេវរកម្មនោះ បញ្ហាកូរ៉េខាងជើង បានធ្លាក់មកនៅលំដាប់ទាប ទោះបីជាប្រធានបទនេះមិនទាន់បានដោះស្រាយនៅឡើយក៏ដោយ ហើយនេះពិតជាបញ្ហាដ៏ធំមួយសម្រាប់សន្តិសុខប្រទេសជាតិ នេះបើតាមទស្សនៈរបស់ស.រ.អា»។
សកម្មភាពកន្លងទៅរបស់ប្រទេសខាងជើង ដូចជាការក្បត់នឹងកិច្ចសន្យានុយក្លេអ៊ែនៅឆ្នាំ២០០៨ និងការបង្កហេតុមួយចំនួនដែលរាប់បញ្ចូលទាំងការសាកល្បងនុយក្លេអ៊ែនៅឆ្នាំ២០១៣ ដែលបាននាំឲ្យមានការតវ៉ា និងការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសចិនដែលជាសម្ព័ន្ធមិត្តសំខាន់មួយ បានធ្វើឲ្យឈោងទៅរកកូរ៉េខាងជើងមានភាពលំបាក។
សាស្រ្តាចារ្យ Delury និយាយថា សេចក្តីអត់ធ្មត់របស់លោក អូបាម៉ាអាចទទួលរងឥទ្ធិពលពីយោបល់ទូទៅនៅក្នុងចំណោមអ្នកជំនាញ ដែលនិយាយថារបបផ្តាច់ការKim នឹងមិនបន្តទៅមុខបានយូរទេ ក្រោយពីមរណៈរបស់ Kim Jong Il នៅឆ្នាំ២០១១។
«ប្រព័ន្ធនេះនឹងមិនអាចបន្តដល់ការផ្ទេរអំណាចលើកទី២ទេ។ វាគួរតែបាត់ទៅយូរណាស់មកហើយ ហើយឥឡូវនេះ វានឹងរលាយបាត់។ ដូច្នេះខ្ញុំគិតថា រឿងនេះបានជះឥទ្ធិពលដល់ការយល់ឃើញរបស់សេតវិមានទៅលើកូរ៉េខាងជើងពីដើមដំបូងមក»។
គីម ជុងអ៊ុន នៅកាន់អំណាចជាបន្តនិងបានបន្តការបង្កជម្លោះពីឪពុកលោក និងទំនាក់ទំនងដែលពិបាកទស្សន៍ទាយ ជាមួយប្រទេសឯទៀត។ ការដាក់ទណ្ឌកម្ម ការហាមឃាត់ការធ្វើដំណើរ និងការខិតខំប្រឹងប្រែងក្នុងការចោទប្រកាន់ការរំលោភសិទ្ធិមនុស្សបានធ្វើឲ្យរបបគ្រប់គ្រង គិម មានការហ្មួរហ្មង។ ប៉ុន្តែលោក Cheong Seong-chang អ្នកវិភាគកូរ៉េខាងជើងម្នាក់នៃវិជ្ជាស្ថាន Sejong និយាយថា សេដ្ឋកិច្ចប្រទេសកូរ៉េខាងជើងមានការរីកចំរើន ដោយសារកំណែទ្រង់ទ្រាយកសិកម្មខ្លះ និងការកើនឡើងនូវជំនួយពីប្រទេសចិន។
លោកនិយាយថា ស្របពេលដែល Kim Jong Un មិនពេញចិត្តនឹងស្ថានភាពនៅឃ្លាតឆ្ងាយពីគេរបស់កូរ៉េខាងជើង របបនេះកំពុងតែមានការឈឺចាប់តិចជាងអ្វីដែលយើងគិតពីខាងក្រៅ។
នេះមានន័យថា បញ្ហារបស់ប្រទេសកូរ៉េខាងជើងនឹងជាបញ្ហាដែលប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ាបន្សល់ទុកឲ្យអ្នកតដំណែង។
ប្រែសម្រួលដោយ វិញ សុជាតា