ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អូបាម៉ា បង្ហាញ​វត្តមាន​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាមួយ​​លោកស្រី ឃ្លីនតុន ​ជា​លើក​ដំបូង​


រូបភាព​ឯកសារ៖ កាល​ពី​ថ្ងៃ​ទី​០១ ធ្នូ​ ២០០៨ ប្រធានាធិបតី​ បារាក់​ អូបាម៉ា​ (ឆ្វេង) ឈរ​ជាមួយ​លោក​ស្រី​ Hillary Rodham Clinton បន្ទាប់ពី​ប្រកាសថា​អ្នកស្រី​គឺ​ជា​រដ្ឋលេខាធិការ​ក្រសួង​ការបរទេសពី​ការ​ជ្រើស​តាំង​របស់​លោកក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង ​Chicago។
រូបភាព​ឯកសារ៖ កាល​ពី​ថ្ងៃ​ទី​០១ ធ្នូ​ ២០០៨ ប្រធានាធិបតី​ បារាក់​ អូបាម៉ា​ (ឆ្វេង) ឈរ​ជាមួយ​លោក​ស្រី​ Hillary Rodham Clinton បន្ទាប់ពី​ប្រកាសថា​អ្នកស្រី​គឺ​ជា​រដ្ឋលេខាធិការ​ក្រសួង​ការបរទេសពី​ការ​ជ្រើស​តាំង​របស់​លោកក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង ​Chicago។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នឹង​ឆ្ពោះ​ទៅ​កាន់​រដ្ឋ Carolina ខាង​ជើង​នៅ​ថ្ងៃ​អង្គារ​នេះ​ខណៈ​ដែលលោក Donald Trump នៃគណបក្ស​សាធារណរដ្ឋ និង​លោកស្រី Hillary Clintonនៃ​គណបក្ស​ប្រជាធិបតេយ្យ នឹង​រៀបចំ​កម្មវិធី​នៅ​ទីនោះ។ ​

លោក Trump នឹង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការប្រមូលផ្តុំ​មហាជន​នៅ​ក្នុង​រដ្ឋធានី Raleigh នៃ​រដ្ឋ Carolina ខាង​ជើង​នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​កម្មវិធី​ចាប់​ផ្តើម លោកស្រី Clinton នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Charlotte ខណៈ​ដែលលោក​ប្រធានាធិបតី Barack Obama ក៏​នឹង​មាន​វត្តមាន​លើក​ដំបូងបង្អស់​គាំទ្រ​ដល់​លោកស្រី Clinton ដែល​បាន​បម្រើការ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ក្នុង​អំឡុង​ពេល​ដែល​លោក​ធ្វើ​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក។ ​

លោកស្រី Clinton បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Twitter ជាមួយ​នឹង​វីដេអូ​ដែល​លោក​ប្រធានាធិបតី​បាន​និយាយ​គាំទ្រ​លោកស្រី​កាល​ពី​ខែ​មុន​ថា «ទន្ទឹង​រង់ចាំ​ការធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាមួយ​គ្នា។»

កាល​ពី​៨​ឆ្នាំ​មុន លោក Obama និង​លោកស្រី Clinton បាន​ប្រជែង​គ្នា​នៅ​ក្នុង​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ ដែល​ចុង​ក្រោយ​លោក Obama ទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ ហើយ​លោកស្រី Clinton ក៏​បាន​ជួយ​ធ្វើ​យុទ្ធនាការ​ឃោសនា​ឲ្យ​លោក Obama នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ ដើម្បី​ប្រជែង​ជាមួយ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ លោក John McCain ផង​ដែរ៕

XS
SM
MD
LG