មួយថ្ងៃបន្ទាប់ពីលោក អូបាម៉ា ប្រកែកថាសហរដ្ឋអាមេរិក គ្មានការបែងចែកបក្សពួកដូចដែលមនុស្សខ្លះបានអះអាងនោះ លោកប្រធានាធិបតីកំពុងកោះហៅពួកមន្រ្តីពង្រឹងច្បាប់ មេដឹកនាំអង្គការសង្គមស៊ីវិល ពួកសកម្មជននិងមេដឹកនាំនយោបាយដើម្បីពិភាក្សារកមធ្យោបាយធ្វើឲ្យសហគមន៍មានទំនុកចិត្តឡើងវិញដែលនៅទីនោះ មានការតានតឹងរវាងប៉ូលីសនិងពួកអ្នកស្រុកដែលពួកប៉ូលិសបានស្បថថា នឹងការពារ។
ជំនួបប្រជុំនៅថ្ងៃពុធនេះឯសេតវិមាននឹងកើតឡើងបន្ទាប់ពីសុន្ទរកថារបស់លោកនៅឯពិធីបុណ្យដើម្បីគោរពវិញ្ញាណក្ខន្ធមន្រ្តីប៉ូលិស៥នាក់ដែលត្រូវបានគេសម្លាប់នៅក្នុងទីក្រុង Dallas។ នៅទីនោះ លោកប្រធានាធិបតី បានមានប្រសាសន៍ថា អំពើហឹង្សាក្នុងពេលសប្តាហ៍កន្លងមកនេះ បានលាតត្រដាងបញ្ហាដ៏ធ្ងន់ធ្ងរនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើង។
ការវាយប្រហារកាលពីសប្តាហ៍មុនទៅលើប៉ូលិសនៅទីក្រុង Dallas ដោយអតីតយុទ្ធជនស្បែកខ្មៅម្នាក់ដែលបានខឹងសម្បានឹងប៉ូលិសដែលបានសម្លាប់បុរសស្បែកខ្មៅ២នាក់នៅរដ្ឋ Louisiana និងរដ្ឋ Minnesota នោះបានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងការជជែកដេញដោលលើបញ្ហាលំអៀងខាងជាតិសាសន៍នៅក្នុងការប្រតិបត្តិច្បាប់។
នៅក្នុងសុន្ទរកថាដែលមានដូចជាការឧទ្ទិសដល់មន្រ្តីពង្រឹងច្បាប់ទៅដល់ការលំអៀងខាងជាតិសាសន៍នៅក្នុងប្រទេសអាមេរិក លោកប្រធានាធិបតី អូបាម៉ា មានប្រសាសន៍ថា លោកយល់ពីស្ថានភាពនេះ ប្រជាពលរដ្ឋនៅទូទាំងទីក្រុង Dallasនិងទូទាំងសហរដ្ឋអាមេរិកកំពុងទទួលរងទុក្ខយ៉ាងខ្លាំង។
លោកប្រធានាធិបតី បានគោរពវិញ្ញាណក្ខន្ធមន្រ្តីប៉ូលិស៥នាក់ដែលត្រូវបានគេសម្លាប់ហើយបានអំពាវនាវឲ្យមានសាមគ្គីភាពនិងក្តីសង្ឃឹម។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា៖ «ខ្ញុំដឹងថាតើប្រជាពលរដ្ឋអាមេរិកមានអារម្មណ៍យ៉ាងដូចម្តេច ក៏ប៉ុន្តែក្នុងក្រុង Dallas ខ្ញុំនៅទីនេះដើម្បីនិយាយថា យើងត្រូវតែបញ្ឈប់ការអស់សង្ឃឹមទាំងនេះ»។
លោកប្រធានាធិបតី បានជំរុញឲ្យប្រទេសជាតិនិយាយដោយស្មោះត្រង់នឹងគ្មានការលាក់បាំងអំពីស្ថានភាពនៃទំនាក់ទំនងជាតិសាសន៍នៅពេលបច្ចុប្បន្ននេះ ដោយលោកបានមានប្រសាសន៍ថា យើងដឹងថាមន្រ្តីប៉ូលិសជាច្រើន សាកសមនឹងទទួលបានការគោរពពីពួកយើង មិនមែនការស្តីបន្ទោសរបស់យើងទេ៕