ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អូបាម៉ា កំពុង​ស្ថិត​នៅ​​ទីក្រុង Orlando ដើម្បី​ជួយ​សម្រាល​ទុក្ខ​ដល់​សាច់ញាតិ​ជនរងគ្រោះ​នៅ​ក្នុង​បាញ់ប្រហារ​រង្គាល


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​លោក​អនុប្រធានាធិបតី Joe Biden ទៅ​ទស្សនកិច្ច​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ជន​រងគ្រោះ​នៃ​ការ​បាញ់​រះ​នៅ​ក្លឹប​រាត្រី Pulse កាលពី​ថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០១៦ ក្នុង​ក្រុង Orlando។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​លោក​អនុប្រធានាធិបតី Joe Biden ទៅ​ទស្សនកិច្ច​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ជន​រងគ្រោះ​នៃ​ការ​បាញ់​រះ​នៅ​ក្លឹប​រាត្រី Pulse កាលពី​ថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០១៦ ក្នុង​ក្រុង Orlando។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កំពុង​តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង Orlando រដ្ឋ Florida កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួយ​សម្រួល​ដល់​ស្ថានភាព​ដុនដាប​ដែល​បាន​កើតឡើង​ដោយសារ​តែ​ការ​បាញ់​សម្លាប់​រង្គាល​ដ៏​ធំ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ដើម្បី​ជួប​ដោយ​ផ្ទាល់​លក្ខណៈ​ឯកជន​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​សម្លាប់​និង​ធ្វើ​ឲ្យ​រង​របួស​នៅ​ឯ​ក្លឹប​រាត្រី​មួយ​សម្រាប់​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​កាល​ពី​ថ្ងៃ​អាទិត្យ។ ​

ដោយ​ជិះ​យន្តហោះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ទៅ​កាន់​ទីក្រុង Orlando ដែល​ស្ថិត​នៅ​ប៉ែក​អាស៊ីអាគ្នេយ៍​នៃ​សហរដ្ឋអាមេរិក អ្នកនាំពាក្យ​ម្នាក់​របស់​សេតវិមាន​បាន​និយាយ​ថា លោក អូបាម៉ា «មាន​អារម្មណ៍​ថា មិន​មាន​វិធី​អ្វី​ដែល​បង្ហាញ​ការ​គាំទ្រ​ដល់​ជនរងគ្រោះ​នៅ​ទីក្រុង Orlando ជាជាង​ទៅ​កាន់​ទីនោះ​ដោយ​ផ្ទាល់​នោះ​ទេ»។ អ្នកនាំពាក្យ​រូប​នោះ​បាន​និយាយ​ថា «លោក​ប្រធានាធិបតី​ចង់​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ថា ​លោក​នៅ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ទីក្រុង Orlando»។

លោក អូបាម៉ា កំពុង​ជួប​ជាមួយ​នឹង​សាច់ញាតិ​របស់​ជនរងគ្រោះ​ទាំង​៤៩​នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់​និង​ជនរងគ្រោះ​៥៣​នាក់​ទៀត​ដែល​បាន​រងរបួស នៅ​ឯ​ក្លឹបរាត្រី​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ នៅ​ពេល​ដែល​ជនជាតិ​អាមេរិកាំង​កាន់​សាសនា​ឥស្លាម​ម្នាក់​បាន​បាញ់​កាំភ្លើង​រះ​ទៅ​លើ​ហ្វូងមនុស្ស​ដែល​កំពុង​តែ​រាំ​ចង្វាក់​ឡាទីន និង​ជប់លៀង​ជាមួយ​នឹង​មិត្តភក្តិ​របស់​ពួកគេ។ ការ​ឡោមព័ទ្ធ​ដែល​មាន​រយៈពេល​៣​ម៉ោង​បាន​បញ្ចប់​នៅ​ពេល​ដែល​ប៉ូលិស​បាន​ជីក​រូង​ចូល​ទៅ​ក្នុង​ក្លឹបរាត្រី​នោះ​ដែល​មាន​ឈ្មោះ​ថា Pulse និង​បាន​សម្លាប់​ខ្មាន់​កាំភ្លើង​ដែល​មាន​ឈ្មោះ​ថា Omar Saddiqui Mateen នៅ​ក្នុង​ការ​បាញ់​ប្រហារ​ត​ទល់​គ្នា​នោះ។​

​លោក​ប្រធានាធិបតី​ដែល​អម​ដំណើរ​ដោយ​លោក​អនុប្រធានាធិបតី Joe Biden ក៏​បាន​និយាយ​ជាមួយ​នឹង​ជនរងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​ការបាញ់​ប្រហារ​រង្គាល​នោះ ក៏​ដូច​ជា​ប៉ូលិស ក្រុម​ការងារ​រថយន្ត​សង្គ្រោះ​បន្ទាន់ គិលានុបដ្ឋាក វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​វះកាត់ ដែល​បាន​ជួយ​ព្យាបាល​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​បាញ់​នោះ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG