លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ាបានអញ្ជើញទៅដល់ប្រទេសអេត្យូពីដើម្បីធ្វើការចរចារយៈពេល២ថ្ងៃ ដែលផ្តោតលើភេរវកម្ម សិទ្ធិមនុស្សនិងសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ូដង់ខាងត្បូង។
លោកប្រធានាធិបតី បានទទួលការស្វាគមន៍កាលពីថ្ងៃអាទិត្យនៅឯចំណតអាកាសយានក្រុងអាឌីស អាបាបា ដោយលោក Hailemariam Desalegn នាយករដ្ឋមន្រ្តីនៃប្រទេសអេត្យូពី ហើយបន្ទាប់មកបានធ្វើដំណើរទៅកាន់ស្ថានទូតស.រ.អាដើម្បីចូលរួមកិច្ចប្រជុំជាមួយបុគ្គលិកស្ថានទូត។
នៅថ្ងៃច័ន្ទនេះ លោកប្រធានាធិបតីអូបាម៉ា មានគម្រោងធ្វើការចរចាទ្វេភាគីជាមួយក្រុមមេដឹកនាំអេត្យូពី និងបើកកិច្ចប្រជុំប្រមុខរដ្ឋតំបន់អាហ្វ្រិកខាងកើតដើម្បីពិភាក្សាជម្លោះក្នុងប្រទេសស៊ូដង់ខាងត្បូង។
មុនពេលចាកចេញទៅកាន់ប្រទេសអេត្យូពី លោកប្រធានាធិបតីអូបាម៉ា បានចំណាយរយៈពេល២ថ្ងៃនៅក្នុងប្រទេសកេនយ៉ាន ដែលជាមាតុភូមិរបស់ឪពុកលោក ដែលនៅទីនោះលោកប្រធានាធិបតី បានត្រូវគេហៅថាជាកូនប្រុសរបស់កេនយ៉ា។
ក្នុងសុន្ទរកថាមុនពេលចាកចេញកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ថា កេនយ៉ា បានស្ថិតនៅផ្លូវខ្វែងដែលពោរពេញទៅដោយគ្រោះថ្នាក់ ក៏ប៉ុន្តែក៏ពោរពេញទៅដោយសេចក្តីសង្ឃឹមដ៏ច្រើនដែរ។
នេះជាលើកទីមួយដែលប្រធានាធិបតីស.រ.អាកំពុងកាន់ដំណែងបានទៅបំពេញទស្សនកិច្ចប្រទេសអេត្យូពី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ស.រ.អានៅក្នុងការប្រយុទ្ធប្រឆាំងក្រុម Al- Shabab ដែលមានចំណងទាក់ទងជាមួយក្រុម Al-Qaidaនោះ។
មន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់លោកអូបាម៉ានិយាយថា ក្រុមមេដឹកនាំនឹងពិភាក្សាពីអ្វីដែលត្រូវធ្វើបន្ទាប់ ប្រសិនបើប្រធានាធិបតីនៃប្រទេសស៊ូដង់ខាងត្បូង និងមេដឹកនាំប្រឆាំងមិនចុះហត្ថលេខាលើសំណើរអាហ្វ្រិកដែលបញ្ចប់សង្គ្រាមនោះ៕