ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូបាម៉ា​ដឹង​គុណ​ចំពោះ​ការ​ស្លាប់​របស់​ទាហាន​ក្នុង​សង្រ្គាម​អាមេរិក​ក្នុង​ទិវា​រំឮក​វិញ្ញាណក្ខណ្ឌ


ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ ថ្លែង​នៅ​ក្នុង​ទិវា​រំឮក​វិញ្ញាណក្ខណ្ឌ​នៅ​ផ្នូរ​ជាតិ​ដែល​មាន​ឈ្មោះ​ថា Arlington (Arlington National Cemetery) ក្នុង​តំបន់​ Arlington កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា ​បាន​ដាក់​កម្រង​ផ្កា​មួយ​នៅ​ឯ​ផ្នូរ​សព​ទាហានអនាមិកដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធប្រចាំ​ឆ្នាំ​នៃ​ទិវា​រំឮក​វិញ្ញាណក្ខណ្ឌយុទ្ធជន​នៅ​ក្នុង​ស.រ.អា.។

ក្នុង​ពិធី​នៅ​ឯ​កន្លែង​បញ្ចុះ​សព​ជាតិ​ Arlington ​មាន​ការ​ចូល​រួមពី​សំណាក់​ក្រុម​ឥស្សរជន ក្រុម​បុគ្គលិក​យោធា​ និង​គ្រួសារ​ទាហាន​ជើង​ចាស់។​

ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ លោក​អូបាម៉ា​បាន​រំឮក​ដល់​ក្រុម​បុរស​និង​ក្រុម​ស្ត្រី​ដែល​បាន​បូជា​ជីវិត​ដើម្បី​ថែរក្សា​សេរីភាព​ស.រ.អា.​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​មាន​សុវត្ថិភាព។ ​លោក​ក៏​បាន​កត់សម្គាល់​ដែរ​ថា​នេះ​ជា​ទិវា​រំឮក​វិញ្ញាណក្ខណ្ឌ​ទីមួយ​ចាប់តាំង​ពី​សង្គ្រាម​អាហ្វហ្គានីស្ថាន​បាន​ចប់។ ​លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​តែ​ជា​កន្លែង​មួយ​ដែល​មាន​គ្រោះថ្នាក់​ហើយ​នៅ​មាន​ទាហាន​អាមេរិកាំង​តិច​ជាង​មួយ​ម៉ឺននាក់​ក្នុង​ប្រទេស​នេះ​ដើម្បី​ហ្វឹកហ្វឺន​និង​ជួយ​កងកម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។​

សហគមន៍​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​អាមេរិកផ្តល់​កិត្តិយស​ជូន​ក្រុម​យុទ្ធ​ជន​ដែល​បាន​បូជា​ជីវិត​ក្នុង​សង្គ្រាម​ជាមួយ​ការ​ដង្ហែរក្បួន​ ការ​ប្រគុំ​តន្ត្រី​និង​ពិធី​បុណ្យ​បែប​ជាតិ​និយម​របស់​ជន​ឯទៀត​នឹង​ប្រារព្ធ​ទិវានេះ ព្រម​ទាំង​មាន​ការ​ជញ្ជឹង​គិត​ដោយ​ស្ងាត់ស្ងៀម​អំពី​ជន​ដែល​បាន​បាត់បង់​ជីវិត​នៅ​ពេល​បំពេញ​សេវាកម្ម​យោធា​ផង​ដែរ។​

កាល​ពី​ថ្ងៃ​អាទិត្យ​ក្រុម​អ្នក​ជិះ​ម៉ូតូ​រាប់​ពាន់នាក់​បាន​បើក​ម៉ូតូ​កាត់​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ការ​ប្រជុំ​ Rolling Thunder ប្រចាំឆ្នាំ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុម​អ្នកទោស​សង្គ្រាម​និង​ជន​ដែល​បាន​បាត់ខ្លួន​ក្នុង​សង្គ្រាម៕

XS
SM
MD
LG