ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​អាមេរិក លោក អូបាម៉ា រិះគន់​ចំណាត់ការ​រដ្ឋាភិបាល​បច្ចុប្បន្ន​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Howard ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦។

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ថ្លែង​សុន្ទរកថា​តាម​អនឡាញ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ចំនួន​ពីរ​កាល​ពី​ថ្ងៃ​សៅរ៍។ សុន្ទរកថា​មួយ​ថ្លែង​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា​ឆ្នាំ ២០២០ នេះ នៅ​តាម​សាកលវិទ្យាល័យ​នានា​ដែល​ផ្ដោត​លើ​និស្សិត​ស្បែក​ខ្មៅ ដែល​គេ​ស្គាល់​ថា HBCUs និង​សុន្ទរកថា​មួយ​ទៀត​ថ្លែង​ទៅ​កាន់​សិស្សានុសិស្ស​ដែល​បញ្ចប់​កម្រិត​សិក្សា​ទុតិយភូមិ។

ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​បាន​ប្រព្រឹត្ត​ទៅ​តាម​អនឡាញ​ដោយសារ​តែ​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​សង្គម ដែល​បណ្ដាល​មក​ពី​ជំងឺ​រាតត្បាត​ជាសាកល​កូវីដ១៩។​

ក្រៅ​ពី​ថ្លែង​សុន្ទរកថា​ទូទៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នោះ លោក អូបាម៉ា ក៏​បាន​និយាយ​រិះគន់​ថ្នាក់​ដឹកនាំ​សហរដ្ឋអាមេរិក​ផងដែរ ដែល​នេះ​គឺ​ជា​អ្វី​ដែល​លោក​តែងតែ​ជៀស​មិន​និយាយ។

លោក អូបាម៉ា បាន​និយាយ​អំពី​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩ និង​ពី​របៀប​ដែល​ជំងឺ​នេះ​បាន​លាតត្រដាង​ពី​វិសមភាព​នៅ​ក្នុង​សហរដ្ឋអាមេរិក។ លោក​ក៏​បាន​និយាយ​រិះគន់​ពី​របៀប​ដែល​មេដឹកនាំ​សហរដ្ឋអាមេរិក​ដោះស្រាយ​វិបត្តិ​សុខភាព​សាកលលោក​នេះ​ផង​ដែរ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឈ្មោះ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ទេ។

លោក អូបាម៉ា បាន​ថ្លែង​ទៅ​កាន់​សិស្ស​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ថា៖ «អ្នក​នឹង​វិវត្ត​លឿន​ជាង​មនុស្ស​ក្នុង​ជំនាន់​ខ្លះ។ ជំងឺ​រាតត្បាត​ជា​សាកល​នេះ​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ស្ថានភាព​បច្ចុប្បន្ន និង​បាន​លាតត្រដាង​នូវ​បញ្ហា​ដែល​បាន​ចាក់ស្រេះ​ជាច្រើន​នៅ​ក្នុង​ប្រទេស​របស់​យើង ដែល​មាន​តាំង​ពី​វិសមភាព​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​និង​ការ​រើសអើង​ពណ៌សម្បុរ រហូត​ដល់​បញ្ហា​កង្វះ​ការ​ថែទាំ​សុខភាព​មូលដ្ឋាន​សម្រាប់​អ្នក​ដែល​ត្រូវការ។ វា​ធ្វើ​ឲ្យ​មនុស្ស​វ័យក្មេង​ជាច្រើន​ដឹង​នូវ​ការពិត​ដែល​ថា វិធី​ចាស់ៗ​ក្នុង​ការ​ធ្វើ​រឿង​អ្វីមួយ​មិន​មាន​ប្រសិទ្ធភាព​ទៀត​ទេ មិនថា​អ្នក​រក​ប្រាក់​បាន​ច្រើន​ប៉ុណ្ណា​ឡើយ ប្រសិន​បើ​អ្នកគ្រប់គ្នា​នៅ​ជុំវិញ​ខ្លួន​អ្នក​អត់ឃ្លាន​និង​ឈឺ​នោះ។ សង្គម និង​ប្រជាធិបតេយ្យ​របស់​យើង​ដំណើរការ នៅ​ពេល​ដែល​យើង​មិន​គិត​តែ​ពី​ខ្លួន​ឯង ហើយ​គិត​ពី​គ្នា​ទៅវិញ​ទៅ​មក»។

លោក​បាន​បន្ថែម​ទៀត​ថា ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩​នេះ​បាន «បើក​វាំងនន» បង្ហាញ​ឲ្យ​ឃើញ​នូវ «ការពិត​ដែល​ពិបាក​ទទួល​យក​បាន» ដែល​លោក​បាន​ថ្លែង​ថា «គឺ​ជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ទទួល​យក​នៅ​ទីបំផុត នៅ​ពេល​ដែល​កុមារភាព​របស់​យើង​បាន​បញ្ចប់។ មនុស្ស​ធំ​ដែល​អ្នក​ធ្លាប់​តែ​គិត​ថា​ជា​អ្នក​គ្រប់គ្រង និង​ជា​អ្នក​ដែល​ដឹង​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ តាមពិត​ពួកគេ​មិន​ដឹង​គ្រប់​រឿង​នោះ​ទេ។ ពួកគេ​ជាច្រើន​នាក់​មិន​ទាំង​ចេះ​សួរ​សំណួរ​ឲ្យ​បាន​ត្រឹមត្រូវ​ផង។ ដូច្នេះ​មាន​តែ​អ្នក​ទាំងអស់​គ្នា​ហើយ ដែល​អាច​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ប្រសើរ​ជាង​មុន​បាន»៕

XS
SM
MD
LG