ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ថា​ ជំងឺ​រាតត្បាត​កូវីដ១៩​នឹង​ប៉ះពាល់​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចុះពិនិត្យរោងចក្រផលិតគ្រឿងសម្ភារៈពេទ្យមួយ នៅក្រុង Allentown រដ្ឋ Pennsylvania កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចុះពិនិត្យរោងចក្រផលិតគ្រឿងសម្ភារៈពេទ្យមួយ នៅក្រុង Allentown រដ្ឋ Pennsylvania កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក ដូណាល់​ ត្រាំ ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ខក​ចិត្ត​នឹង​ប្រទេស​ចិន​ចំពោះ​ការ​ដែល​ចិន​ខកខាន​មិន​បាន​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ ដោយ​លោក​ថា ​ការ​ឆ្លង​រាតត្បាត​ជុំវិញ​ពិភពលោកនៃ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​នេះនឹង​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយដែល​ផ្សាយ​តាម​ទូរទស្សន៍ Fox Businesses លោក​ត្រាំ​ថា ​លោកខក​ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​ប្រទេស​ចិន ដែល​អាមេរិក​បាន​សម្រេច​កិច្ចព្រមព្រៀង​ខ្លះ​ហើយ និង​ខកចិត្ត​ចំពោះ​លោក​ប្រធានាធិបតី​ Xi Jinping ដែល​កន្លង​មក​លោក​ត្រាំ​អះអាង​ថា​ លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក Xi។

ក្រោម​លក្ខខណ្ឌ​នៃ​ដំណាក់កាលទី១​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាល​ពី​ខែ​មករា ប្រទេស​ចិន​បាន​សន្យា​ទិញ​ផលិតផល​និង​សេវាកម្ម​អាមេរិក​តម្លៃ​យ៉ាង​តិច​២០០​ពាន់លាន​ដុល្លារ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ព្រម​បន្ថយ​ពន្ធ​ខ្លះ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន។

វីរុស​កូរ៉ូណាប្រភេទថ្មី​បាន​ចាប់​ផ្តើម​ឆ្លង​រាលដាល​ដោយ​ស្ងាត់ៗពី​ទី​ក្រុង​វូហាន​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ គឺ​ក្នុងអំឡុង​បរិបទ​ដែល​សហរដ្ឋ​អាមេរិក​និង​ចិន​កំពុងចរចា​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់​កាល​ទី​១។

កាសែត​របស់​រដ្ឋ​ចិន​មួយ​រាយការណ៍​ថា ទី​ប្រឹក្សា​រដ្ឋាភិបាល​នៅ​ក្រុង​ប៉េកាំង​ខ្លះ​ចង់​ឲ្យ​ប្រទេស​ចិន​ចរចាកិច្ចព្រមព្រៀង​ជាមួយ​អាមេរិកឡើង​វិញ ប៉ុន្តែ​លោក​ត្រាំ​ថ្លែង​ម្តង​ទៀត​ថា ​លោក​មិន​ចាប់​អារម្មណ៍​ចរចា​ឡើង​វិញ​ទេ៕

XS
SM
MD
LG