លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា កំពុងបញ្ចប់ទស្សនកិច្ចរបស់លោកទៅកាន់ភាគខាងកើតនៃទ្វីបអាហ្វ្រិកនៅថ្ងៃអង្គារនេះ។ លោកបានក្លាយជាប្រធានាធិបតីស.រ.អាកំពុងកាន់តំណែងទីមួយ ដែលឡើងថ្លែងសុន្ទរកថានៅទីស្នាក់ការរបស់សហភាពអាហ្រ្វិកនៅក្នុងរដ្ឋធានីនៃប្រទេសអេត្យូពី។
ការថ្លែងសុន្ទរកថារបស់លោកនៅទីនោះត្រូវធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានគណៈកម្មការ សហភាពអាហ្វ្រិក Nkosazana Dlamini Zuma និងបន្ទាប់ពីបានទៅទស្សនារោងចក្រធ្វើម្ហូបមួយ។
កាលពីថ្ងៃច័ន្ទ លោកអូបាម៉ាបានជួបជាមួយលោកនាយករដ្ឋមន្ត្រីនៃប្រទេសអេត្យូពី Hailemariam Desalegn ដើម្បីធ្វើការពិភាក្សា ដែលលោកអូបាម៉ាបានហៅថា មានភាពស្មោះត្រង់ ដែលរួមមានទាំងការអំពាវនាវឲ្យអ្នកកាសែត និងគណបក្សប្រឆាំង មានសេរីភាពថែមទៀត។ លោកអូបាម៉ាថ្លែងថា ការធ្វើបែបនេះនឹងពង្រឹងរបៀបវារៈរបស់គណបក្សកាន់អំណាចមិនមែនធ្វើឲ្យចុះខ្សោយទេ។
លោក Dasalegn បានថ្លែងថាប្រទេសអេត្យូពីតាំងចិត្តដើម្បីកែលម្អសិទ្ធិមនុស្ស និង អភិបាលកិច្ច ហើយថា ការតាំងចិត្តរបស់យើងចំពោះលទ្ធិប្រជាធិបតេយ្យមានភាពពិតប្រាកដ មិនមែនរាក់កំផែលនោះទេ៕