លោកប្រធានាធិបតីស.រ.អាបារ៉ាក់ អូបាម៉ាបានបដិសេធពាក្យនិយាយឡកឡឺយពីប្រទេសអ៊ីរ៉ង់ និងការត្អូញត្អែរខាងនយោបាយនៅក្នុងស.រ.អាអំពីកិច្ចព្រមព្រៀងបរមាណូដើម្បីកម្រិតកម្មវិធីបរមាណូរបស់រដ្ឋាភិបាលក្រុងតេរ៉ង់។
នៅក្នុងសេចក្តីសម្ភាសន៍មួយផ្សាយតាមទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យលោកអូបាម៉ាបានបដិសេធសារៈសំខាន់នៃសារលើគេហទំព័រ Twitterមួយពី Ayatollah Ali Khamenei មេដឹកកំពូលនៃប្រទេស អ៊ីរ៉ង់ដែលបង្ហាញគំនូរស្រមោលមួយនៃមេដឹកនាំអាមេរិកាំងរូបនេះភ្ជុងកាំភ្លើងមួយដាក់ក្បាលខ្លួនឯង។
លោកអូបាម៉ាបានមានប្រសាសន៍ថា «ខ្ញុំយល់ថាគាត់សរសេរសារដូច្នេះជាការឆ្លើយតបនឹងខ្ញុំដែលបាននិយាយអំពីការពិតជាក់ស្តែងមួយថា ប្រសិនបើយើងប្រឈមមុខនឹងស្ថានការណ៍មួយដែលយើងមិនអាចដោះស្រាយបញ្ហានេះបានតាមការទូតទេនោះ នោះយើងអាចចាត់វិធានការយោធាដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាជាច្រើនរបស់ប្រទេសអ៊ីរ៉ង់។ ខ្ញុំមិនយល់ថាការណ៍នេះជាការអាចជំទាស់បានទេ»។
លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ប្រាប់លោក Fareed Zakaria នៃបណ្តាញទូរទស្សន៍អាមេរិកាំង CNN ថា «ពួកប្រទេសមហាអំណាចមិនឆ្លើយតបនឹងការនិយាយឡកឡឺយទេ។ ពួកប្រទេសមហាអំណាចផ្តោតការយកចិត្តទុកដាក់លើអ្វី ដែលយើងត្រូវការធ្វើដើម្បីថែរក្សាសន្តិសុខជាតិរបស់យើង និងសន្តិសុខជាតិរបស់ក្រុមសម្ព័ន្ធមិត្ត និងក្រុមមិត្តរបស់យើង»៕