ទីភ្នាក់ងារព័ត៌មាន Associated Press រាយការណ៍ពីក្រុងតេហេរ៉ង់ (Tehran) ថាទីភ្នាក់ងារព័ត៌មានផ្លូវការនៃរដ្ឋាភិបាលប្រទេសអ៊ីរ៉ង់រាយការណ៍ថាអគ្គមេបញ្ជាការយោធានៃសាធារណរដ្ឋឥស្លាមនេះបានគាំទ្រកិច្ចព្រមព្រៀងបរមាណូមួយគួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រជាមួយក្រុមប្រទេសមហាអំណាចពិភពលោក ទោះណាជាមានកង្វល់អំពីកិច្ចព្រមព្រៀងនេះក៏ដោយ។
លោកឧត្តមសេនីយ Hassan Firouzabadi ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធម្នាក់របស់ Ayalollah Ali Khamenei មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់បាននិយាយអំពីអត្ថប្រយោជន៍១៦យ៉ាងនៃកិច្ចព្រមព្រៀងនេះ ហើយការណ៍នេះជាការគាំទ្រធំមួយដែលអាចជំរុញក្រុមអភិរក្សនិយមឱ្យចូលរួមជាមួយក្រុមអ្នកមិននិយមជ្រុលក្នុងការគាំទ្រកិច្ចព្រមព្រៀងនេះ ទោះណាជាមានការជំទាស់ខ្លាំងឡើងៗពីក្រុមអ្នកនិយមនយោបាយតឹងរឹងក៏ដោយ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍អំពីអត្ថាធិប្បាយបស់លោក Firouzabadi កាលពីថ្ងៃសៅរ៍។
Ayatollah Khamenei ដែលជាអ្នកសម្រេចចុងក្រោយបង្អស់អំពីបញ្ហាទាំងអស់របស់រដ្ឋមិនបានគាំទ្រ ឬមិនបានជំទាស់ជាសាធារណៈដល់កិច្ចព្រមព្រៀង
នេះទេ។ ទោះយ៉ាងណាក៏ដោយ ក៏លោកបានគាំទ្រច្រើនដងដល់ក្រុមអ្នកធ្វើការចរចាបរមាណូរបស់ប្រទេសលោក។
សភា និងក្រុមប្រឹក្សាសន្តិសុខជាតិកំពូលដែលជាអង្គការខ្ពស់បំផុតខាងការសម្រេចចិត្តអំពីសន្តិសុខនៃប្រទេសអ៊ីរ៉ង់បានកំណត់ថានឹងពិចារណាអំពីកិច្ចព្រមព្រៀងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕