ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អូបាម៉ា​និង​ក្រុម​មេដឹកនាំ​ ASEAN ផ្តោត​ការ​ពិភាក្សា​លើ​សន្តិភាព​ សន្តិសុខ​​ និង​ភាព​សំបូរ​រុង​រឿង​


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ និង​មេដឹកនាំប្រទេស​ជា​សមាជិក​សមាគម​ ASEAN នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​​
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ និង​មេដឹកនាំប្រទេស​ជា​សមាជិក​សមាគម​ ASEAN នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​​

សន្តិភាព​ក្នុង​រយៈពេល​យូរ​អង្វែង​ សន្តិសុខ​និង​ភាព​សំបូរ​រុងរឿង​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ គឺ​ជា​គោលដៅ​ដែល​លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​និង​ក្រុមមេដឹកនាំ​នៃ​ប្រទេស​ទាំង​១០​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​សមាគម​ ASEAN កំពុង​ស្វះ​ស្វែង​ឱ្យ​មាន​ពិត​ប្រាកដ​នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​កិច្ចចរចា​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​អូបាម៉ា​និង​ក្រុម​មេដឹកនាំ​ ASEAN បាន​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ការអភិវឌ្ឍ​ការបង្កើត​ថ្មីៗ​និង​ភាពសហគ្រិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សន្និសីទ​កំពូល​។​

កិច្ចចរចា​គ្នា​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​កន្លែង​សម្រាក​កាយ​ Sunnylands ជា​ប្រវត្តិសាសស្ត្រ​ ដែល​ជា​កន្លែង​ក្រៅ​ផ្លូវការ​មួយ​ដែល​សេតវិមាន​និយាយ​ថា​ផ្តល់​បរិយាកាស​មិន​តឹង​តែង​និង​ឱកាស​សម្រាប់​ឱ្យ​ក្រុម​មេដឹកនាំ​ទាំង​នេះ​និយាយ​ដោយ​«ត្រង់ៗ»ជាង​មុន។

នៅ​ពេល​បើក​សន្និសីទ​កំពូល​នេះ​ លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​សមាគម ASEAN មាន «សារៈសំខាន់ណាស់» ដល់​សន្តិភាព​និង​ភាព​សំបូរ​រុងរឿង​ក្នុង​អាស៊ី​អាគេ្នយ៍​និង​ជា​វេទិកា​សំខាន់​មួយ​ដែល​នៅ​ទីនោះ​ «បទ​បញ្ញត្តិ​និង​បទដ្ឋាន​អន្តរជាតិ​ ដែល​មាន​រួម​បញ្ចូល​ទាំង​សេរីភាព​នាវាចរណ៍​ផង​ដែរ​ ត្រូវ​បាន​ប្រព្រឹត្ត​តាម​ ហើយ​ដែល​នៅ​ទីនោះ​ជម្លោះ​ត្រូវ​បាន​ដោះស្រាយ​តាម​សន្តិវិធី​និង​តាម​ផ្លូវ​ច្បាប់»។​

លោក​អូបាម៉ា​កំពុង​ស្វះស្វែង​អភិវឌ្ឍ​មុខ​នាទី​មេដឹកនាំ​មួយ​ជា​មួយ​សមាគម​ ASEAN ដែល​សេតវិមាន​យល់​ឃើញ​ថា​ជា​គន្លឹះ​នៃ​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ជា​ថ្មី​របស់​ស.រ.អា.ទៅ​កាន់​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក។

​សេតវិមាន​បាន​និយាយ​ថា​ ការ​ងាក​ខាង​យុទ្ធសាស្ត្រ​ទៅ​កាន់​តំបន់​នោះ​មាន​សារៈសំខាន់​ដល់​សន្តិសុខ​និង​ភាព​សំបូរ​រុងរឿង​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​អាមេរិក​និង​ជា​ការទប់ទល់​ជា​ចាំ​បាច់​ដល់​ឥទ្ធិពល​របស់​ប្រទេស​ចិន។​

ប្រទេស​ជាតិ​ជា​សមាជិក​នៃ​សមាគម ASEAN មាន​រួម​បញ្ចូល​ប្រទេស​ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបូរី ថៃ​ ព្រុយណេ​ វៀតណាម​ ឡាវ​ ភូមា​ និង​កម្ពុជា។​តំបន់ដែល​មាន​ថាមភាព​និង​ភាព​ចម្រុះ​មាន​ការលូតលាស់​ខ្លាំង​និង​មាន​ភាពតានតឹង​ដែរ​នោះ​ អាច​ជា​សក្តានុពល​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​សន្តិសុខ​សាកល៕​

XS
SM
MD
LG