ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump ​ បញ្ចេញ​ផែនការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភេរវជន​ឥស្លាម


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីគណបក្សសារធារណរដ្ឋលោក Donald Trump ថ្លែងពីការឈ្នះ ការបោះឆ្នោតបឋមនៅរដ្ឋ Connecticut រដ្ឋ Delaware រដ្ឋ Marlyland រដ្ឋ Pennsylvania និងរដ្ឋ Rhode Island នៅអគារ Trump Tower ក្នុងបូរី New York ស.រ.អា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។
រូបឯកសារ៖ បេក្ខជនប្រធានាធិបតីគណបក្សសារធារណរដ្ឋលោក Donald Trump ថ្លែងពីការឈ្នះ ការបោះឆ្នោតបឋមនៅរដ្ឋ Connecticut រដ្ឋ Delaware រដ្ឋ Marlyland រដ្ឋ Pennsylvania និងរដ្ឋ Rhode Island នៅអគារ Trump Tower ក្នុងបូរី New York ស.រ.អា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។

លោក Donald Trump (ដូណាល់ ត្រាំ) ​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ មាន​គម្រោង​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថាតើ​លោក ​នឹង​ប្រយុទ្ធ​ប្រឆាំង​ភេរវជនឥស្លាម​យ៉ាង​ដូចម្តេច ​ទើបតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អះអាងថា ​លោក​ប្រធានា​ធិបតី ​បារ៉ាក់ ​អូបាម៉ា​និង​លោកស្រី Hillary Clinton (ហ៊ីលឡារី គ្លីនតុន) បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ ​បាន​បង្កើត​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។

លោក Trump ដែល​ជា​មហាសេដ្ឋីអចលនទ្រព្យ​ដែល​កំពុង​ស្វះស្វែងរក​កាន់​ដំណែង​ប្រធានា​ធិបតីលើក​ដំបូង ​បាន​និយាយ​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ​ថា ​លោក​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ជាមួយ​ពួក​ជីហាដ​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា​ជាង​លោក​ប្រធា​នាធិបតី​អូបាម៉ា។ ​ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ចេញ​ផែនការ​វាយ​ប្រហារ​ជាក់​លាក់​ទេ។​លោកTrump បាន​បញ្ឆេះឲ្យ​មាន​ការ​រិះគន់​ថ្មី​ៗ​លើ​បេក្ខភាព​ប្រធានា​ធិបតី​របស់​លោក​កាល​ពី​សប្តាហ៍​មុន​នៅពេល​ដែល​លោក ​និយាយមិនពិតថា ​លោកប្រ​ធា​នាធិបតីអូបាម៉ា​និង ​លោកស្រី​គ្លីនតុន​បាន​បង្កើត​ក្រុម​រដ្ឋ​ឥស្លាម។​ លោក Trump ​បន្ទាប់​មក​បាន​និយាយ​ម្តងហើយ​ម្តងទៀត​ពី​ការអះអាង​នោះ ​ដែល​ក្រោយមក​និយាយ​ថា​ លោក​ចង់​និយាយ​ថា ​កំណត់​សម្គាល់​នោះ ជា​ការ​និយាយ​ចំអក។

លោក Jeff Sessions ​សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ Alabamaដែល​ជាអ្នកគាំទ្រ​លោក Trump ​ដ៏​សំខាន់​ម្នាក់ ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ABC ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​«លោក Trump នឹង​និយាយ​អំពី​ថា​តើ​យើង​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ​យ៉ាង​ដូចម្តេច​ជាមួយ​សម្ព័ន្ធ​មិត្តនិង​មិត្ត​ភ័ក្រ្តរបស់​យើង​នៅ​ក្នុង​តំបន់​ដែល​មាន​អរិភាព ក៏ដូចជា​តស៊ូ​ប្រឆាំង​ភេរវកម្មផងដែរ។​ លោក​នឹង​និយាយ​អំពី​ថា​តើយើងវាយ​ប្រហារសត្រូវ​របស់​យើង​ ហើយ​នឹង​ធ្វើ​ការ​ជាមួយ​មិត្ត​របស់​យ៉ាង​ដូចម្តេច ដើម្បី​មិន​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​ដល់​ប្រទេស​នានា​ដូច​ដែលលោក​ប្រធានា​ធិបតី​អូបាម៉ា​និងលោកស្រី​គ្លីនតុន​បាន​ធ្វើនោះ»៕

XS
SM
MD
LG