កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពលរដ្ឋខ្មែរអាមេរិកាំងឱ្យចូលរួមបោះឆ្នោតឱ្យបានកាន់តែច្រើនជាងមុនកំពុងតែដំណើរការនៅក្នុងសហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វញ៉ា ខណៈពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកនឹងមកដល់ក្នុងរយៈពេលតិចជាងមួយឆ្នាំទៀត។
សកម្មជនសហគមន៍សង្ឃឹមថា មានសំទុះអ្នកចូលរួមកាន់តែច្រើនជាងមុននៅក្នុងការបោះឆ្នោតលើកនេះ ហើយបញ្ហាដែលពួកគេចង់ឱ្យមានការយកចិត្តទុកដាក់គឺការអប់រំ អត្រាភាពក្រីក្រដែលនៅមានកម្រិតខ្ពស់ និងបញ្ហាសុខាភិបាល ជាពិសេសសុខភាពផ្លូវចិត្ត។
កញ្ញា ស៊ូសាណា ស្ងៀម នាយិកាប្រតិបត្តិនៃអង្គការសហគមន៍ខ្មែរបានបញ្ជាក់ថា៖
«យើងគឺជាសំឡេងដ៏ខ្លាំងមួយដែរនៅក្នុងរដ្ឋកាលីហ្វញ៉ា និងនៅទូទាំងប្រទេស។ ជាពិសេសនៅក្នុងទីក្រុងឡុងប៊ិចនេះ សហគមន៍ខ្មែរជានិច្ចកាលដើរតួនាទីជាសំឡេងឆ្នោត ដែលបំពេញបន្ថែមនៅក្នុងការបោះឆ្នោតជាច្រើនលើក ហើយអ្វីដែលលោកមើលឃើញគឺថា ពលរដ្ឋភាគតិចដែលមកពីអាស៊ីអាគ្នេយ៍គឺជាក្រុមជនជាតិភាគតិចដែលកំពុងតែរីកធំឡើងយ៉ាងឆាប់រហ័ស។ ដោយសារតែអញ្ចឹងហើយគឺ យើងមានសក្តានុពលក្នុងការប្រើប្រាស់សំឡេងរបស់ពួកយើង ដើម្បីតស៊ូមតិទាមទារធនធានដែលចាំបាច់សម្រាប់សហគមន៍របស់យើង»។
នៅទីក្រុងឡុងប៊ិច មានពលរដ្ឋខ្មែរអាមេរិកាំងជាង៦ម៉ឺននាក់កំពុងរស់នៅដែលជាចំនួនច្រើនជាងគេបំផុត បើប្រៀបនឹងរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក។ ប៉ុន្តែតាមការស្រាវជ្រាវដោយអង្គការ Asian Americans Advancing Justice L.A. បានរកឃើញ ថា ពលរដ្ឋខ្មែរអាមេរិកាំងចំនួន២៥ភាគរយរស់នៅក្នុងស្ថានភាពក្រីក្រនៅក្នុងតំបន់នេះ ដោយសារតែពួកគេមួយចំនួនមិនមានការសិក្សាអប់រំខ្ពស់ជាកសិករ និងអ្នកនេសាទត្រី មុនពេលដែលបានមកដល់សហរដ្ឋអាមេរិក។ ចំនួននេះខ្ពស់ជាងអត្រាភាពក្រីក្រថ្នាក់ជាតិដែលមានតែ១៤,៥ភាគរយ។
លោកស្រី សារ៉ា ប៉ុលលឹម អតីតនាយិកាប្រតិបត្តិនៃសហគមន៍ខ្មែរ និងជាអ្នកតស៊ូមតិសម្រាប់សហគមន៍ជឿជាក់ថា នឹងមានពលរដ្ឋខ្មែរអាមេរិកាំងចូលរួមច្រើនដោយសារពួកគេយល់ច្បាស់ពីតួនាទីជាងមុន និងត្រូវការឱ្យដោះស្រាយបញ្ហារបស់ពួកគេ៖
«ចំពោះសមាជិកដែលចូលរួមក្នុងពិធីក្នុងសង្គម ដែលមានការដឹកនាំហើយនឹងមានការរៀនសូត្រច្រើនពីសង្គមដូចជា លោកពូ លោកអ៊ំ អ្នកមីងទាំងអស់ដែលបានចូលសញ្ជាតិ ជួយធ្វើកិច្ចការជាមួយនឹងសហគមន៍ គាត់មានគំនិតខុសប្លែកពីដើមដែលគាត់ធ្លាប់បានគិត ហើយគាត់មានការសង្ឃឹមច្រើនណាស់។ គាត់ចង់ចូលរួមហើយចង់ឱ្យមានសំឡេងថា គាត់ជាខ្មែរអាមេរិកាំងដែលបានចូលរួមក្នុងការជ្រើសរើសប្រធានាធិបតី។ នេះជាកិត្តិយសមួយរបស់គាត់»។
លោកស្រី សារ៉ា ប៉ុលលឹម បានបញ្ជាក់ថា កម្រិតសំឡេងដែលពលរដ្ឋខ្មែរអាមេរិកាំងមាននៅក្នុងថ្នាក់ទីក្រុង និងថ្នាក់រដ្ឋគឺមានខ្លះហើយ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅ ឡើយទេ។ ហើយការណ៍ដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍ដល់សហគមន៍ ខ្មែរគឺនៅ ថ្នាក់ជាតិរដ្ឋាភិបាល និងអ្នកតាក់តែងគោលនយោបាយគិតថា សហគមន៍ខ្មែរស្ថិតក្នុងចំណោមពលរដ្ឋអាស៊ីភាគតិចគំរូ ដែលមានការខិតខំប្រឹងប្រែងខ្លួនឯងបានហើយ មានជោគជ័យ ហើយមិនត្រូវការជំនួយច្រើនទេ។ ប៉ុន្តែ វាមិនឆ្លុះបញ្ចាំងពីការពិតទាំងស្រុងនៃសហគមន៍ទាំងមូលទេ។
«អតីតកាលយើងដែលមកពីស្រុកមានចម្បាំង ហើយស្រុកដែលធ្វើឱ្យយើងមានវិប្បដិសារី ហើយយើងត្រូវការពេលវេលា ដើម្បីអាចផ្សះផ្សាររបួសផ្លូវចិត្តបានហើយអាចចូលរួមក្នុងសហគមន៍គេបានពេញលេញ។ ដូចក្នុងចំណោមខ្មែរខ្លះដែលគាត់មានលក្ខណៈតស៊ូហើយខំធ្វើបានទាំងអស់ហ្នឹង ហើយដែលយល់ពីសេរីភាពហើយដែលចូលរួមគឺអាចសម្រេចបានខ្លះ ប៉ុន្តែនៅភាគតិចនៅឡើយទេ»។
តំបន់ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ហើយបង្កើតបានជាក្រុងខ្មែរ (Cambodia Town) ត្រូវបានតំណាងដោយសង្កាត់លេខ៤ និងសង្កាត់លេខ៦នៅក្នុងរដ្ឋបាលរបស់ទីក្រុងឡុងប៊ិច ដែលនេះជាផលអវិជ្ជមានមួយដែរ ដែលបំបែកសំឡេងអ្នកបោះឆ្នោតខ្មែរអាមេរិកាំងមិនឱ្យនៅមូលសម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនៅថ្នាក់មូលដ្ឋានក្នុងពេលកន្លងមក។ នេះបើតាមការលើកឡើងរបស់អ្នកសង្កេតការណ៍។
ប៉ុន្តែសំឡេងរបស់ពួកគេបានមូលគ្នាជាសំឡេងតែមួយកាលពីដើមឆ្នាំនេះ នៅពេលដែលពួកគេបានរួមគ្នាគាំទ្រលើសេចក្តីសម្រេចចិត្តSB ២៩១។ សេចក្តីសម្រេចនេះយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់ពលរដ្ឋក្នុងរដ្ឋកាលីហ្វញ៉ា។ នោះគឺជាសញ្ញាថា ពលរដ្ឋខ្មែរអាមេរិកាំងរួមគ្នាធ្វើឱ្យសំឡេងរបស់គេបានឮដល់អ្នកតាក់តែងគោលនយោបាយ។
សកម្មជនសហគមន៍មើលឃើញថា ពួកគេនឹងអាចធ្វើបានម្តងទៀតក្នុងការបោះឆ្នោតខាងមុខនេះ។
យ៉ាងណាក៏ដោយ អ្នកបោះឆ្នោតនៅតែត្រូវការឱ្យមានការជួយសម្រួល និងផ្សព្វផ្សាយព័ត៌មានពីការបោះឆ្នោតដល់ពួកគាត់ ព្រមទាំងមានអ្នកបកប្រែឯកសារឱ្យគាត់បានយល់ដឹងពីទីកន្លែងផងដែរ។
អង្គការសហគមន៍ខ្មែរធ្វើការជាមួយអង្គការ និងសមាគមផ្សេងទៀតដើម្បីពន្យល់ និងលើកទឹកចិត្តសហគមន៍ខ្មែរឱ្យចុះឈ្មោះបោះឆ្នោត ជាពិសេសឱ្យបោះឆ្នោតប្រភេទអវត្តមាន (absentee ballots) ដែលអនុញ្ញាតឱ្យពួកគេគូសលើសន្លឹកឆ្នោត រួចហើយផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ដោយមិនចាំបាច់ដើរទៅបោះឆ្នោតទេ នៅថ្ងៃបោះឆ្នោតមកដល់។
លោក គីមឆា ហួត អគ្គកុងស៊ុលកិត្តិយសនៃប្រទេសកម្ពុជាប្រចាំក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ាបានបញ្ជាក់ថា សព្វថ្ងៃនេះមានពលរដ្ឋខ្មែរអាមេរិកាំងប្រហែលជា៨០ភាគរយហើយ ដែលបានទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែនេះជាកិច្ចការដែលលោកនិងផ្នែកដទៃទៀតនឹងត្រូវធ្វើការជាមួយគ្នាដើម្បីខំជំរុញថែមទៀត៖
«សម្រាប់ប្រជាជនគឺយើងបានដាស់តឿនឱ្យទៅចុះឈ្មោះបោះឆ្នោតដើម្បីឱ្យមានសំឡេងសម្រាប់តំណាងប្រទេសយើង។ នេះគឺជាកត្តាមួយដើម្បីឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យគេចាប់អារម្មណ៍ និងជួយដល់ប្រជាជនខ្មែរយើងដល់ទីក្រុងឡុងប៊ិច»។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនឹងរៀបចំឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ បច្ចុប្បន្នមានតែបេក្ខជនមកពីពីរគណបក្សទេ ដែលកំពុងតែប្រកួតយកតំណែងប្រធានាធិបតី បើទោះបីជាមានបេក្ខជនខ្លះបានប្រកាសថា នឹងឈរជាបេក្ខជនឯករាជ្យក៏ដោយ។
លោកស្រី ហ៊ីលឡារី ក្លីនតុន អតីតរដ្ឋមន្ត្រីការបរទេសគឺជាអ្នកនាំមុខគេមកពីខាងគណបក្សប្រជាធិបតេយ្យ រីឯលោក ដូណល់ ត្រាំ គឺជាអ្នកនាំមុខគេនៃគណបក្សសាធារណរដ្ឋ។ នេះបើយោងតាមការស្ទង់មតិចុងក្រោយរបស់ទូរទស្សន៍ អេប៊ីស៊ី និងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍៕