លោក Donald Trump ដែលជាអ្នកនាំមុខគេនៃបេក្ខជនឈរឈ្មោះប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ខាងគណបក្សសាធារណរដ្ឋបានមានប្រសាសន៍ថា លោកកំពុងតែធ្វើពហិការមិនចូលរួមវេទិកាពិភាក្សាដេញដោលជាលើកចុងក្រោយបង្អស់ មុនការបោះឆ្នោតនៅរដ្ឋ Iowa នៅសប្តាហ៍ក្រោយនេះ។
លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យដែលទទួលបានសំឡេងគាំទ្រនាំមុខគេនៅក្នុងការស្ទង់មតិសាធារណៈនៃអ្នកបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ បាននិយាយថា លោកនឹងមិនចូលរួមក្នុងវេទិកាពិភាក្សាដេញដោលនៅថ្ងៃព្រហស្បតិ៍នេះ ដែលមានរយៈពេល៤ថ្ងៃមុនការបោះឆ្នោតនៅរដ្ឋ Iowa ទេ ដោយសារលោកមានអារម្មណ៍ថា លោកនឹងមិនត្រូវបានអ្នកសម្របសម្រួលម្នាក់នៃវេទិកាពិភាក្សាដេញដោលនោះ គឺលោកស្រី Megyn Kelly នៃទូរទស្សន៍ Fox Newsសួរសំណួរដោយយុត្តិធម៌នោះទេ។
លោក Trump ដែលជាមនុស្សល្បីល្បាញនិងជាអ្នកនយោបាយថ្មីនោះ បានឈ្លោះជាមួយនឹងលោកស្រី Kelly តាំងពីខែសីហាមកម្ល៉េះ នៅក្នុងវេទិកាពិភាក្សាដេញដោលមួយ ដែលលោកស្រីបានសួរទៅលោក Trump ឲ្យពន្យល់ពីមូលហេតុដែលលោកបាននិយាយមើលងាយស្រ្តីអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្មានថ្ងៃបន្ទាប់មក លោក Trump បាននិយាយថា លោកស្រី Kelly បានមានរដូវក្នុងអំឡុងពេលដែលសម្របសម្រួលវេទិកាពិភាក្សាដេញដោលនោះ ដែលបានធ្វើឲ្យបេក្ខជននៃគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យជាច្រើនរូប ទាំងស្រីទាំងប្រុសមានការខឹងសម្បារនឹងលោក។
មុនពេលបើកកិច្ចពិភាក្សាដេញដោលនៅថ្ងៃព្រហស្បតិ៍នេះ និងមុនពេលនៃការបោះឆ្នោតថ្នាក់ជាតិដំបូងបង្អស់នៅរដ្ឋ Iowa លោក Trump បានស្នើឲ្យទូរទស្សន៍ Fox ដកលោកស្រី Kelly ពីវេទិកាពិភាក្សាដេញដោលនោះ ប៉ុន្តែទូរទស្សន៍នេះបានឆ្លើយតបមកវិញថា ខ្លួននឹងមិនគោរពតាមការទាមទាររបស់លោក Trump ឡើយ ហើយថា លោក Trump នឹងត្រូវបានគេសួរសំណួរដោយយុត្តិធម៌៕