ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​ឃុំ​ខ្លួន​ ជន​សង្ស័យ​​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​ញូវយ៉ក


លោក Andrew Cuomo អភិបាល​រដ្ឋ​ញូវយ៉ក​ថ្លែង​ទៅ​កាន់​សារព័ត៌មាន បន្ទាប់​រក​ឃើញ​គ្រាប់​បែក​បំពង់​ទីប​មួយ​ជាប់​នឹង​ខ្លួន​បុរស​ម្នាក់ នៅ​ក្នុង​រថភ្លើង​ក្រោម​ដី​ក្នុង​ក្រុង​ញូវយ៉ក នៅ​ក្បែរ​ទីលាន Times Square កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

ប៉ូលិស​បាន​ឃុំ​ខ្លួនបុរស​ម្នាក់​ ​ដែល​បាន​បំផ្ទុះគ្រាប់​បែក​នៅ​ជិត​កន្លែង​រង់ចាំ​រថយន្ត​ក្រុង Port Authority Bus Terminal ក្នុង​ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ។ បុរស​រូប​នេះ បាន​បំផ្ទុះ​គ្រាប់បែក​ ដែល​មាន​សណ្ឋាន​ជា​បំពង់​ទីប​ ជាប់​នឹង​ទ្រូង​ ដោយ​បង្ក​ឲ្យ​រង​របួស​ខ្លួន​ឯង និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត។ អភិបាល​ក្រុង​ញូវយ៉ក​លោក Bill de Blasio បាន​ហៅ​ឧបទ្ទវហេតុ​នោះ​ថា​ជា «ការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម»។

ស្នងការ​ប៉ូលិស​ក្រុង​ញូវយ៉ក​លោក James O'Neill បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​នោះ​តាម​ឈ្មោះ Akayed Ullah អាយុ ២៧ឆ្នាំ ដែល​ឥឡូវ​នេះ​កំពុង​ទទួល​បាន​ការ​ព្យាបាលអាការៈ​រលាក និង​របួស​នៅ​មន្ទីរពេទ្យ​មួយ និង​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​របស់​ប៉ូលិស។

លោក​ O'Neill បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា យុវជន​ឈ្មោះ Ullah ​មាន​ «បំណង» បំផ្ទុះ​គ្រាប់បែក​បំពង់​ទីប​នោះ។

របាយការណ៍​ព័ត៌មាន​នានា​និយាយ​ថា Ullah បាន​មក​សហរដ្ឋអាមេរិក​ពី​ប្រទេស​បង់ក្លាដែស​ ប្រមាណ​ពី​ប្រាំ​ពីរ​ឆ្នាំ​មុន និង​ជា​ពលរដ្ឋ​អាមេរិក​អចិន្ត្រៃយ៍​ពេញ​សិទ្ធិ។

​មន្ទីរ​សង្គ្រោះ​អគ្គិភ័យ​ក្រុង​ញូវយ៉ក​បាន​បញ្ជាក់​ថា ជន​រង​របួស​បី​នាក់​ពី​ឧបទ្ទវហេតុ​បំផ្ទុះ​គ្រាប់​បែកនេះ មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ៕

XS
SM
MD
LG