លោក Bill de Blasio អភិបាលបុរីញូវយ៉កបានហាមប្រាមមិនឱ្យមានការធ្វើដំណើរដែលមិនមែនជាការចាំបាច់នៅគ្រាមានអាសន្ននៅក្នុងបុរីញូវយ៉កទេនៅក្រោយម៉ោង២កន្លះរសៀលតាមពេលវេលាក្នុងមូលដ្ឋាននៅពេលដែលព្យុះធំមួយក្នុងរដូវត្រជាក់បានធ្វើឱ្យមានទឹកកកធ្លាក់ច្រើនថែមទៀតនៅលើឆ្នេរសមុទ្រខាងកើតនៃស.រ.អា.។ ការណ៍នេះបង្កើតឱ្យមានអ្វីដែលពួកអ្នកព្យាករណ៍ធាតុអាកាសនិយាយថាអាចជា «ស្ថានភាពព្យុះទឹកកកខ្លាំងដែលអាចនាំឱ្យអន្តរាយដល់ជីវិត»។
ថ្លែងប៉ុន្មានម៉ោងនៅមុនការហាមប្រាមមិនឱ្យធ្វើដំណើរចូលជាធរមាន លោក de Blasio បានសុំឱ្យហាងជំនួញបិទទ្វារឈប់លក់ដូរ។
លោកអភិបាលក្រុងញូវយ៉កបាននិយាយថា «ដល់ពេលវេលាហើយដែលហាងជំនួញត្រូវបិទទ្វារហើយបើកឱ្យពួកបុគ្គលិកទៅផ្ទះជាបន្ទាន់»។
លោកបាននិយាយបន្ថែមថា ពួកមនុស្សដែលនៅតែបើកបរនៅលើផ្លូវអាចប្រឈមមុខនឹងការចាប់ខ្លួន។
ខ្យល់ព្យុះ Jonas មានផលប៉ះពាល់ធ្ងន់ធ្ងរដល់តំបន់ Atlantic កណ្តាល និងតំបន់ឦសានស.រ.អា.កាលពីថ្ងៃសៅរ៍ដោយមានទឹកកកផុសៗធ្លាក់កម្រាស់៦០ស.ម.នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន។
មានមនុស្សរហូតដល់៨៥លាននាក់ឋិតនៅតាមផ្លូវបោកបក់នៃព្យុះទឹកកកនេះហើយមានមនុស្សរាប់សែននាក់គ្មានភ្លើងអគ្គិសនីទេ។ មនុស្សរាប់ពាន់នាក់ជាប់គាំងនៅក្រោយព្យុះទឹកកកនេះបានធ្វើឱ្យគាំងការធ្វើដំណើរតាមផ្លូវ តាមរទេះភ្លើង និងតាមយន្តហោះនៅតាមបណ្តោយឆ្នេរសមុទ្រខាងកើតនៃស.រ.អា៕