ពួកអ្នកប្រាជ្ញបាននិយាយថា រោងចក្រនុយក្លេអ៊ែរអណ្តែតទឹករបស់ប្រទេសចិនក្នុងសមុទ្រចិនខាងត្បូងនឹងជួយរដ្ឋាភិបាលក្រុងប៉េកាំងពង្រឹងការទាមទាររបស់ខ្លួនក្នុងជម្លោះច្រើនទសវត្សរ៍មកហើយ ក៏ប៉ុន្តែនឹងនាំឱ្យមានការប្រថុយប្រថានខាងបរិស្ថាន។
កាលពីពេលថ្មីៗនេះក្រសួងការពារប្រទេសស.រ.អា.បាននិយាយប្រាប់សភាស.រ.អា.នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយអំពីសកម្មភាពយោធាចិនថា ប្រទេសចិនគ្រោងនឹងប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់ផ្តល់អគ្គិសនីដល់កោះខ្លះក្នុងបណ្តាពួកកោះតូចៗដែលចិនបានទាមទារថាជារបស់ផងខ្លួន។
សេចក្តីរាយការណ៍នេះបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជាក់កាលពីឆ្នាំទៅមិញថា ខ្លួនគ្រោងនឹងស្ថាបនា«ស្ថានីយ៍ថាមពលនុយក្លេអ៊ែរបណ្តែតទឹក»ដែលនឹងចាប់ផ្តើមធ្វើប្រតិបត្តិការនៅមុនឆ្នាំ ២០២០។
ពួកអ្នកវិភាគនិយាយថា ការអភិវឌ្ឍន៍នេះនឹងបង្កើនការពង្រឹងការទាមទារទឹកដីរបស់ប្រទេសចិននៅក្រោយមានការចាក់ដីបង្កើតជាកោះប្រមាណមួយទសវត្សរ៍មកហើយនៅក្នុងផ្នែកខ្លះនៃផ្ទៃសមុទ្រមានទំហំ ៣លាន ៥សែនគ.ម.ក្រឡា និងមានការបញ្ជូនកងឯកភាពយោធាទៅកាន់កោះសិប្បនិមិត្តទាំងនេះផងដែរ។
ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម ដែលជាគូប្រជែងក្នុងការដណ្តើមទឹកដីជាមួយប្រទេសចិនគ្មានមធ្យបាយស្រដៀងគ្នាក្នុងការធ្វើឱ្យមានអគ្គិសនីប្រើប្រាស់ក្នុងកោះដែលខ្លួនបានកាន់កាប់ទេ៕