ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកវិភាគ​ថា​ប្រទេសចិន​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​សម្របសម្រួល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង


លោក Alan Peter Cayetano រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។
លោក Alan Peter Cayetano រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្តី​ពី​សមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ប្រភព​នានា​ក្នុង​ប្រទេស​ហ្វីលីពីន​អះអាង​ថា​ចិន​នឹង​ទទួល​យក​សំណើ​៤០ភាគរយ​ទល់​នឹង​៦០ភាគរយ​នៃ​ផល​បាន​មក​ពី​ការ​បូម​យក​ប្រេង​ ឬ​ឧស្ម័ន​នៅ​ដែន​សមុទ្រ​មាន​ជម្លោះ​ដែល​បាន​រក​ឃើញ​ដោយ​ប្រទេសចិន​និង​ហ្វីលីពីន។

អ្នកវិភាគ​បាន​លើក​ឡើង​ថា​សំណើ​បែងចែក​សិទ្ធិ​ទទួល​ផល​៦០ភាគរយ​ឲ្យ​ទៅ​ប្រទេស​ហ្វីលីពីន​ និង​៤០ភាគរយ​ឲ្យ​ទៅ​ប្រទេស​ចិន​នៃ​ទីតាំង​សម្រាប់​បូម​ប្រេង​ឬ​ឧស្ម័ន​ដែល​ត្រូវ​បាន​រក​ឃើញ​រួមគ្នា​នៅ​ដែនសមុទ្រ​មាន​ជម្លោះ​នោះ​ បាន​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ការពារ​ទំនាក់ទំនង​ការទូត​ដែល​មិន​ច្បាស់​តែ​មាន​តម្លៃ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល ​ក៏​ដូចជា​បង្ហាញ​ពី​ភាព​វិជ្ជមាន​របស់​ខ្លួន​ទៅ​ដល់​ប្រទេស​ជិត​ខាង​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ត្រូវ​បាន​គេ​ដកស្រង់​សម្តី​កាល​ពី​ថ្ងៃទី៣១ ខែកក្កដា​ថា​ រដ្ឋាភិបាល​ក្រុងប៉េកាំង​នឹង​ទទួល​យក​សំណើ​បែងចែក​ការ​គ្រប់គ្រង​ទៅ​លើ​តំបន់​បូម​យក​ប្រេងឥន្ធនៈ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រទេស​ទាំងពីរ​ប្រជែងគ្នា​ទាមទារ​កាន់កាប់​នោះ។​

អ្នកវិភាគ​បាន​និយាយ​ថា​ចំណែក​តិចជាង​ដែល​បាន​ចែក​ឲ្យ​ទៅ​ប្រទេសចិន​នឹង​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​បង្ហាញ​ពី​ភាពវិជ្ជមាន​របស់​ខ្លួន​ចំពោះ​ការ​សង្ស័យ​ដែល​មាន​នៅក្នុង​ក្រសែភ្នែក​របស់​សាធារណជន​ក្នុង​ប្រទេស​ហ្វីលីពីន។ លោកប្រធានាធិបតី​ Duterte បាន​ភ្ជាប់​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ប្រទេស​ចិន​ចាប់តាំង​ពី​លោក​បាន​ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ២០១៦មក​ដោយ​បាន​ដាក់​ជម្លោះ​អធិបតេយ្យភាព​ដែនសមុទ្រ​របស់​ប្រទេស​ទាំង​ពីរ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។ ចិន​បាន​ផ្តល់​ជា​ជំនួយ​និង​ការវិនិយោគ​ក្នុង​ប្រទេស​ហ្វីលីពីន​ជា​ការ​តបស្នង​ទៅ​វិញ។ ប៉ុន្តែ​ការ​ស្ទង់មតិ​នានា​បាន​បង្ហាញ​ថា​ជនជាតិ​ហ្វីលីពីន​នៅ​តែ​មិន​ទុកចិត្ត​ប្រទេស​ចិន។

ប្រទេស​ទាំងពីរ​ធ្លាប់​មាន​ជម្លោះ​យ៉ាង​ល្វីងជូរចត់​ជាមួយ​គ្នា​ជុំវិញ​ការ​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ពេល​នោះ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​បាន​សម្រេច​ឲ្យ​រដ្ឋាភិបាល​ទីក្រុងម៉ានីល​ឈ្នះ​ក្តី​កាល​ពី​ពីរឆ្នាំ​កន្លង​ទៅ។

អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន Diliman បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​ហ្វីលីពីន​អាច​ប្រឈម​នឹង​ការ​រិះគន់​ជាច្រើន​ចំពោះ​សំណើ​បែងចែក​នេះ​ ដោយសារ​តែ​អ្នកផ្សេង​ទៀត​អាច​នឹង​លើកឡើង​ថា​ ចុះ​ប្រសិន​បើ​ទីតាំង​ទាំងនោះ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន ដែល​នោះគឺ​ជា​កម្មសិទ្ធិ​របស់​ប្រទេសហ្វីលីពីន​ទៅ​ហើយ​មាន​ន័យ​ថា​តំបន់​ទាំង​នោះ​មិន​គួរត្រូវ​បែងចែក​ឲ្យ​ប្រទេសចិន​នោះ​ទេ»។

ជម្លោះ​ដែល​មិន​ទាន់​ដោះស្រាយ​ ការពង្រឹង​យោធា​របស់​ចិន

លោកប្រធានាធិបតី Duterte បាន​អំពាវនាវ​ឲ្យ​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​ចិន​ដោយ​លោក​បាន​លើក​ឡើង​ថា​ដោយសារ​តែ​ហ្វីលីពីន​មិន​អាច​ឈ្នះ​សង្គ្រាម​ជាមួយ​ប្រទេស​ចិន​បាន​ទេ។ ប្រទេសចិន​ដែល​មាន​កងម្លាំង​យោធា​ខ្លាំង​ជាងគេ​នៅ​តំបន់​អាស៊ី​ បាន​សង់​ទីតាំង​ផ្ទុក​សម្ភារៈ​យោធា​នៅលើ​កោះ​តូចៗ​ចំនួន៣​ក្នុង​ប្រជុំកោះ Spratly​ ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ភាគី​នីមួយៗ​បាន​អះអាង​ថា​ជា​ដែនអធិបតេយ្យភាព​របស់​ខ្លួន។ ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ កោះតៃវ៉ាន់​ និង​ប្រទេសវៀតណាម​ក៏​បាន​ទាមទារ​សិទ្ធិ​កាន់កាប់​នៅ​ប្រជុំ​កោះ Spratlys នេះ​ផង​ដែរ។

នាវា​របស់​ចិន​បាន​រារាំង​មិន​ឲ្យ​ទូកនេសាទ​របស់​ហ្វីលីពីន​ចូល​នេសាទ​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal ដែល​មាន​ទីតាំង​នៅ​ជិត​កោះ Luzon របស់​ហ្វីលីពីន​កាល​ពី​ឆ្នាំ២០១២​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ​ និង​បាន​ឈាន​ទៅ​ដោះស្រាយ​នៅ​តុលាការ​អាជ្ញា​កណ្តាល​កាល​ពី​ឆ្នាំ២០១៦។

អ្នកស្រី​សាស្ត្រាចារ្យ Atienza បាន​ថ្លែង​បន្ត​ថា​ ពលរដ្ឋ​ហ្វីលីពីន​មួយចំនួន​បាន​រិះគន់​រដ្ឋធម្មនុញ្ញ​ទាក់ទិន​នឹង​ការ​ឲ្យ​ប្រទេសចិន​ធ្វើ​ការ​រុករក​ប្រេង​នៅ​ក្រោម​សមុទ្រ​ដែល​ពលរដ្ឋ​ហ្វីលីពីន​យល់​ថា​ជា​កម្មសិទ្ធិ​របស់​ពួកគេ។ មនុស្ស​មួយ​ចំនួន​ទៀត​បាន​លើកឡើង​ពី​ក្រុមហ៊ុន​រុករក​ប្រេង​ឯកជន​នានា​ ឧទាហរណ៍​ដូចជា​ក្រុមហ៊ុន​របស់​ជប៉ុន​ដែល​យល់ព្រម​ធ្វើ​ការរុករក​ប្រេង​និង​ឧស្ម័ន​ក្រោម​បាត​សមុទ្រ​ដោយ​មិន​គិតពី​ជម្លោះ​អធិបតេយ្យ​ដែនសមុទ្រ​ដែល​កំពុង​កើតឡើង​នេះ។

សុឆន្ទៈ​របស់​ចិន​ចំពោះ​ហ្វីលីពីន

អ្នកជំនាញ​និយាយ​ថា​ប្រសិន​បើ​ចិន​ចុះ​ហត្ថលេខា​យល់ព្រម​ទទួល​យក​ចំណែក​៤០ភាគរយ​នេះ​ វា​នឹង​បង្ហាញ​ពី​សុឆន្ទៈ​របស់​ចិន​ចំពោះ​ហ្វីលីពីន​ បើ​មិន​ដូច្នោះ​ទេ​ហ្វីលីពីន​នឹង​ស្វែងរក​ជំនួយ​ពី​សហរដ្ឋអាមេរិក​ដែល​ជា​គូប្រកួត​ប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន។ លោក Carl Thayer សាស្ត្រាចារ្យ​ឯកទេស​ខាង​កិច្ចការ​អាស៊ី​អាគ្នេយ៍​នៃ​សាកល វិទ្យាល័យ New South Wales ក្នុង​ប្រទេសអូស្ត្រាលី​បាន​ថ្លែង​ថា «ការ​អភិវឌ្ឍ​រួមគ្នា​ក្នុង​ប្រទេស​ហ្វីលីពីន​គឺ​ជា​បញ្ហា​ចម្រូងចម្រាស​ដូច​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ។ ការ​ទទួល​យក​ចំណែក​ដែល​តិចជាង​នេះ​ នឹង​ធ្វើ​ឲ្យ​ចិន​ទទួល​បាន​ទស្សនៈ​វិជ្ជមាន​ពី​ប្រជាពលរដ្ឋ​ហ្វីលីពីន។ លោក​ប្រធានាធិបតី Duterte ប្រកាន់​ជំហរ​សម្របសម្រួល​មួយ ​ហើយ​ចិន​កំពុង​ទាញ​យក​ប្រយោជន៍​ពី​ទង្វើ​នេះ​ដោយ​សង្ឃឹម​ថា​នឹង​អាច​ដាក់​សម្ពាធ​ដល់​ប្រទេស​ផ្សេង​ទៀត»។

កិច្ចព្រមព្រៀង​រុករក​នៅតាម​ឆ្នេរសមុទ្រ​នៃ​កោះ Palawan របស់​ហ្វីលីពីន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ក៏​នឹង​ផ្តល់​ប្រាក់ចំណូល​៦០ភាគរយ​ដល់​រដ្ឋាភិបាល​ផងដែរ។​

សារ​ទៅកាន់​បណ្តា​ប្រទេស​អាស៊ី​ផ្សេង​ទៀត​

ក្រុម​អ្នកវិភាគ​ជឿ​ថា​ប្រទេសចិន​មិន​មែន​ចង់​បង្កើត​សន្តិភាព​តែ​ជាមួយ​ហ្វីលីពីន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ចង់​ធ្វើ​ដូចគ្នា​ជាមួយ​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ី​ដែល​ទាមទារ​អធិបតេយ្យ​ភាព​ដែន​សមុទ្រ​នេះ​ផង​ដែរ។ ពួក​អ្នកវិភាគ​បាន​លើកឡើង​ថា​តាមរយៈ​ការ​បង្ហាញ​ពី​សុឆន្ទៈ​នេះ ​ចិន​អាច​លុប​បំបាត់​ផល​ប៉ះពាល់​នានា​ពី​សាលក្រមតុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ ដែល​សម្រេច​មិន​ទទួល​ស្គាល់​ការ​ទាមទារ​របស់​ចិន​ទៅ​លើ​ដែនសមុទ្រ​នេះ​ ហើយ​ចិន​អាច​បញ្ឈប់​ប្រទេស​ផ្សេងៗ​មិន​ឲ្យ​សុំ​ជំនួយ​ពី​សហរដ្ឋអាមេរិក​នោះ​ទេ។

លោក Alan Chong សាស្ត្រាចារ្យ​រង​ផ្នែក​ការ​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Rajaratnam​ ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា ​កិច្ចព្រមព្រៀង​បូមប្រេង​ដែល​មាន​លក្ខណៈ​សម្រុះសម្រួល​គ្នា​នេះ​អាច​នឹង​ត្រូវ​ដឹងឮ​នៅ​ទូទាំង​តំបន់​អាស៊ី​ដែល​ប្រទេសចិន​កំពុង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្តួចផ្តើម​ឈ្មោះ​ផ្លូវ​និង​ខ្សែ​ក្រវ៉ាត់​មាន​ទឹកប្រាក់​ចំនួន​១លានលានដុល្លារ​និង​មាន​រយៈពេល​៥ឆ្នាំ។

លោកសាស្ត្រាចារ្យ​បាន​ថ្លែង​បន្ថែម​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជា​សមាជិក​ទាំង១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ នៅ​ស្របពេល​ដែល​ភាគី​ទាំងពីរ​កំពុង​ពិភាក្សា​អំពី​ក្រមប្រតិបត្តិ​ដើម្បី​ជៀងវាង​គ្រោះថ្នាក់​នានា​នៅក្នុង​ជម្លោះ​ដែន​សមុទ្រ​នេះ។
លោកសាស្ត្រាចារ្យ Alan Chong បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា​សញ្ញា​នេះ​បង្ហាញ​ថា​ចិន​ចង់​ធ្វើ​ជា​អ្នកផ្តល់​ជំនួយ​មួយ​ផ្សេង​ទៀត។ ហើយ​មួយ​វិញ​ទៀត​ខ្ញុំ​គិត​ថា​ចិន​ក៏​ចង់​ជួយ​លោក Rodrigo Duterte តិចតួច​ដែរ​ ពីព្រោះ​ថា​លោក Duterte កំពុង​ប្រឈម​ការ​រិះគន់​ជាច្រើន​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​របស់​លោក​ចំពោះ​ការ​ទោរទន់​ទៅ​រក​ចិន​ ដោយ​ការ​រិះគន់​ទាំង​នោះ​បាន​លើកឡើង​ថា​ លោក Duterte មាន​ភាពជិតស្នាល​ជាមួយ​ចិន ប៉ុន្តែ​លោក​នឹង​មិន​ទទួល​បាន​អ្វី​ច្រើន​ពី​ចិន​នោះ​ទេ»។​

ប្រទេស​ចិន​នឹង​បញ្ចប់​កិច្ចព្រមព្រៀង

លោក Gregory Poling នាយក​គម្រោង​ផ្តួចផ្តើម​តម្លាភាព​ខាង​នាវាចរណ៍​តំបន់​អាស៊ី​ដែល​ស្ថិត​នៅ​ក្រោម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាមេរិក​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ ​និង​អន្តរជាតិ​និយាយ​ថា ប្រទេសចិន​ប្រហែល​ជា​មិន​យល់ព្រម​តាម​កិច្ចព្រមព្រៀង​បែងចែក​៦០និង៤០​ភាគរយ​នេះ​ទេ​ ដែល​កិច្ចព្រមព្រៀង​នោះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ខួង​យក​ប្រេង​ចិន​ត្រូវ​មាន​អាជ្ញាប័ណ្ណពី​ប្រទេសហ្វីលីពីន​នៅក្រោម​ច្បាប់​របស់​ហ្វីលីពីន។

លោក Alexander Huang សាស្ត្រាចារ្យ​ផ្នែក​សិក្សាយុទ្ធសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ Tamkang នៅ​កោះ​តៃវ៉ាន់​បាន​ថ្លែង​ថា​ អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ពិតប្រាកដ​មួយ​អាច​ជួយ​លុប​បំបាត់​ជម្លោះ​នយោបាយ​បាន។

លោក​បាន​ព្រមាន​ថា​ប្រទេសចិន​ប្រហែល​ជា​មិន​ចង់​ធ្វើ​តាម​ការសន្យា​របស់​ខ្លួន​ទេ។ លោក​បាន​ថ្លែង​បន្ថែម​ថា៖ «ប្រទេសចិន​ជួនកាល​មិន​គោរព​តាម​ការប្តេជ្ញា​របស់​ខ្លួន​ទេ។ ចាប់ផ្តើម​ដំបូង​អាច​មាន​របាយការណ៍​ជា​ច្រើន​ ប៉ុន្តែ​ជួនកាល​តួលេខ​ថវិកា​មិន​ដូចគ្នា​ទៅ​នឹង​របាយការណ៍​នោះទេ»៕

ប្រែសម្រួល​ដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG