ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្មានការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ឡើយ​​បើសិន​ការលុប​បំបាត់​អាវុធ​នុយក្លេអ៊ែរមិនទាន់​បញ្ជាក់​បាន


រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េខាងត្បូង​អ្នកស្រី Kang Kyung-wha និ​រដ្ឋលេខាងធិការ​ក្រសួង​ការបរទេស​អាមេរិក​លោក​ Mike Pompeo បាន​មកដល់​សន្និសីទ​កាសែត​នៅ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ ២០១៨ រដ្ឋ​ធានី​វ៉ាស៊ីនតោន។

មន្ត្រី​ការទូត​កំពូល​មកពី​សហរដ្ឋអាមេរិក ​និងកូរ៉េ​ខាងត្បូង​បាននិយាយ​កាលពី​ថ្ងៃសុក្រ ថាការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​របស់​ប្រទេស​កូរ៉េខាងជើង​ទាមទារ​ឲ្យមាន ការបញ្ជាក់​ឲ្យបាន​ប្រាកដ​ប្រជា​ ហើយការ​ធ្វើដូច្នោះ​នឹងនាំ​ទៅដល់​ការលើក​ទណ្ឌកម្ម នានា​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​បានពេល​ណាកូរ៉េខាងជើង​ចាត់វិធានការ​ជាក់ស្តែង បន្ត​ឆ្ពោះ​ទៅកាន់​ការលុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ។

កិច្ចប្រជុំ​លើក​ដំបូង​របស់លោក​ Mike Pompeo រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូងKang Kyung-wha ​ក្នុងរដ្ឋធានី​វ៉ាស៊ីន តោន ​កើតឡើង​តែប៉ុន្មាន​សប្តាហ៍មុន​ពេល​ដែលមាន​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់ ប្រធានាធិបតី​កូរ៉េខាងត្បូង​ Moon Jae-in ​មកកាន់​សេតវិមាន​ ហើយ​ក៏មុនពេល​ដែល កិច្ចប្រជុំ​កំពូល​ដែល​គេរំពឹង​ទុកថា​នឹងកើតឡើង​យ៉ាងប្រាកដ​រវាង​លោក​ប្រធានាធិបតី Donald Trump ​និងលោក​ប្រធានាធិបតី​ Kim Jong Un ​ប្រទេស​កូរ៉េខាង​ជើង។

លោក ​ត្រាំបាន​ប្រកាសថា​លោកអាច​នឹងជួប​លោក ​គីម ជុងអ៊ុន​ ក្នុង​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ ​ទី១២​ខែមិថុនា​ គឺ២ថ្ងៃ​មុនពេល​ខួបកំណើត​លើកទី​៧២​របស់​លោក។

លោក​ Mike Pompeo​ រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋអាមេរិក​បានមាន​ប្រសាសន៍​ក្នុង​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​រួមគ្នា​ថា៖ «សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​កូរ៉េ​ប្តេជ្ញា​ធ្វើឲ្យ​បាន សម្រេច​នូវការ​លុបបំបាត់​អាវុធនុយ​ក្លេអ៊ែរ​ជា​អចិន្ត្រៃយ៍ ​ដែលអាច​បញ្ជាក់បាន ​និង មិនអាច​កើតឡើង​វិញជាថ្មី​លើ​ឧបទ្វីប​កូរ៉េ‍»។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង Kang Kyung-wha ​បានបញ្ជាក់​ថា៖​‍ «យើងមិន និយាយ​អំពីការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​ពេលនេះ​ទេ។ ​យើងបាន​បញ្ជាក់​ច្បាស់​ថាទណ្ឌ កម្ម​នានា​នៅតែបន្ត​ដដែល​រហូត​ទាល់​យើងបាន​ឃើញ​វិធានការ​ប្រកប​ដោយ​អត្ថន័យ​ច្បាស់​លាស់​ពីប្រទេស​កូរ៉េខាងជើង​ចំពោះ​ដំណើរ​ការ​លុបបំបាត់​អាវុធ​នុយ​ក្លេអ៊ែ‍រ»។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ បានបញ្ជាក់​បន្ថែមថា​ ការដោះលែង​ជនជាតិ អាមេរិកាំង​បីនាក់​ដែល​ជាប់ឃុំ​នោះ ​គឺជា​លក្ខខណ្ឌ​ដែលនាំទៅ​កាន់កិច្ច​ប្រជុំ​កំពូល​ប្រកប​ដោយ​ភាពជោគ​ជ័យ​រវាង​សហរដ្ឋអាមេរិក​និងកូរ៉េ​ខាងជើង៕


XS
SM
MD
LG