ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Roger Stone ប្រឈម​នឹង​ការកាត់ទោស​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត


លោក Roger Stone ​ទីប្រឹក្សា​របស់​លោក Donald Trump បាន​ចាកចេញ​ពី​តុលាការ​ បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​បទចោទ​៧ករណី កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០១៩។

ចៅក្រម​តុលាការ​សហព័ន្ធ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃអង្គារ​ បាន​សម្រេច​កំណត់​ថ្ងៃ​បើកសវនាការ​លើ​រឿង​ក្តី​របស់​លោក Roger Stone ដែល​ជា​មិត្តភក្តិ​ដ៏​យូរមក​ហើយ និង​ជា​ទីប្រឹក្សា​របស់​លោកប្រធានាធិបតី Donald Trump ដែល​ប្រឈម​នឹង​បទចោទ​៧ករណី រួម​ទាំង​ករណី​ដែល​លោក​បាន​និយាយ​កុហក​សភា​និង​បាន​រារាំង​ដល់​ការស៊ើបអង្កេត​របស់​សភា​ទៅក្នុង​ការចូល​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦។

លោកស្រី​ចៅក្រម Amy Berman Jackson បាន​ថ្លែង​ថា​ លោកស្រី​រំពឹង​ថា​ សវនាការ​លើ​ករណី​លោក Stone អាច​ត្រូវការ​ពេល​យ៉ាងហោច​ណាស់​២សប្តាហ៍។ លោក Stone បាន​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​លោកស្រី​ចៅក្រម Jackson​ ដើម្បី​ឆ្លើយ​នឹង​សំណួរ​អំពី​ថាតើ​លោក​បាន​បំពាន​លើ​បទបញ្ជា​របស់​លោកស្រី​ដែល​បាន​ហាមឃាត់​មិន​ឲ្យ​លោក​និយាយ​នៅតាម​ទីសាធារណៈ​អំពី​បទល្មើស​ព្រហ្មទណ្ឌ​របស់​លោក​ដែរ​ឬ​យ៉ាងណា។

មេធាវី​របស់​លោក​បាន​ប្រាប់​ទៅ​លោកស្រី​ចៅក្រម Jackson ​នៅក្នុង​បន្ទប់​សវនាការ​កាល​ពី​ដើមសប្តាហ៍​នេះ​ថា​ លោក Stone គ្មាន​បំណងបំពាន​លើ​បទបញ្ជា​របស់​លោកស្រី​ទេ។ កាល​ពី​ថ្ងៃព្រហស្បតិ៍​ លោកស្រី​ចៅក្រម Jackson​ បាន​ប្រាប់​លោក Stone ថា​ លោក​ត្រូវ​អនុវត្ត​តាមបទបញ្ជា​ដោយ​មិនត្រូវ​និយាយ​ជា​សាធារណៈ​អំពី​ករណី​ព្រហ្មទណ្ឌ​របស់​លោក​ជា​ដាច់ខាត។

លោក Stone ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ចុង​ខែមករា​ នៅក្នុង​ប្រតិបត្តិការ​វាយឆ្មក់​របស់​កងម្លាំង FBI នា​ពេល​ព្រឹក​ព្រលឹមស្រាងៗ​ នៅ​គេហដ្ឋាន​របស់​លោក​នៅ​រដ្ឋ Florida បន្ទាប់​ពី​ស្មាក្តី​ពិសេស​លោក Robert Mueller ចោទប្រកាន់​ថា​ លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​រវាង​យុទ្ធនាការ​បោះឆ្នោត​របស់លោក Trump ជាមួយ​នឹង​ប្រទេសរុស្ស៊ី៕

XS
SM
MD
LG